Yearendyearend1140x150

អាជ្ញាធរខណ្ឌទាំង១៤ កំពុងរៀបចំសម្អាតបរិស្ថានសាលា ត្រៀមបើកសាលារៀនឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ 

ភ្នំពេញ៖ អាជ្ញាធរនៃខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ កំពុងត្រៀមរៀបចំសម្អាតអនាម័យ និងបរិស្ថាននៅតាមសាលារៀនទូទាំងរាជធានីភ្នំពេញ ដើម្បីត្រៀមបើកសាលារៀនឡើងវិញ ខណៈសិស្សានុសិស្សខនខានចូលរៀននៅសាលាអស់រយៈ ពេលជិត២ឆ្នាំដោយសារតែបញ្ហាកូវីដ១៩។ នេះបើតាមកិច្ចប្រជុំនៃរដ្ឋបាលរាជធានិភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ត្រូវរៀបចំចាត់ចែងសំអាតអនាម័យ បរិស្ថាននៅក្នុងសាលានានានៅក្នុងមូលដ្ឋានរបស់ខ្លួនអោយបានស្អាត ដើម្បីត្រៀមបើកសាលារៀនឡើងវិញ។

ដើម្បីត្រៀមបើកដំណើរការ អភិបាលរាជធានីភ្នំពេញ បានណែនាំនឹងធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីតាំងសាលាឲ្យបានស្អាត ដោយសុំអន្តរាគមន៍ពីកងទ័ព ដើម្បីបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងសាលាបន្ថែមទៀត នៅពេលយើងធ្វើពិធីបើកសាលាឲ្យចូលរៀនឡើងវិញ។

បើតាមឯកឧត្ដម ឃួង ស្រេង សាលារៀនដែលយកជាទីតាំងសម្រាប់ធ្វើជាកន្លែងចត្តាឡីស័ក និងធ្វើជាកន្លែងព្យាបាលជំងឺកូវីដ-១៩ កន្លងមក អាជ្ញាធរខណ្ឌនិងស្ថាប័នពាក់ព័ន្ធ នឹងបញ្ជូនអ្នកជំងឺទៅតាមសាលារៀនទាំងនោះ ទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញដូចជា នៅទីតាំងរៀបអាពាហ៍ពិពាហ៍ ស៊ូព្រីមៀរ សែន សុខជាដើម។

សូមជម្រាបជូនថា  សាលារៀននឹងត្រូវបើកដំណើរការឡើងវិញនៅតាមតំបន់ដែលមានជំងឺឆ្លងតិចតួច ឬគ្មានសោះ ពិសេសគឺសាលារៀននៅតាមតំបន់ទីជនបទដែលមិនមានអ៊ីនធើណេត។ សាលារៀនទាំងបឋមសិក្សា និង មធ្យមសិក្សាដែលត្រូវបើកដំណើរការឡើងវិញ ដោយនៅតែប្រកាន់ភ្ជាប់នូវវិធានការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺបើកនៅតាមភូមិឃុំដែលមិនមានជំងឺឆ្លងតែប៉ុណ្ណោះ។ ចំពោះទីប្រជុំជនដែលមានអត្រាឆ្លងទាប អាចរៀនទៅតាមស្ថានភាពគួបផ្សំរវាងការរៀនដោយផ្ទាល់ដោយរក្សានូវគម្លាតសុវត្ថិភាព និងការរៀនតាមបែបចម្រុះ ហើយតំបន់ដែលមានការឆ្លងច្រើនត្រូវបន្តនូវការរៀនអនឡាញដដែល។ នេះបើតាមសម្តេច ហ៊ុន សែន បានថ្លែងក្នុងសារពិសេសនាព្រឹកថ្ងៃទី៣១សីហានេះ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង