Cctime ezgif.com resize
Img 0571

ការបោះបង្គោល«ព្រំដែន»កម្ពុជា-វៀតណាមសម្រេច៩០ភាគរយ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

វ៉ាស៊ីនតោន៖ ដំណើរការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាម បានសម្រេចចំនួន៩០ភាគរយហើយ គិតត្រឹមថ្ងៃទី ១២ ឧសភានេះ។នេះបើតាមការអះអាងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួម ធ្វើជាសហប្រធានសម្រាប់កិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាម៉េរិក។

នៅចំពោះមុខប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការរស់នៅក្នុងទឹកដីសហរដ្ឋអាម៉េរិក សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ក្រុមការងារបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម បានចរចាសម្រេចចំនួន៨៤ភាគរយ ហើយថ្មីៗនេះ ការចរចាបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមសម្រេចបាន៦ភាគរយទៀត ធ្វើឱ្យការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម សម្រេចបាន ៩០ភាគរយ។

បើតាមសម្តេច ហ៊ុន សែន នៅសល់ចំនួន១០ភាគរយទៀត ភាគីប្រទេសកម្ពុជា និងវៀតណាម កំពុងពន្លឿនការចរចាដោយសារមានតំបន់ខ្លះនៅប្រទាញប្រទង់គ្នា ជាពិសេសតំបន់ដាក់ដាំ និង ដាក់ហ៊ូត ក្នុងខេត្ត​មណ្ឌលគិរី​ដែល​​កំពុង​មាន​​ភាព​ចម្រូងចម្រាសខ្លាំង។ ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញ ជិញ លើទឹកដីអាម៉េរិក សម្តេច ហ៊ុន សែន បានអះអាងថា ភាគីទាំងពីរប្រកាសជំហរដូចគ្នាក្នុងការពន្លឿការងារបោះបង្គោលព្រំដែននេះ។

សម្តេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជាប្រគល់ដីឱ្យប្រទេសវៀតណាមដូចការឃោសនារបស់ក្រុមប្រឆាំងមែន មិនបាច់រង់ចាំការចរចាពីមួយដំណាក់កាលទៅមួយដំណាក់កាលនោះទេ តែការងារបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមនេះ កម្ពុជាធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុត តាមច្បាប់អន្តរជាតិ និង ច្បាប់នានា។

គួរបញ្ជាក់ថា តំបន់ដាក់ដាំ និង ដាក់ហ៊ូត ក្នុងខេត្ត​មណ្ឌលគិរី​ ជាតំបន់មាន​​ភាព​ចម្រូងចម្រាសខ្លាំង។អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម ធ្លាប់បានអះអាងថា ​វៀតណាម​​មាន​ឯកសារ និង​​មូលដ្ឋាន​ច្បាប់​​គ្រប់គ្រាន់​ក្នុង​ការ​​គ្រប់គ្រង​​ដី​នៅ​តំបន់​​ដាក់ដាំ​ហើយ​ខ្លួន​កំពុង​ផ្ទៀងផ្ទាត់​ព័ត៌មាន​នេះ។តែមន្ត្រី​ទទួល​បន្ទុក​ការងារ​ព្រំដែន​កម្ពុជា ​បាន​​ចាត់​ទុក​អំណះ​អំណាង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​វៀតណាម​ដែល​ថា ​ជា​ការ​អះអាង​​ខុស​ច្បាប់​ខណៈ​ដែល​បច្ចុប្បន្ន​គេ​ឃើញ​ជនជាតិ​ វៀតណាម​ កាន់តែ​ច្រើន​ឡើងៗ​បាន​ចូល​មក​​រស់នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​នេះ​៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង