Yearendyearend1140x150

សម្តេច ស ខេង បន្សល់ទុកនូវ«សមិទ្ធផល»ធំៗ៨ក្រោយដឹកនាំក្រសួងមហាផ្ទៃជាង៣០ឆ្នាំ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្តេច ស ខេង នៅថ្ងៃទី ១៧ សីហាម្សិលមិច បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃក្រសួងមហាផ្ទៃ។ជាជំនួបចុងក្រោយរបស់សម្តេចក្រោយបង់បោះអំណាចរបស់ខ្លួនប្រគល់ជូនដល់លោក ស សុខា ដែលជាកូនប្រុសរបស់សម្តេច។ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអស់រយៈពេលជាង៣០ឆ្នាំ សម្តេច ស ខេង បានបន្សល់ទុកនូវសមិទ្ធផលជាច្រើនក្នុងនោះមាន ៨ធំៗ។

យោងតាមរបាយការណ៍ពីលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានលើកឡើងអំពីសមិទ្ធផលធំៗ ចំនួន៨ ដែឡសម្តេច ស ខេង បានខិតខំពុះពារសម្រេចបានក្នុងនោះមានជាអាទិ៍៖ការពង្រឹងកងកម្លាំងនគរបាលជាតិប្រកបដោយជំនាញវិជ្ជាជីវៈ សីលធម៌ ដើម្បីធ្វើជាកម្លាំងបង្អែកដ៏រឹងមាំរបស់ប្រជាជន ក្នុងការចូលរួមថែរក្សា ពង្រឹងសុខសន្តិភាព និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពរបស់សង្គមជាតិទាំងមូលគ្រប់កាលៈទេសៈ សំដៅចូលរួមបន្តបរិយាកាសអនុគ្រោះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ។

ការដឹកនាំកងកម្លាំងនគរបាលជាតិសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចនានា ដើម្បីរក្សាការពារបានយ៉ាងរឹងមាំនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង និង ចូលរួមអភិវឌ្ឍ ប្រែក្លាយតំបន់ព្រំដែនពីអតីតសមរភូមិ តំបន់ដាច់ស្រយាល ទៅជាតំបន់ដែលកំពុងមានការរីកចម្រើន ប្រកបដោយភាពទាក់ទាញ។

កែសម្រួល និង បំពេញរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងជនបរទេស និងជនអន្តោប្រវេសន៍នៅកម្ពុជា។កែសម្រួល និង ពង្រឹងរចនាសម្ព័ន្ធ ដើម្បីចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ ចូលរួមរក្សាការពារសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋ ដែលចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈ សេវាសង្គម និងចូលរួមលើកកម្ពស់ប្រសិទ្ធភាពការងារតាមវិស័យនានា។កែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ពីប្រព័ន្ធគ្រប់គ្រងតាមបែបមជ្ឈការ មកជាប្រព័ន្ធគ្រប់គ្រងរដ្ឋបាលតាមបែបប្រជាធិបតេយ្យវិសហមជ្ឈការ ធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិទទួលបានមុខងារ និងធនធានកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងភាពជាម្ចាស់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន សំដៅឆ្លើយតបសេចក្តីត្រូវការតាមមូលដ្ឋាន ដែលជាការពង្រឹងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋតាមសហគមន៍នានា ទូទាំងប្រទេស។

រៀបចំច្បាប់ លិខិតបទដ្ឋាន នីតិវិធី សម្រាប់ប្រជាពលរដ្ឋ និង ការរៀបចំចុះបញ្ជីគណបក្សនយោបាយ សមាគមន៍ អង្គការក្រៅរដ្ឋាភិបាល ដើម្បីធានា ការពារ និងលើកស្ទួយសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការពារប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរជាមួយអង្គការអន្តរជាតិ និងប្រទេសនានាទាំងក្នុងតំបន់ និងសកលលោក ចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស ការងារសម្អាតប្រាក់ ការចូលរួមប្រយុទ្ធប្រឆាំងការរីកសាយភាយនៃអាវុធមហាប្រល័យ និងការងារជាច្រើនទៀតដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

ជាចុងក្រោយសម្តេច ស ខេង បានផ្តួចផ្តើមដឹកនាំកសាងអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃដ៏ធំស្កឹមស្កៃ ដែលកសាងឡើងដោយក្បូរក្បាច់រចនាបែបខ្មែរយ៉ាងល្អ ហើយសម្តេចតែងតែយកចិត្តទុកដាក់ត្រួតពិនិត្យ ដឹកនាំណែនាំដោយផ្ទាល់ សម្រាប់ឱ្យមន្ត្រីបំពេញការងារប្រកបដោយប្រសិទ្ធភាព។

បើតាម សម្ដេច ស ខេង  ក្នុងរយៈពេលជាង៣០ឆ្នាំ ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់បានរួមគ្នាកសាងក្រសួងមហាផ្ទៃឱ្យក្លាយទៅជាស្ថាប័នមួយដែលរឹងមាំ និងអាចរ៉ាប់រង អនុវត្ត សម្រេចបាននូវសមិទ្ធផលជាច្រើនជូនជាតិ និងប្រជាជន។ ទន្ទឹមនោះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា សមិទ្ធផល និងស្នាដៃដែលក្រសួងមហាផ្ទៃសម្រេចបាន មិនមែនកើតឡើងដោយរូបសម្ដេចផ្ទាល់ ម្នាក់ឯងនោះឡើយ ពោលគឺមានការចូលរួមខិតខំ ប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង