Foton on ads news final
Cct850x100 1
Cc time 1800 x 300
San house

ក្រសួងកសិកម្ម៖រដ្ឋគ្មានការដោះដូរដីក្នុង«សួនសត្វភ្នំតាម៉ៅ»នោះទេ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក វេង សាខុន ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រម៉ាញ់ ​និងនេសាទ​។

ភ្នំពេញ៖ ការដោះដូរទីតាំងដីព្រៃតំបន់ភ្នំតាម៉ៅមិនប៉ះជាន់លើផ្ទៃដីឧទ្យានសួនសត្វ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅនោះទេ។ហើយការដោះដូរទីតាំងដីព្រៃតំបន់ភ្នំតាម៉ៅ ជាការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍ។នេះជាការលើកឡើងរបស់លោក វេង សាខុន ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រម៉ាញ់ ​និងនេសាទ​។ការលើកឡើងនេះ ធ្វើឡើងក្រោយពីក្រុមសកម្មជនបរិស្ថាន និង ប្រជាពលរដ្ឋមួយចំនួននាំគ្នារិះគន់ពីដោះដូរដីនៅតំបន់នោះ។

លោក វេង សាខុន បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ការដោះដូរទីតាំងដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ស្នើសុំការអនុញ្ញាតផ្ទេរសិទ្ធិមុនធ្វើការអភិវឌ្ឍរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី មិនប៉ះជាន់លើផ្ទៃដីឧទ្យានសួនសត្វ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដែលមានទំហំជាង៤០០ហិកតា និង មានរបងព័ទ្ធជុំវិញជាង ៨៣៩៤ម៉ែត្រ និងមាន ហេដ្ឋារចនាសម្ព័ន្ធនានាដែលបានអភិវឌ្ឍកន្លងមកនោះទេ។

បើតាមលោក វេង សាខុន រដ្ឋាភិបាលនៅតែរក្សាទុក ផ្ទៃដីឧទ្យានសួនសត្វ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ នៅដដែល លើសពីនេះ ក្រសួងកសិកម្មមានផែនការកែលម្អឲ្យកាន់តែប្រសើរថែមទៀត រួមទាំងបង្កើតទីតាំងសួនសត្វមួយទៀត នៅខេត្តសៀមរាប និង មជ្ឈមណ្ឌលអភិរក្សផ្កានៅខេត្តមណ្ឌលគីរីផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នឧទ្យានសួនសត្វ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ជាកន្លែងសង្គ្រោះ ព្យាបាលសត្វព្រៃ របួស ពិការ ឈឺ សត្វព្រៃដែលម្ចាស់អស់និស្ស័យ សត្វព្រៃដែលបង្ក្រាបបានពីការជួញដូរខុសច្បាប់ និង ចិញ្ចឹមថែរក្សាទុកសត្វព្រៃដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចលែងទៅទីជម្រក។

យោងតាមក្រសួងកសិកម្ម សព្វថ្ងៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅពង្រឹងខ្លួនដោយបានសាងសង់របងសុវត្ថិភាពរឹងមាំ ប្រវែង៨៣៩៤ម៉ែត្រហ៊ុព័ទ្ធជុំវិញផ្ទៃដីជាង៤០០ហិកតា ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនមានជាអាទិ៍ ផ្លូវថ្នល់ ទ្រុងសត្វ សួនច្បារ អគារសារមន្ទីរ អគារអប់រំ ប្រព័ន្ធផ្គត់ផ្គង់ទឹក បណ្តាញអគ្គីសនី អគារការិយាល័យដើម្បី បម្រើឲ្យសេវាការសង្គ្រោះ ព្យាបាល សិក្សាស្រាវជ្រាវ អប់រំ និងទេសចរណ៍...។ល។ និង កំពុងចិញ្ចឹមថែរក្សា បង្កាត់ពូជ សត្វព្រៃជាង ១៦៧៨ ក្បាល ត្រូវជា ១១៨ ប្រភេទ។

ទាក់ទងនឹងការដោះដូរដីនៅទីតាំងដីព្រៃតំបន់ភ្នំតាម៉ៅលោក វេង សាខុន ពន្យល់ថា ជាការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ ការអភិវឌ្ឍដើម្បីបញ្ជៀសបាននូវបញ្ហាប្រឈមនានាដែលបណ្តាលមកពីការយាយីទៅលើដំណាំប្រជាពលរដ្ខរស់នៅជុំវិញតំបន់នោះ ជាពិសេសសត្វជ្រូកព្រៃដែលកំពុងរស់នៅក្នុងព្រៃជុំវិញបរិវេនឧទ្យានសួនសត្វ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ,ការជម្រុញកំណើនសេដ្ឋកិច្ច និង បង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ 

ម្យ៉ាងទៀតការដោះដូរដីសម្រាប់ការអភិវឌ្ឍ នៅតំបន់ព្រៃភ្នំតាម៉ៅនឹងផ្តល់បន្ថែមទៀតនូវទុនសម្រាប់ការអភិវឌ្ឍគម្រោងយុទ្ធសាស្ត្រនានា ជំរុញឧទ្យានសួនសត្វ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅអាចប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ដើម្បីជំរុញកំណើនចំណូល ធានានិរន្តភាព៕

Khcct banner

អត្ថបទទាក់ទង