Cc time
Cct850x100 1
Sme laon web banner(1800 x 300)

ឧកញ៉ា លឹម ហេង៖ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាសរសៃឈាមសេដ្ឋកិច្ចកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា 

ភ្នំពេញ៖ គិតមកដល់បច្ចុប្បន្ននេះ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចការសាងសង់បាន៩២,៣៥% ហើយក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងនឹងដាក់ដំណើរការឲ្យប្រជាពលរដ្ឋសាកល្បងប្រើប្រាស់ផ្លូវល្បឿនលឿននេះ នៅចុងឆ្នាំ២០២២។ ទន្ទឹមនឹងនេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជានឹងកាន់តែមានភាពរីកចម្រើនព្រោះផ្លូវល្បឿនលឿននេះ ជាសមិទ្ធិផលថ្មីមួយទៀតរបស់កម្ពុជាដែលអាចជួយសម្រួលដល់ការដឹកជញ្ជូន និងចំណេញពេលវេលា។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍ នៅថ្ងៃទី ១០ ខែមិថុនានេះថា ក្រោយទទួលបានដំណឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងនឹងដាក់ដំណើរការឱ្យប្រជាពលរដ្ឋសាកល្បងនៅចុងឆ្នាំ២០២២នេះ កម្ពុជានឹងអាចទាក់ទាញវិនិយោគពីក្រៅប្រទែសបានកាន់តែច្រើន ព្រោះផ្លូវថ្នល់ជាសរសៃឈាមសេដ្ឋកិច្ចដែលអាចជួយសម្រួលដល់ការដឹកជញ្ជូនពីខេត្តព្រះសីហនុមករាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តនៅតាមបណ្តោយផ្លូវល្បឿនលឿនមួយនេះ ជាពិសេស ជួយសម្រួលចរាចរណ៍ ក៏ដូចជាការជួយជំរុញការដឹកជញ្ជូនភស្តុភារកម្មនៅក្នុងតំបន់នោះផងដែរ។

ឧកញ៉ាបន្ថែមថា ក្នុងរយៈប៉ុន្មានខែដំបូងនៃឆ្នាំ២០២២នេះ សញ្ញានៃការវិនិយោគនៅកម្ពុជា គឺមានការកើនឡើង និង មានភាពល្អប្រសើរ តាមរយៈការចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានអនុម័តគម្រោងជាច្រើន ហើយក៏មានការចុះបញ្ជីក្រសួងពាណិជ្ជកម្មជាច្រើនទៀតផងដែរ។

បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្ននេះ បើទោះបីកម្ពុជានៅតែមិនទាន់គេចផុតពីការរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ទាំងស្រុងក៏ដោយ តែលំហូរនៃការវិនិយោគលើគម្រោងថ្មីៗនៅកម្ពុជាសម្រាប់ឆ្នាំ២០២២ គឺមានសន្ទុះកើនឡើងច្រើនជាងឆ្នាំ២០២១ ហើយវាជាសញ្ញាមួយដែលបានបង្ហាញថាកំណើនសេដ្ឋកិច្ចកម្ពុជាគឺមិនមានភាពថមថយឡើយ។

ចំពោះក្រុមហ៊ុនដែលបានចុះបញ្ជីវិនិយោគនៅកម្ពុជា ឈរលំដាប់លេខ១គឺក្រុមហ៊ុនចិន បន្ទាប់មកមានក្រុមហ៊ុនកូរ៉េ ជប៉ុន និង បណ្តាប្រទេសក្នុងតំបន់អាស៊ានមួយចំនួនទៀត។ ក្រុមហ៊ុនទាំងនេះ បានវិនិយោគលើវិស័យជាច្រើននៅកម្ពុជាដូចជា វិស័យកាត់ដេរ រោងចក្រផលិតកង់រថយន្ត រោងចក្រតម្លើងរថយន្ត កសិ-ឧស្សាហកម្ម និងផ្សេងៗទៀត ហើយវិស័យទាំងនេះជាជន្ទល់ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចកម្ពុជា។ នេះជាការលើកឡើងរបស់ឧកញ៉ា លឹម ហេង។

សម្រាប់ឆ្នាំនេះ កម្ពុជាទទួលបានការវិនិយោគពីក្រុមហ៊ុនបរទេសលើគ្រប់វិស័យ ឬវិស័យគាំពារជាច្រើនដូចជា ការតម្លើងរថយន្ត ការផលិតសំបកកង់រថយន្ត ការកែថ្នៃផលិតផលកសិ-ឧស្សាហកម្ម វិស័យកាត់ដេរ កាបូប ស្បែកជើង ហើយថែមទាំងមានការចុះបញ្ជីសម្រាប់ការវិនិយោគលើវិស័រ៉ែនិងថាមពលផងដែរ ដែលទាំងនេះជាវិស័យគាំពារ និងគាំទ្រមួយដល់សេដ្ឋកិច្ចកម្ពុជាដែលមិនមែនជាវិស័យកាត់ដេរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានលើកលែងការរឹតត្បិតលក្ខខណ្ឌកូវីដ-១៩ មួយចំនួនធំសម្រាប់ជនបរទេសដែលមានបំណងចង់មកកម្ពុជា លើកលែងតែអ្នកមិនទាន់ចាក់វ៉ាក់សាំងតែប៉ុណ្ណោះដែលតម្រូវឱ្យធ្វើចត្តាឡីស័ក៧ថ្ងៃ។ កត្តានេះជាសញ្ញាល្អមួយទៀតសម្រាប់ទាក់ទាញអ្នកវិនិយោគបរទេសមកវិនិយោគនៅកម្ពុជាកាន់តែច្រើនផងដែរ៕


Khcct banner

អត្ថបទទាក់ទង