Yearendyearend1140x150

ក្រុមហ៊ុនFreshStart Energyចង់វិនិយោគនៅកម្ពុជាលើការគ្រប់គ្រងថាមពលអគ្គិសនី

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ទីក្រុងម៉ែលប៊ន៖ ក្រុមហ៊ុន FreshStart Energy ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន FreshStart បានបង្ហាញបំណងវិនិយោគនៅកម្ពុជាដោយនាំយកបច្ចេកវិទ្យាទំនើបនៃការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនី ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងមានប្រតិបត្តិការនៅប្រទេសអូស្រ្តាលី និងបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសសិង្ហបុរី និងប្រទេសថៃជាដើម។ គោលបំណងនេះត្រូវបានលើកឡើងនាឱកាសពិភាក្សាការងាររវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក Mario Vecchio នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន FreshStart Energy ក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។

នាឱកាសនេះ លោកនាយកប្រតិបត្តិ បានលើកឡើងអំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន FreshStart Energy ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន FreshStart ហើយកំពុងមានប្រតិបត្តិការនៅប្រទេសអូស្រ្តាលី និងបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសសិង្ហបុរី និងប្រទេសថៃជាដើម ដែលនៅក្នុងប្រទេស អូស្ត្រាលី ក្រុមហ៊ុនរបស់លោក បានប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនីនៅតាមសាលារៀន មន្ទីរពេទ្យ និង ស្ថានីយប្រេងឥន្ធនៈ ជាដើម។

លោកនាយកប្រតិបត្តិបានបន្ថែមថា ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ សម្រាប់ការប្រើប្រាស់ថាមពលអគ្គីសនី ប្រកបដោយប្រសិទ្ធភាព គុណភាព និងសន្សំសំចៃខ្ពស់។ លោកក៏បានបង្ហាញបំណងវិនិយោគនៅកម្ពុជាដោយនាំយកបច្ចេកវិទ្យាទំនើបនៃការគ្រប់គ្រងការប្រើប្រាស់ថាមពលអគ្គិសនី។

ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយកប្រតិបត្តិ និងអរគុណចំពោះក្រុមហ៊ុន FreshStart Energy ដែលបានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ចំពោះវិស័យថាមពល សម្ដេចបានគូសបញ្ជាក់ថា បណ្ដាប្រទេសជាច្រើនទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោកបានយកចិត្តទុកដាក់ខ្ពស់លើការធ្វើបរិវត្តកម្មវិស័យថាមពល ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងតែយកចិត្តទុកដាក់អភិវឌ្ឍលើវិស័យថាមពលនេះដែរ។

បន្ថែមពីនេះ សម្ដេចបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បី ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងរ៉ែ និងថាមពល ដើម្បីស្ថាប័នទាំងពីរអាចជួយសម្របសម្រួល និងគាំទ្រដល់ការរៀបចំនូវគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង