Yearendyearend1140x150

ក្រុមហ៊ុនThe Ascott Limited ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនOCIC ដើម្បីដំណើរការ SOMERSET DIAMOND BAY GARDEN PHNOM PENH

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន The Ascott Limited (Ascott) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CapitaLand នៃប្រទេសសិង្ហបុរី បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) លើកិច្ចគ្រប់គ្រងគម្រោងខុនដូ Diamond Bay Garden Phnom Penh នៅទីក្រុងកោះពេជ្រ។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយអ្នកនាង Serena Lim ប្រធានប្រតិបត្តិនៃក្រុមហ៊ុន The Ascott Limited និង Dr. Lim Lina ប្រធានក្រុមព្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC។

Somerset Diamond Bay Garden Phnom Penh នឹងជាផ្នែកមួយនៅក្នុង Diamond Bay Garden ដែលជាគម្រោងអភិវឌ្ឍន៍ខុនដូមានកម្ពស់ 37 ជាន់ និងផ្តល់នូវទេសភាពយ៉ាងស្រស់ស្អាតនៃទន្លេមេគង្គ។ គម្រោងខុនដូនេះ អភិវឌ្ឍដោយក្រុមហ៊ុន OCIC ទទួលបានពានរង្វាន់ជាខុនដូជាប់មាត់ទឹកល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិក (Best Waterfront Condominium Asia-Pacific) ពី Property Guru ក្នុងឆ្នាំ 2023 ។

Somerset Diamond Bay Garden Phnom Penh នឹងដំណើរការលើចំនួន 10 ជាន់ ដែលស្ថិតនៅជាន់ខ្ពស់ជាងគេនៃអគារ និងជាអចលនទ្រព្យបន្ថែមការពង្រីកយុទ្ធសាស្ត្រថ្មីទៀតរបស់ក្រុមហ៊ុន Ascott ដែលមានយីហោ Somerset ជាក្រុមហ៊ុនធំទីពីរនៅក្នុងផលប័ត្ររបស់ក្រុមហ៊ុនបដិសណ្ឋារកិច្ចជាសកល។

កិច្ចសហការរវាងក្រុមហ៊ុន Ascott និងក្រុមហ៊ុន OCIC នេះមានគោលបំណងលើកកម្ពស់គុណភាពសេវាកម្មលំនៅដ្ឋាន និងបរិបទរស់នៅទីក្រុងកោះពេជ្រ ដែលកំពុងតែក្លាយជាតំបន់ពាណិជ្ជកម្ម (CBD) និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅរាជធានីភ្នំពេញ។

លោក David Cumming នាយកគ្រប់គ្រងទូទៅប្រចាំតំបន់នៃក្រុមហ៊ុន Ascott នៅប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា មានប្រសាសន៍ថា “យើងពិតជាមានភាពរីករាយក្នុងការសហការណ៍ជាមួយក្រុមហ៊ុន OCIC រំពឹងថា Somerset Diamond Bay Garden Phnom Penh នឹងក្លាយជាគោលដៅសំខាន់សម្រាប់អ្នកធ្វើដំណើរដែលប្រកបមុខជំនួញ ឬកម្សាន្ត។ កិច្ចព្រមព្រៀងថ្មីនេះបន្ថែមវត្តមានរបស់ Ascott នៅកម្ពុជាមានរហូតដល់ទៅ 6 អចលនទ្រព្យដែលមានជាង 1,200 យូនីត។ Somerset Diamond Bay Garden Phnom Penh នឹងផ្តល់ជូនកន្លែងស្នាក់នៅជាច្រើនប្រភេទ ចាប់ពីប្រភេទយូនីតស្ទូឌីយ៉ូ រហូតដល់យូនីតមាន 3 បន្ទប់គេង ដែលបម្រើដល់តម្រូវការស្នាក់នៅរយៈពេលខ្លី និងរយៈពេលវែង ទៅតាមកំណើនតម្រូវការនៅភាគអាគ្នេយ៍នៃរាជធានីភ្នំពេញ។ យើងសង្ឃឹមថា កិច្ចសហប្រតិបត្តិការណ៍ដ៏រឹងមាំនេះ នឹងបង្កើតគំរូវិជ្ជមានមួយសម្រាប់កិច្ចខិតខំប្រឹងប្រែងនាពេលអនាគតរវាង Ascott និង OCIC" ។

កោះពេជ្រ ត្រូវបានជ្រើសរើសជាទីតាំងមានសន្ទុះកើនឡើងនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានដែលនាំឲ្យក្លាយជាទីតាំងមានយុទ្ធសាស្ត្រដ៏ល្អក្នុងការវិនិយោគ ការធ្វើអាជីវកម្ម និងការរស់នៅ។ ជាមួយនឹងទេសភាពមាត់ទន្លេដ៏អស្ចារ្យនៃទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ព្រមទាំងផ្តល់នូវអត្ថប្រយោជន៍ប្រើប្រាស់ជាច្រើននៃសួនកម្សាន្ត ហាងកាហ្វេ និងជម្រើសអាហារដ្ឋានផ្សេងៗ ក៏ដូចជាការកើនឡើងនៃបច្ចេកវិទ្យា និងធុរៈកិច្ចថ្មីនៃប្រព័ន្ធអេកូឡូស៊ី។ បច្ចុប្បន្ន នៅកោះពេជ្រមានប្រជាជនចំនួន 15,000 នាក់ដែលកំពុងធ្វើការ ឬរស់នៅទីក្រុងកោះពេជ្រ បានចាប់ផ្តើមដើរកម្សាន្តតាមសួនមាត់ទន្លេដែលទើបនឹងបញ្ចប់ការសាងសង់ថ្មីៗនេះសម្រាប់ការកម្សាន្ត ក៏ដូចជាការរត់ហាត់ប្រាណ និងរីករាយជាមួយខ្យល់អាកាសស្រស់ស្រាយពីមាត់ទន្លេនាពេលព្រឹក។

Diamond Bay Garden មានទីតាំងស្ថិតនៅកណ្តាលទីក្រុងកោះពេជ្រ នាំឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅទីតាំងសំខាន់ៗជាច្រើនដោយចំណាយរយៈពេលត្រឹមតែ 5-10 នាទីមានដូចជា៖ វិមានឯករាជ្យ ព្រះបរមរាជវាំង សារមន្ទីរជាតិ មាត់ទន្លេ ផ្សារទំនើបអ៊ីអន និងកោះនោរា។ ទាំងនេះគឺជាភាពងាយស្រួលដែលធ្វើឲ្យអ្នករស់នៅទទួលបានអត្ថប្រយោជន៍ពីភាពរស់នៅមានផាសុកភាពក្នុងសហគមន៍ ខណៈពេលដែលរីករាយនឹងទេសភាពនៃទន្លេមេគង្គ និងទន្លេសាប ក៏ដូចជាទេសភាពនៃទីក្រុងភ្នំពេញ។

កាអភិវឌ្ឍនៅក្នុងសហគមន៍នៃកោះពេជ្រ និងការកែលម្អជាបន្តបន្ទាប់នៃហេដ្ឋារចនាសម្ព័ន្ធបានរួមចំណែកដល់ការបន្ថែមអាជីវកម្មថ្មីៗ និងជម្រើសអាហារដ្ឋានជាច្រើនបន្ថែមទៀតក្នុងរយៈពេល 18 ខែចុងក្រោយនេះ។ កំណើនអភិវឌ្ឍន៍ទាំងនេះមានទីតាំងស្ថិតនៅជុំវិញ Somerset Diamond Bay Garden ដែលជាកន្លែងថ្មីមួយទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា នៅក្នុងពិធីចុះហត្ថលេខានេះក៏មានវត្តមាននៃភ្ញៀវសំខាន់ៗមួយចំនួនដែលបានចូលរួម និងធ្វើជាសាក្សីរួមមាន៖ លោក Andrew Tay មកពីសភាពាណិជ្ជកម្មសិង្ហបុរី លោក Anthony Galliano មកពី AmCham Cambodia និងលោកស្រី Ann Thida មកពី PropNex ។

ក្នុងពិធីចុះហត្ថលេខារវាង OCIC និង Ascott នេះ លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC Group មានប្រសាសន៍ថា “យើងពិតជារំភើបក្នុងការសហការណ៍ជាមួយដៃគូគ្រប់គ្រងអចលនទ្រព្យលំដាប់ពិភពលោកដូចជាក្រុមហ៊ុន Ascott ។ យើងចង់បង្កើនប្រសិទ្ធភាពតម្លៃនៃ Diamond Bay Garden សម្រាប់អតិថិជនដែលយើងមានស្រាប់ និងអតិថិជននាពេលអនាគតរបស់យើង។

ប្រទេសកម្ពុជាបានបង្ហាញពីលទ្ធភាពជោគជ័យរបស់ខ្លួននៅលើទីផ្សារវិនិយោគអចលនទ្រព្យ និងមានសេដ្ឋកិច្ចដ៏ខ្លាំងក្លា ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបជាមធ្យមនៃ 6% ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ក្នុងនាមជាអ្នកអភិវឌ្ឍន៍ ក្រុមហ៊ុន OCIC កំពុងចូលរួមលើកកម្ពស់នៃការបង្កើតថ្មីតាមរយៈភាពជាដៃគូសំខាន់ៗដូចជា Ascott ជាមួយនឹង Somerset ដើម្បីខិតទៅជិតស្តង់ដារសកល» លោកThierry បានបន្ថែម។

នៅពេលការសាង់សង់បញ្ចប់រួចនោះ គម្រោងខុនដូ Diamond Bay Garden ដែលទទួលបានហិរញ្ញប្បទានដោយធនាគារកាណាឌីយ៉ា នឹងមានកម្ពស់ 37 ជាន់ ជាមួយនឹងបរិក្ខារទំនើបៗជាច្រើនរួមមាន៖ អាងហែលទឹក កន្លែងហាត់ប្រាណ ហាងកាហ្វេ មជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្មបោកអ៊ុត កន្លែងក្មេងលេង និងព្រមទាំងភោជនីយដ្ឋានលើដំបូល ដែលនឹងលើកកម្ពស់គុណភាពអ្នករស់នៅក្នុងអគារ។ ដោយមានការរំពឹងទុកជាមធ្យម 8% GRR (ការធានាត្រឡប់មកវិញក្នុងការជួល) ក្នុងរយៈពេល 10 ឆ្នាំ Somerset Diamond Bay Garden កំពុងផ្តល់ជូននូវការវិនិយោគដ៏ទាក់ទាញសម្រាប់អតិថិជននៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

OCIC គឺជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យចម្រុះដែលឈានមុខគេនៅប្រទេសកម្ពុជា ។ ក្រុមហ៊ុនសម្ព័ន្ធ OCIC ផ្តោតទៅលើការអភិវឌ្ឍ៍វិស័យជាច្រើនដូចជា វិស័យអចលនទ្រព្យ វិស័យអប់រំ វិស័យសុខាភិបាល ការសាងសង់អាកាសយានដ្ឋាន សំណង់អគារពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងការកំសាន្តផ្សេងៗ។ ការអភិវឌ្ឍដែលជាគោល សំខាន់ៗរបស់ក្រុមហ៊ុន OCIC មានដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ ទីក្រុងកោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងអូឡាំព្យាជាដើម ។ OCIC Group គឺជាសមាជិកមួយនៃ Canadia Group។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង