Cc time
Cct850x100 1
Itt 0  web banner

«ផ្ទះបាយអង្គរ»ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី០៣ ខែឧសភានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅក្នុងពិធីសម្ពោធជាផ្លូវការ«ផ្ទះបាយអង្គរ» (រូបភាព៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ) 

ភ្នំពេញ៖ «ផ្ទះបាយអង្គរ» ត្រូវបានសម្ពោធជាផ្លូវការនៅ NIDIR នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២។ «ផ្ទះបាយអង្គរ» នឹងដើរតួនាទីយ៉ាងសំខាន់មួយសម្រាប់វិស័យការទូតម្ហូបអាហារ ដែលនឹងស្វះស្វែងធានាឱ្យបានថា ម្ហូបខ្មែរនឹងទទួលបានការទទួលស្គាល់ និងកោតសរសើរលើកឆាកអន្តរជាតិ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅក្នុងពិធីសម្ពោធនេះ។

ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា នេះគឺជាថ្ងៃវិសេសវិសាល និងជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយ មិនមែនសម្រាប់តែវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ (NIDIR) ឬក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ចក្ខុវិស័យ និងគោលដៅចំបងជារួមក្នុងវិស័យការទូតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ឯកឧត្តមបន្តថា នាសម័យបច្ចុប្បន្ន វិស័យការទូតមានវិសាលភាពទូលំទូលាយ ហើយពិតណាស់ ម្ហូបអាហារស្ថិតនៅក្នុងចង្កោមនេះដែរ ព្រោះអាហារតំណាងឱ្យប្រពៃណី និងអរិយធម៌ដ៏យូរលង់របស់យើង។ «ផ្ទះបាយអង្គរ» ដែលបានសម្ពោធជាផ្លូវការនៅ NIDIR ថ្ងៃនេះ នឹងដើរតួនាទីយ៉ាងសំខាន់មួយសម្រាប់វិស័យការទូតម្ហូបអាហារ ដែលនឹងស្វះស្វែងធានាឱ្យបានថា ម្ហូបខ្មែរនឹងទទួលបានការទទួលស្គាល់ និងកោតសរសើរលើកឆាកអន្តរជាតិ។

ឯកឧត្តមបានបញ្ជាក់ថា យើងទន្ទឹងរង់ចាំបង្ហាត់បង្រៀនវិធីធ្វើម្ហូបខ្មែរ និងការរៀបចំតុបតែង ជូនដល់មន្ត្រីការទូតកម្ពុជា និងសមភាគីបរទេសរបស់យើង ព្រមទាំងបង្ហាញពីឱជារសនៃម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់ ក៏ដូចជាពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា៕


Khcct banner

អត្ថបទទាក់ទង