Yearendyearend1140x150

នាយករដ្ឋមន្ត្រីចិនប្រកាសគាំទ្រពន្លឿនការវិនិយោគ«ផ្លូវដែក»ល្បឿនលឿននៅកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឆ្វេង៖សម្តេច ហ៊ុន ម៉ាណែត ស្តាំ៖ លោក Li Qiang នាយករដ្ឋមន្ត្រីចិន ក្នុងពិធីចុះMOU នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន រសៀលថ្ងៃអង្គារ ទី១៧ តុលា ២០២៣។

ចិន៖ នាយករដ្ឋមន្ត្រីចិនលោក Li Qiang នៅថ្ងៃទី ១៧ តុលានេះ បានប្រកាសគាំទ្រពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវដែក ដែលអាចបើកបររថភ្លើងល្បឿនលឿននៅក្នុងប្រទេសកម្ពុជាជាលើកដំបូង​។ជាគម្រោងដែលរាជរដ្ឋាភិបាលកម្ពុជារង់ចាំជាច្រើនឆ្នាំមកហើយ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ។ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលសម្តេច ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសចិន និង បានជួបពិភាក្សាការងារជាមួយលោក Li Qiang នាយករដ្ឋមន្ត្រីចិន។

លោក Li Qiang បានប្រាប់សម្តេច ហ៊ុន ម៉ាណែតថា ឆ្នាំនេះជាខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និង កម្ពុជា ហើយគឺជាឱកាសមួយ ដើម្បីពន្លឿនការផ្គូរផ្គងគំនិតផ្តួចផ្តើម "ផ្លូវមួយខ្សែក្រវាត់មួយ" និង "យុទ្ធសាស្ត្របញ្ចកោណ" ដើម្បីពង្រឹងរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការ "ឆកោនត្បូងពេជ្រចិន-កម្ពុជា” និង ជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

បើតាមលោក Li Qiang កិច្ចសហប្រតិបត្តិការដ៏ល្អនៃកម្ពុជា-ចិន បានទទួលផ្លែផ្កាជាច្រើន ដើម្បីលើកកម្ពស់ការសាងសង់ "ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម" និង "ច្រករបៀងត្រីនិងស្រូវ" ហើយចិនបានប្រកាសគាំទ្រពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវដែក ដែលអាចបើកបររថភ្លើងល្បឿនលឿននៅក្នុងប្រទេសកម្ពុជាជាលើកដំបូង​ និង ការដោះស្រាយបញ្ហាទឹកកខ្វក់ និង ខ្សែកាបអុបទិក និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។

សូមរម្លឹកជូនថា «ផ្លូវដែកល្បឿនលឿន» គឺជាក្តីសុបិនរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសអតីតនាយករដ្ឋមន្ត្រីកម្ពុជា គឺសម្តេច ហ៊ុន សែន ដែលសម្តេច បានស្នើឱ្យគ្រប់នាយកដ្ឋានសហការគ្នាពន្លឿនការសម្រេចឲ្យបាននូវ«ក្តីសុបិនផ្លូវដែកល្បឿនលឿន»​នេះឱ្យកាន់តែឆាប់តាមតែអាចធ្វើទៅបាន។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន បានជួបជាមួយ លោក ស៊ី ជីនពីង ក្នុងដំណើរទស្សនកិច្ចរបស់លោក នៅប្រទេសចិន ដោយប្រទេសចិនបានប្រកាសគាំទ្រ ការ សាងសង់ផ្លូវរថភ្លើងល្បឿនលឿននៅកម្ពុជា និងការគាំទ្រដល់ការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនរបស់ កម្ពុជា និងផ្លូវដែកចិន-ឡាវ-ថៃ។ដើម្បីជួយកម្ពុជាឱ្យសម្រេចបាននូវ "សុបិនផ្លូវដែកល្បឿនលឿន"លោក ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយចំនួន ៣០០ លានយ័ន (ប្រហែល ៤៥ លានដុល្លារអាម៉េរិក) ដើម្បីអនុវត្តផែនការ។

បន្ថែមលើពីនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៧ ខែតុលា បានជួបជាមួយក្រុមហ៊ុនយក្សរបស់ចិនមួយឈ្មោះ China Railway Construction Corporation ដោយក្រុមហ៊ុននេះបានប្រកាស គម្រោងផ្លូវដែកតភ្ជាប់ភ្នំពេញ-សៀមរាប និង ភ្នំពេញ-ប៉ោយប៉ែត ដែលគេដឹងថាជាផ្លូវដែក ដែលអាចបើកបររថភ្លើងល្បឿនលឿនបានដែលជាសេចក្តីប្រាថ្នារបស់កម្ពុជា។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសចិននិងឡាវ បានប្រកាសដាក់ឱ្យដំណើរការផ្លូវដែកល្បឿនលឿនជាផ្លូវការកាលពីពេលថ្មីៗនេះ ខណៈប្រទេសថៃកំពុងដំណើរការសាងសង់តភ្ជាប់ទីក្រុងបាងកក និងឡាវ។ដោយទំនាក់ទំនងល្អជាមួយចិន គេរំពឹងថា កម្ពុជាអាចនឹងជោគជ័យក្នុងការសាងសង់ផ្លូវដែកល្បឿនលឿន ដោយតភ្ជាប់រាជធានី ភ្នំពេញ និងក្រុងប៉ោយប៉ែត នាពេលអនាគតហើយវានឹងមានផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ពីចិន-ឡាវ-ថៃ និង មកដល់កម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង