Cct850x100 1

ក្រសួងអប់រំ យុវជន និងកីឡា ប្រាប់ពីដំណើរការ«បើកសាលារៀន»ឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា 

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ៣ កក្កដានេះ បានបង្ហាញពីជំហររបស់ខ្លួនទាក់ទងនឹងការបើកដំណើរការសាលារៀននៅទូទាំងប្រទេសកម្ពុជាឡើង។សម្រាប់ក្រសួង ការបើកដំណើរការសាលារៀនទាំងអស់ឡើងវិញ គឺនឹងប្រព្រឹត្តិទៅតាមបីដំណាក់កាល។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជំហររបស់ក្រសួងអប់រំ យុវជន និងកីឡាលើការបើកដំណើរការសាលារៀនទាំងអស់ឡើងវិញ គឺនឹងប្រព្រឹត្តិទៅតាមបីដំណាក់កាល÷ ដំណាក់កាលទី១ សាលារៀនមានស្តង់ដាសុវត្ថិភាពខ្ពស់ ដំណាក់កាលទី២ សាលារៀនមានស្តង់ដាមធ្យម និងដំណាក់កាលទី៣ សាលារៀនមានស្តង់ដាអប្បបរមា។ 

បើតាមឯកឧត្តម រស់ សុវាចា សម្រាប់ដំណាក់កាលទី១ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិភាក្សាលើវិធានការសុខុមាលភាព និងកត្តាសង្គម-សេដ្ឋកិច្ច។ នាពេលខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡានឹងជម្រាបសាធារណៈជនពីកាលបរិច្ឆេទ និងវិធានការចាំបាច់នានាសម្រាប់ដំណាក់កាលទី១។ ចំណែកឯ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ចំណុះឲ្យដំណាក់កាលទី១។

ការលើកឡើងរបស់ក្រសួងអប់រំបែបនេះធ្វើឡើងបន្ទាប់ពីមានសំណួរ និងសំណើរមួយចំនួនស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា បើកឱ្យសាលារៀននូវទូទាំងប្រទេសដំណើរការឡើងវិញ ខណៈដែលកូវីដ១៩នៅកម្ពុជាអាចគ្រប់គ្រងបាន។សមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា បានព្រមព្រៀងគ្នាដាក់ស្នើទៅរាជរដ្ឋាភិបាលកម្ពុជាឱ្យបើកដំណើរការឡើងវិញនូវសាលារៀនឯកជនទាំងអស់ រួមទាំងក្លឹបហាត់ប្រាណទៅតាមស្តង់ដារសុវត្តិភាពរបស់ក្រសួងសុខាភិបាលក្នុងខែសីហា ឬខែកញ្ញាខាងមុខនេះ។

យ៉ាងណាក៏ដោយឯកឧត្តម រស់ សុវាចា បានសង្កត់ធ្ងន់ថា ក្រសួងអប់រំ យុវជន និងកីឡានឹងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់លើដំណាក់កាលទី១ រួចនឹងបន្តពិនិត្យករណីដំណាក់កាលទី២ និងដំណាក់កាលទី៣ យោងលើផែនការដែលក្រសួងបានរៀបចំជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ៕

Khcct banner

អត្ថបទទាក់ទង