Yearendyearend1140x150

ក្រសួងការងារផ្ដល់ប្រាក់ឧបត្ថម្ភលើកទី១៤ជូនកម្មករព្យួរការងារជាង៣ម៉ឺននាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងការងារ នឹងបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី១៤ ជូនកម្មករនិយោជិតសរុបចំនួន ៣១,៧៦៤នាក់នៅរោងចក្រសហគ្រាសចំនួន១៤០ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចេញផ្សាយនៅថ្ងៃនេះ។

ចំពោះការបើកប្រាក់ឧបត្ថម្ភលើកទី១៤នេះ កម្មករចំនួនជាង៣ម៉ឺននាក់ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ធនាគារឯកទេសវីងនឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភលើកទី២(បើកបញ្ចប់)របស់រាជរដ្ឋាភិបាលនៅតាមលេខទូរសព្ទដែលកម្មករបានផ្ដល់មកឲ្យក្រសួងការងារតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក។

ប្រាក់ឧបត្ថម្ភលើកទី២(បើកបញ្ចប់)នេះនឹងត្រូវបើកផ្ដល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន ៤០៥០០រៀល សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល១១ថ្ងៃដល់ ២០ថ្ងៃ, ៨១០០០រៀល រយៈពេលចាប់ពី ២១ថ្ងៃដល់ ៣០ថ្ងៃ, ២០២៥០០រៀល រយៈពេលចាប់ពី ៣០មួយថ្ងៃដល់ ៤៩ថ្ងៃ, ២៤៣០០០រៀល រយៈពេលចាប់ពី ៥០ថ្ងៃដល់ពីរខែ។

ក្រសួងការងាររម្លឹកថា ធនាគារឯកទេសវីងនឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាកម្មករខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះក្នុងរយៈពេល១០ថ្ងៃបន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារឯកទេសវីង ដើម្បីបើកប្រាក់ឧបត្ថម្ភនេះកម្មករត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត ដោយមិនតម្រូវឲ្យបង់ថ្លៃសេវាទៅភ្នាក់ងារវិញឡើយនៅពេលបើកប្រាក់ឧបត្ថម្ភនេះ។

គួរបញ្ជាក់ថា ការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី១៤ជូនកម្មករព្យួរកិច្ចសន្យាការងារជាង៣ម៉ឺននាក់ នៅរោងចក្រសហគ្រាសចំនួន១៤០ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើឡើងជាលើកទី១៤ ហើយចំពោះការបើកប្រាក់ឧបត្ថម្ភលើកទី២គឺជាការបើកបញ្ចប់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង