Cc time
Cct850x100 1
Itt 0  web banner

អ្នកបម្រើការងារ«មគ្គុទេសក៍ទេសចរណ៍»នៅតែប្រឈមនឹងបញ្ហាជីវភាពទោះចំនួនភ្ញៀវកើនឡើង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរជាតិ​ និងអន្តរជាតិទៅទស្សនាកម្សាន្តនៅប្រាសាទអង្គរវត្តនាពេលកន្លងទៅថ្មីៗនេះ 

ភ្នំពេញ៖ សម្រាប់រយៈពេលបួនខែដើម ឆ្នាំ២០២២នេះ កម្ពុជាទទួលបានកំណើនភ្ញៀវទេសចសរុបចំនួន ២៤១,៤៨៥ នាក់ កើនឡើង ១៩១,៥%។តែកំណើននេះ មិនបានជួយសម្រួលដល់ជីវភាពអ្នកបម្រើការងារនៅក្នុងវិស័យទេសចរណ៍នោះទេ ដោយពួកគាត់នៅតែទទួលបានចំណូលទាប និង ខ្លះទៀតបោះបង់ចោលអាជីព។

លោក ខៀវ ធី ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍កម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា បើទោះបីបច្ចុប្បន្ននេះ ចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជាក្នុងឆ្នាំនេះមានការកើនឡើងជាងឆ្នាមុនក៏ពិតមែន ប៉ុន្តែចំនួននេះនៅពុំទាន់អាចឱ្យមគ្គុទេសក៍ទេសចរណ៍ចូលបម្រើការងារវិញបានច្រើននាក់នោះទេ ព្រោះមិនសូវសម្បូរការងារធ្វើដូចមុនពេលកូវីដ-១៩ ដែលជាហេតុធ្វើឱ្យបាត់បង់ចំណូលយ៉ាងច្រើន។

បើតាមសមាគមមគ្គុទេសក៍ទេសចរណ៍កម្ពុជា ក្នុងចំណោមមគ្គុទេសចក៍ទេសចរណ៍៥០០០ពាន់នាក់ដែលបម្រើការងារនៅតំបន់សៀមរាប-អង្គរ បច្ចុប្បន្ននេះមគ្គុទេសក៍ទេសចរណ៍មានតែ១០នាក់ប៉ុណ្ណោះដែលបានចូលបម្រើការងារវិញក្នុងមួយថ្ងៃដោយចាំភ្ញៀវមុខប្រាសាទអង្គរវត្ត។

លោកបន្ត កត្តាដែលធ្វើឱ្យមគ្គុទេសក៍ទេសចរណ៍អាចចូលបម្រើការងារវិញបានគ្រប់គ្នា លុះត្រាតែភ្ញៀវទេសចរបរទេសមានការកើនឡើងដល់ខ្ទង់រាប់លាននាក់ ព្រោះមគ្គុទេសក៍ទេសចរណ៍ភាគច្រើនអាចមានការងារធ្វើ ឬទទួលបានការប្រើប្រាស់សេវាកម្មមគ្គុទេសក៍ទេសចរណ៍ពីភ្ញៀវទេសចរបរទេស។ រីឯភ្ញៀវជាតិមិនសូវប្រើប្រាស់សេវាកម្មមគ្គុទេសក៍ទេសចរណ៍ទេ ព្រោះពួកគាត់ចូលចិត្តដើរជាលក្ខណៈគ្រួសារ និងរៀបចំការចេញដើរកម្សាន្តដោយខ្លួនឯង។

ប៉ុន្តែទោះជាយ៉ាងណា ក៏លោកជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំរកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋ ហើយអាចធ្វើឱ្យមានការបើកដំណើរការប្រទេសបានឡើងវិញលើគ្រប់វិស័យជាពិសេសវិស័យទេសចរណ៍ ហើយបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាមានទំនុកចិត្តឡើងវិញក្នុងការប្រកបអាជីវកម្ម និងការចេញដើរកម្សាន្តនៅទូទាំងប្រទេសឡើងវិញ។ លោកសង្ឃឹមថា កម្ពុជាអាចនឹងមានភ្ញៀវទេសចរបរទេសមកកម្សាន្តកាន់តែច្រើនជាងនេះក្នុងពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា ចាត់តាំងពីរងផលប៉ះពាល់ដោយកូវីដ-១៩មក កម្ពុជាបានបាត់បង់ទេសចរបរទេសទាំងស្រុង ហើយមគ្គុទេសក៍ទេសចរណ៍មួយចំនួនធំបានសម្រេចចិត្តប្រកបមុខរបរឬធ្វើការងារផ្សេងៗដូចជា ធ្វើសំណង់ ធ្វើស្រែចម្ការ អ្នកដឹកជញ្ជូន រត់កង់បីជាដើម ដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ៕

Khcct banner

អត្ថបទទាក់ទង