Cct850x100 1
1800px x h300px kh

ឆមាសទី១ឆ្នាំ២០២០៖នគរបាលចរាចរណ៍ផាកពិន័យបានជាង១២ពាន់លានរៀល

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណ:កម្មាធិការ សុវត្ថិភាពចរាចរណ៍។

ភ្នំពេញ៖ តាមរយៈការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ឆ្នាំ២០២០ ស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោកទទួលបានប្រាក់ពិន័យចំនួន១២ពាន់លាន ៥០១លាន១៨៥ពាន់រៀល ក្នុងនោះមិនទាន់បង់ប្រាក់ពិន័យចំនួន២០ភាគរយ។ នេះបើតាមលោកជំទាវ មឹន មាណវី ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០នាព្រឹកនេះ។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណ:កម្មាធិការ សុវត្ថិភាពចរាចរណ៍បានបញ្ជាក់ ពីលទ្ធផលនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ឆ្នាំ២០២០ ដោយបានត្រួតពិនិត្យយានយន្តសរុបចំនួន៩៨៧០០៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន៦១ភាគរយ។ ចំណែកយាន្តយន្តល្មើសនិងពិន័យមានចំនួន២៣៤១១៤គ្រឿង ស្មើនឹង២៤ភាគរយ ដែលមានម៉ូតូចំនួន៦៥ភាគរយ។

លោកជំទាវ មឹន មាណវី បន្តថា ដោយឡែកការរឹតបន្តឹងច្បាប់ស្តីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩ អ.ន.ក្រ.ប រយៈពេលពីរខែចាប់ពីខែឧសភារហូតដល់ខែមិថុនាមានសរុបចំនួន៨៣៣៨៦ករណីក្នុងនោះម៉ូតូចំនួន៦១២២ករណីស្មើនឹង៧៣ភាគរយ និងរថយន្តចំនួន២២៣៦៤ករណីស្មើនឹង២៧ភាគរយ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងក្នុងកិច្ចប្រជុំនេះថា តាមរយៈប្រាក់ពិន័យដែលស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោកប្រមូលបានត្រូវបែងចែកដូចជា រដ្ឋផ្តល់ឲ្យ៧០ភាគរយ ប្រតិបត្តិការផ្ទាល់២៥ភាគរយ អង្គភាព៥ភាគរយសម្រាប់បម្រើចូលរដ្ឋ ដើម្បីរដ្ឋបោះពុម្ពឯកសារបម្រើឲ្យកិច្ចការឲ្យស្នាក់ការនគរបាលវិញ។

បើតាមឯកឧត្តម នេត សាវឿន បានគូសបញ្ជាក់ថា ការដកពិសោធន៍ការអនុវត្តកងកម្លាំងពាក់ព័ន្ធដែលបានចុះបង្រ្កាបបទល្មើសចរាចរណ៍ បានបូកសរុបឃើញថាកម្លាំងដែលបានអនុវត្តផ្ទាល់ទទួលបានប្រាក់រង្វាន់ទាបបំផុតមួយខែ២០ម៉ឺនរៀល តិចជាងគេនៅខេត្តតាកែវ ច្រើនជាងគេនៅភ្នំពេញដោយក្នុងមួយនាក់ទទួលបានប្រាក់រង្វាន់២លានរៀលក្នុងមួយខែ។

យោងតាមរបាយការណ៍ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ឆ្នាំ២០២០ បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆមាសទី១ ឆ្នាំ២០២០ បានកើតឡើងចំនួន១.៦១៩លើក បណ្ដាល ឲ្យស្លាប់ចំនួន៨១៦នាក់ និងរបួសចំនួន២.៤៤៩នាក់ (របួសធ្ងន់១.១២៣នាក់) អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ១៤៦នាក់ ខេត្តកំពង់ធំ៦០នាក់ និងខេត្តកណ្ដាល ៥៩នាក់។

របាយការណ៍ដដែរ រៀបរាប់ថា មូលហេតុនៃការគ្រោះថ្នាក់ចរាចរណ៍មកពីបើកបរលើសល្បឿនកំណត់៣៣% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្គាំ១៤% វ៉ាជែង១០% បត់១០% ស្រវឹង៦% កត្តាយានយន្ដ៤% និងងងុយ១%។

បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៩ គ្រោះថ្នាក់ថយចំនួន៥៥២លើក ស្មើ២៥% (១.៦១៩/២.១៧១លើក) ស្លាប់ថយចំនួន១៧២នាក់ស្មើ១៧% (៨៦១/១.០៣៣នាក់) និងរបួសថយ៧៧៨នាក់ ស្មើ២៤% (២.៤៤៩/៣.២២៧នាក់)៕

Khcct banner

អត្ថបទទាក់ទង