Yearendyearend1140x150

តំណាងក្រុមហ៊ុនវៀតណាមចំនួន១៦ពិភាក្សាការងារជាមួយCDCដើម្បីទាក់ទាញការវិនិយោគនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ តំណាងក្រុមហ៊ុន ជាសមាជិករបស់សមាគមសហពន្ធ័ធុរកិច្ចវៀតណាម-កម្ពុជា(VCBA) ចំនួន ១៦ក្រុមហ៊ុន បានពិភាក្សាការងារជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ក្នុងគោលដៅផ្សព្វផ្សាយសក្តានុពលរបស់ប្រទេសកម្ពុជាទៅកាន់វិនិយោគិននៅវៀតណាម ដើម្បីទាក់ទាញឱ្យមកធ្វើការបណ្តាក់ទុនវិនិយោគលើវិស័យផ្សេងៗ ជាពិសេសវិស័យកសិកម្មនៅកម្ពុជា។ ក្រុមហ៊ុនទាំងនេះ ភាគច្រើនកំពុងមានប្រតិបត្តិការវិនិយោគនៅក្នុងប្រទេសកម្ពុជាផ្ទាល់។

កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងរវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ សមាជិកនៃសមាគមសហពន្ធ័ធុរកិច្ចវៀតណាម-កម្ពុជា(VCBA) ដឹកនាំដោយលោកឧកញ៉ា លេង រិទ្ធី ប្រធានសមាគមVCBA នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។

នាឱកាសនេះ លោក ស៊ុន ចាន់ថុល បានអរគុណវិនិយោគិនទាំងអស់ដែលបានសម្រេចដាក់ទុនវិនិយោគនៅកម្ពុជា ហើយកម្ពុជារំពឹងនឹងទទួលបានការពង្រីកវិនិយោគពីក្រុមហ៊ុននានាដែលមានស្រាប់នៅកម្ពុជាបន្ថែមទៀត។ លោកក៏បានលើកឡើងផងដែរអំពីកត្តាសុខសន្តិភាព ស្ថេរភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះកម្ពុជាមានច្បាប់វិនិយោគដែលមានភាពបើកចំហរ ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រ និងសម្រួលលើការដឹកជញ្ជូនរួមមាន ផ្លូវល្បឿនលឿន កំពង់ផែ និងបន្ថែមពីនេះរាជរដ្ឋាភិបាលកម្ពុជាមានផែនការប្រើប្រាស់ថាមពលស្អាតឱ្យបាន៧០%ត្រឹមឆ្នាំ២០៣០។

ក្នុងនោះ លោកឧកញ៉ា លេង រិទ្ធី តំណាងឱ្យសមាគមសហពន្ធ័ធុរកិច្ចវៀតណាម-កម្ពុជា(VCBA) បានបង្ហាញចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា ពិសេសការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មីនេះ និងបានចែករំលែកបទពិសោធន៍របស់ខ្លួនលើការវិនិយោគលើវិស័យកសិកម្ម រួមមានវិស័យស្រូវអង្ករ និងកៅស៊ូ។

ប្រធានសមាគមរូបនេះ នឹងព្យាយាមចូលរួមសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការផ្សព្វផ្សាយសក្តានុពលរបស់ប្រទេសកម្ពុជាទៅកាន់វិនិយោគិននៅវៀតណាមដើម្បីទាក់ទាញឱ្យមកធ្វើការបណ្តាក់ទុនវិនិយោគលើវិស័យផ្សេងៗជាពិសេសវិស័យកសិកម្មនៅកម្ពុជា។

គួរបញ្ជាក់ថា សមាគមសហពន្ធ័ធុរកិច្ចវៀតណាម-កម្ពុជា (Vietnam-Cambodia Business Association) សរសេរអក្សរកាត់ VCBA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ មានសមាជិកជាង ១០០ក្រុមហ៊ុន បង្កើតឡើងក្នុងគោលបំណងដើម្បីចូលរួមចំណែកគាំពារវិស័យធុរកិច្ចរវាងវៀតណាម-កម្ពុជា អភិវឌ្ឍន៍លើវិស័យធនធានមនុស្ស អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យពាណិជ្ជកម្មផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង