Cc time
Cct850x100 1
Itt 0  web banner

តម្លៃដឹកជញ្ជូន«ផ្លែឈើស្រស់»ពីកម្ពុជាឡើងថ្លៃពី២ពាន់ទៅ៨ពាន់ដុល្លារក្នុងមួយកុងតឺន័រត្រជាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ការដឹកជញ្ជូនដំណាំឈើហូបផ្លែពីកម្ពុជានាពេលកន្លងទៅ (រូបភាព៖ សហការី)

ភ្នំពេញ៖ តម្លៃដឹកជញ្ជូនផ្លែឈើស្រស់តាមទូកុងតឺន័រត្រជាក់ឡើងថ្លៃរហូតពី២ពាន់ដុល្លារដល់ជាង៧ពាន់ទៅ៨ពាន់ដុល្លារ។ តម្លៃដឹកជញ្ជូនឡើងថ្លៃខ្ពស់ គឺដោយសារតែបច្ចុប្បន្ននេះជាពេលដែលប្រទេសកម្ពុជាក៏ដូចជាប្រទេសជិតខាងចាប់ផ្តើមប្រមូលផលដំណាំឈើហូបផ្លែ ជាហេតុធ្វើឱ្យតម្រូវការទូកុងតឺនឺរត្រជាក់កើនឡើង ។

លោកឧកញ៉ា ហ៊ុន ឡាក់ អ្នកវិនិយោគកសិ-ផលិតកម្ម និងនាំចេញដំណាំឈើហូបផ្លែ និងបន្លែសុវត្ថិភាព បានប្រាប់ស៊ីស៊ីថាមស៍ថា ការដឹកជញ្ជូនផ្លែឈើស្រស់គឺត្រូវការប្រើប្រាស់ទូកុងតឺន័រត្រជាក់ ដើម្បីរក្សាគុណភាពផ្លែឈើ ហើយបច្ចុប្បន្ននេះ ជាពេលដែលកម្ពុជាក៏ដូចជាប្រទេសជិតខាងកំពុងប្រមូលផលដំណាំឈើហូបផ្លែដូចជាផ្លែស្វាយ ធុរ៉េនជាដើម។ ដូចនេះប្រទេសនីមួយៗគឺត្រូវការទូកុងតឺន័រត្រជាក់ ដើម្បីនាំចេញសមិទ្ធិផលរបស់ខ្លួន ជាហេតុធ្វើឱ្យតម្លៃទូកុងតឺនឺរត្រជាក់ឡើងថ្លៃជាងមុន៣ដង រហូតដល់៧ពាន់ដុល្លារទៅ៨ពាន់ដុល្លារ។

បើតាមលោកឧកញ៉ា ហ៊ុន ឡាក់ តម្លៃទូកុងតឺន័រត្រជាក់ឡើងថ្លៃបណ្តាលមកពីតម្រូវការកើនឡើង ហើយបូករួមនឹងតម្លៃសាំងថ្លៃផងដែរ។ ជាមួយគ្នានេះ ចំពោះការការដឹកជញ្ជូនតាមទូកុងតឺនឺរធម្មតាដូចជាទូកុងតឺន័រដឹកអង្ករ ដំឡូងស្ងួត គ្រាប់ស្វាយចន្ទីស្ងួតជាដើម គឺមិនមានការឡើងថ្លៃខ្លាំងទេ គឺតម្លៃអាចទទួលយកបាន។

លោកឧកញ៉ាបន្ថែមថា ក្រៅពីតម្រូវការប្រើប្រាស់ទូកុងតឺន័រ និង តម្លៃទូកើនឡើង ក៏មានកត្តាមួយចំនួនទៀតដែលបានជះឥទ្ធិពលដល់ការនាំចេញដំណាំឈើហូបផ្លែដែរដូចជា តម្លៃប្រេងសាំងឡើងថ្លៃ សង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន និងបញ្ហាកូវីដជាដើម។

លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍ថា ចាត់តាំងពីមានការរីករាលដាលជំងឺកូវីដ-១៩ វិស័យដឹកជញ្ជូននៅកម្ពុជាក៏ដូចជាដៃគូពាណិជ្ជកម្មកម្ពុជានៅជុំវិញពិភពលោក តែងតែជួបប្រទះបញ្ហាប្រឈមមួយចំនួន ហើយបច្ចុប្បន្ននេះវិស័យដឹកជញ្ជូនកម្ពុជាក៏បានរងផលប៉ះទង្គិចបន្តិចបន្តួចបន្ថែមទៀតពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនដែលជាផ្នែកមួយធ្វើឱ្យតម្លៃសាំងឡើងថ្លៃ កង្វះទូកុងតឺន័រ និងការឡើងថ្លៃខ្ពស់ហួសហេតុចំពោះការដឹកជញ្ជូនតាមផ្លូវទឹកឆ្លងទ្វីបជាដើម៕

Khcct banner

អត្ថបទទាក់ទង