Cct850x100 1

ស្ត្រីបម្រើ«សេវាកម្សាន្ត»លើកបដាតវ៉ាស្នើសុំថវិកា៤០ដុល្លារក្នុងមួយខែពីរដ្ឋាភិបាលដើម្បីជីវភាព

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្យ
/
ការតវ៉ារបស់ស្ត្រីសេវាកម្សាន្ត។

ភ្នំពេញ៖ស្ត្រីសេវាកម្សាន្តប្រមាណជា១០០ នាក់នៅថ្ងៃទី ២៥ មិថុនានេះ បានលើកគ្នាតវ៉ាដោយមានការលើកបដា និង ដាក់ញត្តិជាលើកទី៣ ស្នើរដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារក្នុងមួយខែ ដើម្បីជួយសម្រួលជីវភាព និង ទុក្ខលំបាករបស់ពួកគាត់ នារដូវកាលកូវីដ១៩នេះ។ការតវ៉ានេះ ធ្វើឡើងក្រោយមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៤ មិថុនានេះ បានដាក់ចេញនូវវិធានការណ៍ផ្តល់ជំនួយសាច់ប្រាក់ ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយកូវីដ១៩។

ក្រុមស្ត្រីសេវាកម្មកម្សាន្តប្រមាណ១០០នាក់ បានមកប្រមូលផ្តុំគ្នានៅទីស្ដីការគណៈរដ្ឋមន្រ្តី ដើម្បីស្នើសុំរដ្ឋាភិបាលជួយដោះស្រាយជីវភាពពួកគេក្នុងរដូវកាលកូវីដ១៩។ក្រុមស្រ្តីសេវាកម្សាន្តបានលើកបដាដោយសរសេរអក្សរទារទាមចំណុចផ្សេងៗ។

អត្ថន័យនៅក្នុងបដាដែលក្រុមស្រ្តីសេវាកម្សាន្តបានលើកស្នើមានជាហូរហែរ ដូចតទៅ៖« ទុក្ខរបស់រាស្រ្តគឺជាទុក្ខរបស់សម្តេច, យើងខ្ញុំមិនជឿថាសម្ដេចទុកពួកយើងខ្ញុំចោលឡើយ, សូមរដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារដល់កម្មករសេវាកម្សាន្តជាដើម»។

បើតាមក្រុមអ្នកតវ៉ា បានអះអាងថា នេះជាលើកទី៣ហើយដែលពួកគេបានដាក់ញ្ញត្តិស្នើសុំរាជរដ្ឋាភិបាល ហើយគោលបំណងក្នុងការដាក់ញ្ញត្តិនេះ គឺពួកគេចង់ឱ្យរាជរដ្ឋាភិបាលផ្ដល់ប្រាក់ឧបត្ថម្ភដល់ពួកគេក្នុងមួយខែ៤០ដុល្លារ និង សំណូមពរដល់ម្ចាស់ផ្ទះជួលចុះថ្លៃផ្ទះមកត្រឹមពាក់កណ្ដាល ដើម្បីឱ្យពួកគាត់មានលទ្ធភាពក្នុងការដោះស្រាយជីវភាពនាពេលកូវីដ១៩នេះ។

អ្នកស្រី ផេង ភ័ណ្ឌ ជាអតីតអ្នករត់តុម្នាក់បានថ្លែងថា ចាប់តាំងពីមានកូវីដ១៩មក គឺគាត់បាត់បង់ការងារគ្មានចំណូល រូបគាត់បានដើរស៊ីឈ្នួលកោសខ្យល់ ម៉ាស្សាឱ្យគេតាមផ្ទះ ឬដើរបកខ្ទឹម ជួនគេឱ្យលុយជួនគេអត់ ពេលខ្លះក៏នាំកូនដើរសុំទានគេ ធ្វើយ៉ាងម៉េចឱ្យតែរស់។

ស្រ្តីអាយុ៤៣ឆ្នាំ រូបនេះបាននិយាយថា៖« តាំងពីកូវីដ១៩មក គ្មានការងារធ្វើ ខ្ញុំគ្មានលុយបង់ថ្លៃផ្ទះ ត្រូវម្ចាស់ផ្ទះចាក់ចោរ មិនឱ្យនៅបន្ត ទើបដើរក្រោមស្ពាន ឬតាមសំយ៉ាប់ផ្ទះគេឱ្យតែរួចៗមួយថ្ងៃ»។

ភ្លាមៗក្រោយមានការតវ៉ាអ្នកតំណាងខាងនាយខុទ្ទការល័យរាជរដ្ឋាភិបាល បានចេញមកទទួលញ្ញត្តិពីក្រុមស្រ្តីផ្នែកសេវាកម្សាន្ត និងសន្យាថានឹងនាំយកញ្ញត្តិនេះដាក់ជូនរាជរដ្ឋាភិបាលដោះស្រាយ។តំណាងខាងនាយខុទ្ទការល័យ បានបញ្ជាក់ថា រយៈពេលមួយសប្ដាហ៍ដើម្បីទាក់ទងទៅខាងនាយខុទ្ទការល័យទាកទងនឹងសំណើរនេះផងដែរ។ក្រុមស្រ្តីផ្នែកសេវាកម្ម រំពឹងទុកថា ញ្ញត្តិដែលដាក់ស្នើក្នុងថ្ងៃនេះ នឹងបានដល់សម្ដេច តេជោ ដើម្បីជួយដោះស្រាយដូចជាប្រាក់ឧបត្ថម្ភ និងអាហារផ្សេងៗ ដែលជាកង្វល់ និងទុក្ខលំបាករបស់ពួកគាត់។

គួរបញ្ជាក់ថា ការតវ៉ានេះធ្វើឡើងក្រោយមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៤ មិថុនានេះ បានដាក់ចេញនូវវិធានការណ៍ផ្តល់ជំនួយសាច់ប្រាក់ ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយកូវីដ១៩។ថ្លែងក្នុងពិធីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា« កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩» បានបង្ហាញឱ្យឃើញថា រដ្ឋាភិបាលកម្ពុជានឹងមិនទុកឱ្យពលរដ្ឋណាមួយត្រូវស្លាប់ដោយអត់បាយដោយគ្មានការយកចិត្តទុកដាក់នោះទេ៕

ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង