Yearendyearend1140x150

អត្ថបទឯកអគ្គរដ្ឋទូតចិននៅកម្ពុជា៖បើកទំព័រថ្មីក្នុងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា 

ភ្នំពេញ៖កិច្ចប្រជុំថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ៣ នឹងរៀបចំឡើងក្រោមប្រធានបទ លើកកម្ពស់ទំនាក់ទំនងដៃគូ រួមគ្នាជំរុញវិបុលភាពនិងភាពរុងរឿងជាមួយគ្នា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៤ ខែសីហាខាងមុខនេះ។ក្នុងឱកាសបើកកិច្ចប្រជុំថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី៣នេះ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បាននិពន្ធអត្ថបទមួយក្រោមចំណងជើងថា "បើកទំព័រថ្មីក្នុងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ" ។ សូមអានអត្ថបទទាំងស្រងដូចតទៅ៖

កិច្ចប្រជុំថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ៣ ដែលរៀបចំឡើងក្រោមប្រធានបទ លើកកម្ពស់ទំនាក់ទំនងដៃគូ រួមគ្នាជំរុញវិបុលភាពនិងភាពរុងរឿងជាមួយគ្នា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៤ ខែសីហាខាងមុខនេះ។ ស្ថិតក្រោមស្ថានភាពនៃការរីករាលដាលជាសកលនៃជំងឺវីរុស COVID-19 សាកលភាវូបនីយកម្មបានចុះខ្សោយ និង ការគាំពារនិយមត្រូវបានរឹតបន្តឹងជាបន្តបន្ទាប់ កិច្ចប្រជុំនេះនឹងជួយបង្កើនទំនុកចិត្តគ្នាទៅវិញទៅមកថែមមួយកម្រិតទៀត ដល់បណ្តាប្រទេសស្ថិតក្នុងឡានឆាង- មេគង្គ ជួយពង្រឹងភាពជាដៃគូ ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងបណ្ដាវិស័យផ្សេងទៀតប្រកបដោយភាពស៊ីជម្រៅ រួមគ្នាតបទល់ជាមួយនឹងជំងឺវីរុសមួយនេះ ជំរុញដំណើរការសាជាថ្មីនៃសេដ្ឋកិច្ចសង្គមក្រោយពីបញ្ចប់ជំងឺវីរុសមួយនេះ។

កិច្ចប្រជុំថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ លើកដំបូង ត្រូវបានរៀបចំឡើងក្នុងទីក្រុងSanya ខេត្តHainan ប្រទេសចិនកាលពីខែមីនា ឆ្នាំ ២០១៦ ក្នុងកិច្ចប្រជុំបានប្រកាសពីកំណើតនៃយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានកំណត់ផ្អែកលើសន្តិសុខនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយចីរភាព និង សង្គមមនុស្សសាស្រ្ត បានផ្តោតសំខាន់លើគម្រោងកិច្ចសហប្រតិបត្តិការសម្រាប់វិស័យសហការជាចម្បងដោយការទំនាក់ទំនងគ្នាទៅវិញទៅមក សមត្ថភាពផលិតកម្ម សេដ្ឋកិច្ចឆ្លងដែន ធនធានទឹក វិស័យកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។ ក្នុងរយៈពេល ៤ ឆ្នាំនៃដំណើរកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ការកែលម្អយន្តការកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពង្រីកវិស័យកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព កម្លាំងរស់រវើកខាងក្នុងត្រូវបានជំរុញជាបន្តបន្ទាប់ឥតឈប់ឈរ ការយល់ដឹងអំពីឡានឆាង-មេគង្គក៏កាន់តែទូលំទូលាយបានបានចាក់ឫសយ៉ាងជ្រៅក្នុងក្រអៅបេះដូងប្រជាជនគ្រប់រូប ហើយបានផ្លាស់ប្ដូរពីដំណាក់កាលពង្រីកខ្លួនល្បឿនលឿន ដល់ ដំណាក់កាលនៃការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ក្លាយជាយន្តការដ៏សំខាន់សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមតាមតំបន់ លើកកម្ពស់កម្រិតជីវភាពប្រជាជន កាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍ គាំទ្រការកសាងសហគមន៍អាស៊ាន លើកកម្ពស់កិច្ចសហប្រតិបត្តិការត្បូង-ត្បូង (South–South cooperation) និង ជំរុញការអនុវត្តគោលដៅអភិវឌ្ឍឆ្នាំ ២០៣០ ប្រកបដោយចីរភាព ដែលកំណត់ដោយអង្គការសហប្រជាជាតិ បញ្ចូលជាកម្លាំងជំរុញថ្មីសម្រាប់ការជំរុញដំណើរសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលមានលក្ខណៈបើកចំហ យោគយល់គ្នា ផ្តល់អត្ថប្រយោជន៍ មានតុល្យភាព និងជម្នះរួមគ្នា។

នាខែមករា ឆ្នាំ ២០១៨ កិច្ចប្រជុំថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ២ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញដែលចេញដោយអង្គប្រជុំ បានចង្អុលបង្ហាញពីដំណើរការអភិវឌ្ឍន៍នៃយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ ស្ថិតក្រោមការគាំទ្រពេញទំហឹង និង ការចូលរួមយ៉ាងសកម្មពីបណ្តាប្រទេស មជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គ មជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថាន មជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌលស្រាវជ្រាវមេគង្គសកល មជ្ឈមណ្ឌលសហប្រតិបត្តិការកសិកម្ម និង មជ្ឈមណ្ឌលសហប្រតិបត្តិការទំនាក់ទំនងយុវជន ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ និង កំពុងតែដំណើរការយ៉ាងល្អវិសេស។ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ៥ ដែលបានរៀបចំឡើងក្នុងប្រទេសឡាវនាខែកុម្ភៈឆ្នាំនេះ បណ្ដាភាគីទាំងអស់បានរៀបចំត្រួតពិនិត្យលទ្ធផលស្ថានភាពនៃការអនុវត្តបន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកមុន និង វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បានរៀបចំផែនការទិសដៅកិច្ចសហប្រតិបត្តិការ និង ចំណុចសំខាន់ៗសម្រាប់ដំណាក់កាលបន្ទាប់ បានសង្កត់ធ្ងន់លើការជំរុញអភិវឌ្ឍសេដ្ឋកិច្ចឡានឆាង-មេគង្គលើកិច្ចសហប្រតិបត្តិការវិស័យទាំង៧ធំៗរួមមានដូចជា ការកសាង សុខាភិបាសាធារណៈ ធនធានទឹក កសិកម្ម ការចិញ្ចឹមជីវិតរបស់ប្រជាជន សន្តិសុខមិនមែនប្រពៃណី និង ការអភិវឌ្ឍន៍កិច្ចសម្របសម្រួលយន្តការតំបន់បន្ទាប់។ នាពេលអនាគត យើងនឹងបន្តពង្រីកវិស័យកិច្ចសហប្រតិបត្តិការថ្មីៗជាច្រើនទៀត កែលម្អទម្រង់កិច្ចសហប្រតិបត្តិការ កាន់តែល្អប្រសើរ ដោយផ្តោតសំខាន់ លើសេចក្តីតម្រូវការអភិវឌ្ឍន៍ របស់ប្រទេសឡានឆាង-មេគង្គ រួមកម្លាំងគ្នា បង្កើតគម្រោងដែលផ្តល់អត្ថប្រយោជន៍ជូនដល់ប្រជាជនកាន់តែច្រើន រួមគ្នាកសាងក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ហូរកាត់ដោយទន្លេឡានឆាង-មេគង្គ។

ប្រទេសចិននិងកម្ពុជា តែងស្ថិតនៅជួរមុខនៃកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ ប្រទេសកម្ពុជា ជាប្រទេសសហប្រធាននៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គក្នុងអំឡុងពេលឆ្នាំ ២០១៦-២០១៧ បានសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ក៏ទទួលបានសមិទ្ធផលផ្លែផ្កាជាច្រើនគួរឲ្យកត់សម្គាល់ និង បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ២ ក្នុងឆ្នាំ ២០១៨ បានយ៉ាងជោគជ័យ។ ភាគីកម្ពុជាទទួលបានគម្រោងមូលនិធិពិសេសកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គចំនួន ៣ ឆ្នាំជាប់ៗគ្នា ដែលមានចំនួន ៥៥ គម្រោងដែលរាប់បញ្ចូលទាំងឆ្នាំនេះ មានទឹកប្រាក់សរុបលើសពី ២០ លានដុល្លារសហរដ្ឋអាមេ- រិក។ នេះបានឆ្លុះបញ្ចាំងឲ្យឃើញពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ក៏បង្ហាញពីសមិទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរចិននិងកម្ពុជាស្ថិតក្រោមក្របខ័ណ្ឌឡានឆាង-មេគង្គផងដែរ។ ជឿជាក់ថា ការអនុវត្តគម្រោងទាំងនេះយ៉ាងរលូន នឹងជួយលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជួយពន្លឿនការអភិវឌ្ឍន៍លើគ្រប់វិស័យនៃសេដ្ឋកិច្ច និង សង្គមក្នុងប្រទេសកម្ពុជា។ ភាគីចិនរីករាយបន្តជំរុញការប្រាស្រ័យទាក់ទងគ្នាជាមួយភាគីកម្ពុជា រួមដំណើរជាមួយបណ្តាប្រទេសដទៃទៀតដែលស្ថិតក្នុងតំបន់ហូរកាត់នៃទន្លេមេគង្គ ដើម្បីពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យផ្សេងៗកាន់តែស៊ីជម្រៅ បង្កើនសមិទ្ធផលអត្ថប្រយោជន៍ និង សុភមង្គល ជូនដល់ប្រជាជននៃតំបន់ទន្លេ ផ្តល់ផលប្រយោជន៍ជាក់ស្តែងកាន់តែច្រើនដល់ប្រជាជនគ្រប់រូប។

សុភាសិតចិនមួយតែងពោលថា យើងជាអ្នកជិតខាងល្អដែលភ្ជាប់គ្នាដោយទឹកទន្លេតែមួយ រួមគ្នាពុះពាររាល់ឧបសគ្គព្យុះភ្លៀងទាំងឡាយ។ ទន្លេឡានឆាង-មេគង្គ គឺជាអំណោយធម្មជាតិដ៏ល្អបំផុត សម្រាប់ការរស់រានរបស់យើងគ្រប់រូប ហើយវារឹតតែជាចំណងធម្មជាតិមួយសម្រាប់យើងក្នុងការជួយយកអាសាគ្នាទៅវិញទៅមក។ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានកកើតឡើង និង មានភាពរីកចម្រើនដោយសារទឹកទន្លេ បើប្រៀបធៀបជាមួយយន្តការកិច្ចសហប្រតិបត្តិការតំបន់បន្ទាប់ នៃទន្លេមេគង្គផ្សេងទៀត ទោះបីជាបានចាប់ផ្តើមមិនយូរប៉ុន្មានក៏ដោយ តែការអភិវឌ្ឍមានសំទុះលឿន ឥទ្ធិពលខ្លាំង និងមានកម្លាំងរស់រវើកនិងសក្តានុពលក្នុងការអភិវឌ្ឍន៍ខ្លាំង។ យើងទន្ទឹងរង់ចាំកិច្ចប្រជុំថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ៣ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ បានក្លាយជាគោលដៅនៃព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បង្កើតផែនការបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គនាពេលអនាគត ស្រោចស្រពដល់វិស័យកាន់តែច្រើន ដើម្បីទទួលបានសមិទ្ធផលផ្លែផ្កាកាន់តែអស្ចារ្យ។ ជឿជាក់ថាស្ថិតក្រោមការកិច្ចខិតខំប្រឹងប្រែងពីបណ្ដាភាគីទាំងអស់ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ នឹងក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការតំបន់បន្ទាប់សម្រាប់ដំណើរកសាង ខ្សែក្រវាត់និងផ្លូវ រួមគ្នា ជាការអនុវត្តយ៉ាងរស់រវើកសម្រាប់ទំនាក់ទំនងអន្តរជាតិថ្មី ក្លាយជាគំរូមុនគេសម្រាប់ការកសាងសហគមន៍ជោគវាសនារួម សម្រាប់មនុស្សជាតិគ្រប់រូប ជួយជំរុញសម្រេចបានអត្ថ-ប្រយោជន៍ជាក់ស្តែង និង ក្តីស្រមៃឡានឆាង-មេគង្គ របស់ប្រជាជនគ្រប់រូបដែលរស់នៅក្នុងតំបន់ហូរកាត់នៃទន្លេមួយនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង