Yearendyearend1140x150

ក្រសួងសុខាភិបាលជំរុញឱ្យមានការចុះឈ្មោះជាសមាជិក ប.ស.ស. ដើម្បីកាត់បន្ថយចំណាយដោយសារជំងឺ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាលទាំងអស់ជួយផ្សព្វផ្សាយបន្ត និងណែនាំទៅដល់សមាជិកគ្រួសារដែលស្ថិតក្រោមបន្ទុកទៅចុះឈ្មោះជាសមាជិក ប.ស.ស. នៅទីតាំងសាខា ប.ស.ស. ដែលនៅជិតបំផុតដើម្បីទទួលបានអត្ថប្រយោជន៍ពីសន្តិសុខសង្គម ជាពិសេសជួយដល់ប្រជាជន ក្នុងការបង្ការហានីភ័យហិរញ្ញវត្ថុ ពីការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូល ឬធ្លាក់ចូលក្នុងភាពក្រីក្រដែលបណ្ដាលមកពីជំងឺ លំហែមាតុភាព គ្រោះថ្នាក់ការងារ និកម្មភាព ទុព្វលភាព ជរាភាព (ឬចូលនិវត្តន៍)។

ប្រសាសន៍ខាងលើនេះត្រូវបានលើកឡើងក្នុងពិធីផ្សព្វផ្សាយ ស្ដីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រោមឱវាទក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។

បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ពិធីផ្សព្វផ្សាយ ស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈ គឺពិតជាមានសារៈសំខាន់ សម្រាប់ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល។

ប្រព័ន្ធសន្ដិសុខសង្គម ជាប្រព័ន្ធសម្រាប់គ្រប់គ្រងកម្មវិធីសន្ដិសុខសង្គម ដែលរៀបចំឡើងដើម្បីជួយដល់ប្រជាជន ក្នុងការបង្ការហានីភ័យហិរញ្ញវត្ថុ ពីការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូល ឬធ្លាក់ចូលក្នុងភាពក្រីក្រដែលបណ្ដាលមកពីជំងឺ លំហែមាតុភាព គ្រោះថ្នាក់ការងារ និកម្មភាព ទុព្វលភាព ជរាភាព (ឬចូលនិវត្តន៍) និងមរណភាពនៃអ្នកដែលរកចំណូលសម្រាប់គ្រួសារ នឹងជំរុញឱ្យប្រជាជនគ្រប់រូបចូលរួមសន្សំប្រាក់ ឬបង់ភាគទានជាកាតព្វកិច្ចទៅតាមអត្រាជាក់លាក់ នៅក្នុងមូលនិធិមួយដើម្បីការពារហានិភ័យទាំងអស់នេះ។

លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានលើកទឹកចិត្តឱ្យមានការអនុវត្តតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតដ្ឋានគតិយុត្តទាំងអស់ដែលពាក់ព័ន្ឋនឹងរបបសន្តិសុខសង្គមដែលមានជាធរមាន ដើម្បីសំដៅធានាការលើកកម្ពស់សុខុមាលភាព និងអត្ថប្រយោជន៍មន្រ្តីរាជការសាធារណៈ និងអ្នកក្នុងបន្ទុកឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង