Yearendyearend1140x150

GMAC ខកចិត្តចំពោះអឺរ៉ុបដែលដកការអនុគ្រោះពន្ធលើទំនិញខ្លះរបស់កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/

ភ្នំពេញ៖សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការសម្រេចរបស់សហភាពអឺរ៉ុបដែលបានព្យួរការអនុគ្រោះពន្ធ(EBA)លើទំនិញខ្លះរបស់កម្ពុជាដែលនាំចូលទៅកាន់ទីផ្សារអឺរ៉ុប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅរសៀលថ្ងៃចន្ទ ទី១៧ ខែកុម្ភៈនេះ។

តាមសេចក្តីប្រកាសព័ត៌មានដដែល សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងថា អ្នកទទួលផលពីកម្មវិធីអនុគ្រោះពន្ធEBAរបស់សហភាពអឺរ៉ុប គឺវិស័យកាត់ដេរ និងផលិតផលធ្វើដំណើររបស់កម្ពុជា។ ឧស្សាហកម្មនេះ មានប្រមាណ៧៥%នៃការនាំចេញទំនិញសរុបរបស់កម្ពុជា និង ប្រមាណ៩០%នៃការនាំចេញទៅកាន់សហភាពអឺរ៉ុប។ បើតាមសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ការផ្តល់ការងារនៅក្នុងវិស័យនេះ គឺមានចំនួនលើសពី៧៥ម៉ឺននាក់ និង បានចូលចំណែកដល់ការទាញប្រជាជនកម្ពុជារាប់លាននាក់ចេញពីភាពក្រីក្រ។

ហេតុដូច្នេះហើយ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានជំរុញឱ្យគណៈកម្មការអឺរ៉ុប និង សមាជិកសភាអឺរ៉ុបពិចារណាឡើងវិញចំពោះសេចក្តីសម្រេចរបស់ខ្លួន ដោយពិចារណាទៅលើគុណតម្លៃនៃកម្មវិធីEBA ដែលត្រូវបានដាក់អនុវត្តជិត២០ឆ្នាំកន្លងទៅ ជំនួយអភិវឌ្ឍ ការកាត់បន្ថយភាពក្រីក្រ និង សេចក្តីថ្លៃថ្នូរនៃការងារ។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានគូសបញ្ជាក់ថា «កម្មវិធីEBA គឺជាជោគជ័យច្បាស់មួយនៅក្នុងប្រទេសកម្ពុជាក្នុងការសម្រេចបាននូវគោលដៅទាំងនេះ។ ការដកដោយផ្នែកណាមួយនៃកម្មវិធីនេះ នឹងបានត្រឹមតែធ្វើឱ្យបាត់បង់ការងារ និង នាំឱ្យមានភាពក្រីក្រ»។

សូមបញ្ជាក់ថា គណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី១២ ខែកុម្ភៈកន្លងទៅ បានសម្រេចដកការអនុគ្រោះពន្ធក្រោមកម្មវិធីEBA លើទំនិញចំនួន៤០ប្រភេទរបស់កម្ពុជា។ មុខទំនិញទាំងនេះ គឺនៅក្នុងវិស័យកាត់ដេរ ផលិតផលធ្វើដំណើរ និង ស្ករ។ ទំនិញទាំងនេះ គឺមានតម្លៃនាំចេញទៅកាន់អឺរ៉ុបប្រមាណជាង១ពាន់លានដុល្លារអាមេរិកឯណោះ។ សេចក្តីសម្រេចរបស់សហភាពអឺរ៉ុបនេះ នឹងចូលជាធរមាន និងចាប់អនុវត្តចាប់ពីខែសីហាខាងមុខនេះតទៅ។

យ៉ាងណាក៏ដោយ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានជំរុញឱ្យសហភាពអឺរ៉ុបផ្តល់ការអនុគ្រោះពន្ធដូចដើមវិញសម្រាប់វិស័យកាត់ដេរ និង ផលិតផលធ្វើដំណើរ ដើម្បីបុព្វហេតុនៃការអភិវឌ្ឍប្រកដោយចីរភាព និង ប្រជាជនកម្ពុជារាប់សែននាក់ដែលបានទទួលអត្ថប្រយោជន៍ពីកម្មវិធីEBA ដើម្បីចាកចេញពីភាពក្រីក្រ លើកកម្ពស់សិទ្ធរបស់ពួកគេនៅកន្លែងធ្វើការងារ និង ផ្គត់ផ្គង់គ្រួសាររបស់ពួកគេ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង