Cc time
Cct850x100 1
Itt 0  web banner

កម្ពុជាមានបំណងចង់ជំរុញឱ្យមានលំហូទេសចរទីម័រឡេស្ដេមកអាស៊ានឱ្យបានច្រើន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អាហ្គីអូ ពែរ៉េអ៉ីរ៉ា (Agio Pereira) (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ អាស៊ានបានដាក់ចេញរួចហើយនូវស្មារតីជំរុញចលនាទេសចរផ្ទៃក្នុងអាស៊ានឱ្យបានខ្លាំងក្លាឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវី១៩រយៈពេលជាង២ឆ្នាំមកនេះ ក្នុងនោះកម្ពុជាបានបង្ហាញអំពីគោលបំណងចង់ឱ្យស្មារតីនេះពង្រីកឱ្យបានដល់ប្រទេសទីម័រឡេស្ដេ ខណៈភ្ញៀវទេសចរក្នុងប្រទេសនេះក៏និយមចេញដើរលេងក្រៅប្រទេសច្រើនដែរ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍។

បើតាមសេចក្តីប្រកាស នៅក្នុងជំនួបពិភាក្សាជាមួយភាគីទីម័រឡេស្ដេ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា «សព្វថ្ងៃនេះទោះបី យើងកំពុងជំរុញចលនាទេសចរផ្ទៃក្នុងអាស៊ាន តាមស្មារតីនៃសេចក្តីសម្រេចចិត្តរបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏ពិតមែន តែដោយសារទីម័លេស្តក៏ស្ថិតក្នុងតំបន់តែមួយ ហើយកន្លងមកនេះក្នុងនាមកម្ពុជាជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ក៏បាននិងកំពុងជំរុញកិច្ចសហប្រតិការយ៉ាងសកម្មផងដែរនោះ»។

ឯកឧត្ដម ថោង ខុន បានបញ្ជាក់ពីគោលបំណងចង់សម្រួលការធ្វើដំណើររវាងប្រទេសទាំងពីរ កម្ពុជា-ទីម័រឡេស្ដេ ក្នុងនោះមានការជំរុញឱ្យមានជើងហោះហើរត្រង់ ការលើកលែងទិដ្ឋការ ខណៈពេលបច្ចុប្បន្នមិនទាន់មានការលើកលែងទិដ្ឋការនៅឡើយទេ។

ក្រៅពីនេះ គឺចង់ពង្រីកកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយរួមគ្នា ក្នុងនោះប្រសិនបើកម្ពុជាទៅផ្សព្វផ្សាយនៅប្រទេសទីម័រ ទីម័រក៏ជួយត្រូវផ្ដល់កិច្ចសហការជាមួយកម្ពុជា ហើយប្រសិនបើទីម័រមកផ្សព្វផ្សាយនៅកម្ពុជា កម្ពុជាក៏ត្រូវផ្ដល់កិច្ចសហការទៅវិញផងដែរ។

ភាគីទាំងពីរក៏បានលើកឡើងអំពីកិច្ចសហការជួយគ្នាក្នុងការអភិវឌ្ឍធនធានមនុស្ស និងជំរុញឱ្យមានការអភិវឌ្ឍផលិតផលទេសចរណ៍ផងដែរ។ ភាគីទាំងពីរក៏កំពុងជំរុញបញ្ចប់សេចក្តីអនុស្សរណៈជាមួយគ្នាលើវិស័យទេសចរណ៍ ហើយនឹងត្រូវចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ នេះបើតាមសេចក្តីប្រកាស៕

Khcct banner

អត្ថបទទាក់ទង