Cct850x100 1

កម្ពុជានាំចេញអង្ករទៅទីផ្សារអ៊ឺរ៉ុបកើនឡើង ៣៧,៧០%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖រយៈពេល៧ខែក្នុងឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុប គឺមានចំនួន ១៤៤ ២៤៧តោន។ចំនួននេះកើនឡើងចំនួន៣៧,៧០% បើប្រៀបធៀបនេះឆ្នាំ២០១៩។នេះបើតាមការអះអាងរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ។

ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ បានឱ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់កាន់ទីផ្សារសហភាពអឺរ៉ុប មានការកើនឡើងគួរឱ្យកត់សម្គាល់។ជាក់ស្តែងរយៈពេល៧ខែក្នុងឆ្នាំ២០២០ ការនាំចេញអង្ករនេះគឺមានចំនួន ១៤៤ ២៤៧តោន ពោលគឺកើនឡើង៣៧,៧០% បើធៀបទៅនឹងការនាំចេញអង្ករទៅទីផ្សារអឺរ៉ុបកាលពីឆ្នាំ២០១៩ ការនាំចេញអង្ករគឺមានចំនួនត្រឹមតែ១០៤ ៧៥៦តោនប៉ុណ្ណោះ។

ការអះអាងរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទយ៉ាងដូច្នេះ ដើម្បីឆ្លើយតបនឹងវិទ្យុអាស៊ីសេរីដែលបានចុះផ្សាយថា អង្ករកម្ពុជាមិនពាក់ព័ន្ធនឹងបញ្ហា EBAឡើយ ក៏ប៉ុន្តែត្រូវបានសហភាពអឺរ៉ុប យកពន្ធ១០០% តាំងពីដើមឆ្នាំ២០១៩មក ហើយត្រូវបានបង់ពន្ធពេញ ចំណែកការនាំអង្ករចេញទៅទីផ្សារអឺរ៉ុបក្នុងពេលនោះបានថយចុះយ៉ាងគំហុកផងដែរ។

សូមជម្រាបជូនថា គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី ១៦ មករា ឆ្នាំ២០១៩ បានចេញសេចក្តីសម្រេចមួយ ដោយតម្រូវឲ្យអង្ករនាំចូលពីកម្ពុជា និងភូមា ត្រូវបង់ពន្ធរយៈពេល៣ឆ្នាំ ក្នុងអត្រា១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន នៅឆ្នាំ២០១៩ និងត្រូវបង់១៥០អឺរ៉ូ និង១២៥អឺរ៉ូ នៅឆ្នាំទី២ និងទី៣។ សេចក្តីសម្រេចនេះ ចាប់ផ្តើមអនុវត្តពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៩៕


Khcct banner

អត្ថបទទាក់ទង