Yearendyearend1140x150

«កូនសិស្សកូរ៉េ» មកទស្សនកិច្ចជាលើកទី២ នៅកម្ពុជា ដើម្បីផ្លាស់ប្តូរវប្បធម៌ជាមួយសិស្សខ្មែរ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កូនសិស្សកូរ៉េ បានធ្វើការទស្សនកិច្ចកាលពីខែមករា ឆ្នាំ២០២៤ ទៅកាន់វិទ្យាល័យទូកមាស ដែលមានទីតាំងស្ថិតនៅខេត្តកំពត ដើម្បីផ្លាស់ប្តូរវប្បធម៌ជាមួយនឹងសិស្សនៅប្រទេសកម្ពុជាជាលើកទី២ក្រោមការដឹកនាំក្រុមការងារ Little Library។

បើតាមក្រុមការងារ Little Library បានឱ្យដឹងថា នេះជាលើកទី២ហើយដែលសិស្សកូរ៉េបានមកទស្សនាប្រទេសកម្ពុជាក្នុងគោលបំណងផ្លាស់ប្តូរវប្បធម៍នៃសិស្សខ្មែរ ដោយលើកទី១ បានមកកាលពីខែកុម្ភៈ ឆ្នាំ២០២៣ នៅវិទ្យាល័យឬស្សីកែវ ដែលមានការចូលរួមពីសិស្សខ្មែរប្រមាណ ៥០ នាក់ និងសិស្សកូរ៉េចំនួន ៦ នាក់ ដោយបានធ្វើសកម្មភាពផ្សេងៗដូចជាការផ្តោះប្តូរវប្បធម៌តាមរយៈការលេងល្បែងប្រជាប្រិយខ្មែរ និងកូរ៉េ ការសន្ទនាដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក ដោយការកសាងទំនាក់ទំនងតាមរយៈការគូររូបគ្នាទៅវិញទៅមកលើប៉េងប៉ោង និងសរសេរក្តីស្រមៃរបស់ខ្លួននាពេលអនាគតលើក្រដាសដោយធ្វើការបកស្រាយទៅកាន់គ្នាទៅវិញទៅមក។

លើសពីនេះទៅទៀត កាលពីដំណើរទស្សនកិច្ចលើកទី១ សិស្សកូរ៉េក៏បានយកសៀវភៅទៅបរិច្ចាគចំនួន ៥៥០ ក្បាល ទៅកាន់វិទ្យាល័យហ៊ុនសែនស្វាយធំ នៅខេត្តសៀមរាប និងធ្វើដំណើរកម្សាន្តទៅកាន់ប្រាសាទអង្គរវត្តដើម្បីសិក្សាពីប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា។

ក្រុមការងារនៃ Little Library បានរៀបរាប់បន្តទៀតថា កាលពីខែមករា ឆ្នាំ២០២៤ នេះសិស្សកូរ៉េបានមកទស្សនកិច្ចប្រទេសកម្ពុជាសារជាថ្មីម្តងទៀតនៅវិទ្យាល័យទូកមាសដែលស្ថិតនៅខេត្តកំពត ក្នុងគោលបំណងផ្លាស់ប្តូរវប្បធម៌ជាមួយនឹងយុវជនខ្មែរ ដោយមានសកម្មភាពផ្សេងៗដូចជា ការរៀននិយាយភាសាកូរ៉េ និងភាសាខ្មែរក្នុងការសន្ទនាគ្នា ចែករំលែកក្តីស្រមៃ និងចំណេះដឹងទៅវិញទៅមក ការរចនាជញ្ជាំងដោយគូសដើម្បីជាការចងចាំនៃកម្មវិធីមួយនេះ។

បន្ថែមពីនេះ សិស្សកូរ៉េក៏បាន ធ្វើការសិក្សាពីប្រវត្តិកម្ពុជាដោយធ្វើដំណើរទៅកាន់ សារមន្ទីរជាតិ ព្រះបរមរាជវាំង វត្តភ្នំ និងទីតាំងប្រវត្តិសាស្រ្តផ្សេងៗទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា ដំណើរកម្សាន្តផ្លាស់ប្តូរវប្បធម៌នេះត្រូវបានដឹកនាំដោយក្រុមការងារ Little Library និងធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់យុវជនកម្ពុជា និងកូរ៉េដើម្បីផ្លាស់ប្តូរទំនាក់ទំង និងវប្បធម៌រវាងគ្នានិងគ្នា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង