Yearendyearend1140x150

ក្រសួងទេសចរណ៍ប្ដេជ្ញាបន្តជំរុញចលនាទេសចរណ៍ផ្ទៃក្នុងដើម្បីស្ដារវិស័យទេសចរណ៍ជាតិឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
 ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រសួងទេសចរណ៍ដាក់ចេញផែនការការងារ១១ចំណុច ដើម្បីស្ដារវិស័យទេសចរណ៍ជាតិឡើងវិញ ដោយក្នុងនោះក្រសួងទេសចរណ៍ប្ដេជ្ញាបន្តជំរុញចលនាទេសចរណ៍ផ្ទៃក្នុងទៅកាន់គោលដៅទេសចរណ៍ថ្មីៗនៅទូទាំងប្រទេស ជាមួយការផ្តល់ថ្លៃកញ្ចប់ទស្សនកិច្ចទាក់ទាញភ្ញៀវទេសចរ និងអន្តរជាតិ។ ការប្ដជ្ញានេះធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងឱកាសនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា អង្គសន្និបាតបានប្ដេជ្ញារួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងវិធានការអាទិភាពនានារបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក្នុងនោះអង្គសន្និបាតបានសម្រេចដាក់ចេញផែនការការងារចំនួន១១។

ផែនការទាំងនោះមានដូចជា ការបន្តជំរុញការអភិវឌ្ឍផលិតផល និងសេវាកម្មទេសចរណ៍សម្រាប់ទីផ្សារទេសចរណ៍ក្នុងស្រុកនិងអន្តរជាតិនៅតាមប៉ូលទេសចរណ៍សំខាន់ៗ ដោយយកចិត្តទុកដាក់លើភាពច្នៃប្រឌិត ភាពចម្រុះ គុណភាព តម្លៃ សុវត្ថិភាព និងបដិសណ្ឋារកិច្ចល្អ, ការបន្តជំរុញការវិនិយោគលើហេដ្ឋារចនាសម្ពន្ធគាំទ្រឱ្យកាន់តែប្រសើរឡើង និងសកម្មភាពគាំទ្រនានា សំដៅពង្រឹងនិងពង្រីកភាពទាក់ទាញ និងធ្វើឱ្យគោលដៅទេសចរណ៍កម្ពុជាកាន់តែរស់រវើក។

ផែនការបន្ទាប់គឺការបន្តជំរុញការតភ្ជាប់តាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ព្រមទាំងការបើកច្រកទ្វារអន្តរជាតិបន្ថែម ដើម្បីជំរុញទាក់ទាញទេសចរអន្តរជាតិ, បន្តតាមដាន និងសិក្សាពីការវិវត្តនិងនិន្នាការទីផ្សារទេសចរណ៍ថ្មីៗ, បន្តជំរុញយុទ្ធនាការគាំទ្រនានា ជាអាទិ៍ ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។

ក្រៅពីនេះ ក្រសួងក៏បានដាក់ផែនការក្នុងការបន្តជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងឧស្សាហកម្មទេសចរណ៍ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង ពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ និងបង្កើនផលិតភាពនៃការផ្តល់សេវាកម្ម និងរៀបចំប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍទេសចរណ៍ឆ្លាតនៅតំបន់គោលដៅទេសចរណ៍សំខាន់ៗ ក៏ដូចជាការបន្តកម្មវិធីបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់មន្ត្រីរាជការ បុគ្គលិក និងសហគ្រិនក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងជំនាញដែលមានស្រាប់ និងបណ្តុះបណ្តាលជំនាញថ្មី ស្របតាមតម្រូវការជាក់ស្តែងផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង