Yearendyearend1140x150

លោក វ៉ាង យី មានជំនឿលើ«រដ្ឋាភិបាលកម្ពុជាថ្មី»ដើម្បីបន្តពង្រឹងទំនាក់ទំនងកម្ពុជា-ចិន

នយោបាយ
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
លោក ហោ ណាំហុង ជួបជាមួយ លោក វ៉ាង យី នៅថ្ងៃទី ១២ សីហា ២០២៣។

ភ្នំពេញ៖ លោកវ៉ាង យី ជារដ្ឋមន្ត្រីការបរទេសចិន បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា នៅថ្ងៃទី ១២ សីហា ដោយបានជំនួបប្រជុំទ្វេភាគីជាមួយមន្ត្រីសំខាន់ៗរបស់កម្ពុជាជាច្រើនរូប។ក្នុងជំនួបនោះ រដ្ឋមន្ត្រីការបរទេសរបស់ចិនដ៏ពូកែរូបនេះ បានប្រាប់ភាគីកម្ពុជាថា ប្រទេសមានជំនឿជឿជាក់លើ រាជរដ្ឋាភិបាលកម្ពុជាថ្មីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត នឹងបន្តពង្រឹងទំនាក់ទំនងកម្ពុជា ចិនកាន់តែរឹងមាំ។

ដូចការគ្រោងទុកដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ចិន​ គឺលោក វ៉ាង យី តាមកន្លងផុតរយៈពេល១ថ្ងៃ និងបានជួបប្រជុំទ្វេភាគីជាមួយមន្ត្រីជាន់ខ្ពស់របស់កម្ពុជាជាច្រើនរូបមានជាអាទិ៍៖លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ហោ ណាំហុង និង លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាបេក្ខភាពរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាថ្មី។

ក្នុងកិច្ចប្រជុំទ្វេភាគីនោះភាគីកម្ពុជា និងចិន បានលើពីសមិទ្ធផលដែលប្រទេស និងប្រជាជនទាំងពីរទទួលបានតាមរយៈកិច្ចសហប្រតិបត្តិការល្អគ្រប់ជ្រុងជ្រោយ និង កិច្ចសហប្រតិបត្តិការ​ឆកោណ​ត្បូង​ពេជ្រ​កម្ពុជា​-​ចិន​។កម្ពុជាបានចាត់ទុកជំនួយដ៏ច្រើនសន្ធឹកសន្ធាប់របស់ចិនមកឱ្យកម្ពុជានៅក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈរហូតមកទល់បច្ចុប្បន្ន ជាពិសេសការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ រួមមានការកសាងផ្លូវថ្នល់ប្រមាណជាង ៣០០០គីឡូម៉ែត្រ និងស្ពានធំៗចំនួន១០។ 

កម្ពុជាបានចាត់ទុកចិនគឺជាមិត្តដែកថែប ហើយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន បានជួយកសាងហេដ្ឋារចនាសម្ព័ន្ធដ៏ច្រើននៅកម្ពុជា ជាពិសេសថ្មីៗនេះ មានដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ការសិក្សាគម្រោងផ្លូវដែកនៅកម្ពុជា និង គម្រោងព្រែកជីកហ្វូណនតេជោ ការស្ដារឡើងវិញវិស័យផ្លូវដែកនៅកម្ពុជា និង ជាពិសេស ការជំរុញការកសាងផ្លូវដែកល្បឿនលឿនភ្ជាប់ភ្នំពេញ-ប៉ោយប៉ែត ទៅប្រទេសថៃ ឡាវ និងចិន។

លោក វ៉ាង យី តំណាងឱ្យមហាអំណាចចិន ប្រកាសគាំទ្រសមិទ្ធផលដែលកម្ពុជាទទួលបានកន្លងទៅនេះ ហើយលោកសង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជាថ្មី នឹងបន្តពង្រឹងទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើងថែមទៀត។

បើតាមលោក វ៉ាង យី ភាគីចិនបានបង្ហាញជំហប្ដេជ្ញាបន្តផ្ដល់ការគាំទ្រដល់កម្ពុជាលើវិស័យសំខាន់ៗ ដូចជា៖ ផលិតកម្ម កសិកម្ម ឧស្សាហកម្ម អគ្គិសនី អប់រំ និងសុខាភិបាល រួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលរួមមានដូចជាការសាងសង់ផ្លូវល្បឿនលឿនបន្ថែមទៅបណ្ដាខេត្តសំខាន់ៗ ការអភិវឌ្ឍវិស័យទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការអភិវឌ្ឍផ្លូវដែកតភ្ជាប់ទៅច្រករបៀងសេដ្ឋកិច្ចភាគខាងជើង និងតភ្ជាប់ទៅផ្លូវដែកថៃ-ឡាវជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង