Yearendyearend1140x150

លោកជំទាវ ឆាយ ស៊ីវលីន៖កម្ពុជាត្រូវការពេល៣-៤ឆ្នាំទៀតទើបទេសចរណ៍ងើបឡើងពេញលេញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កំណើនភ្ញៀវទេសចរចេញដើរលេងកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និង ថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង៥លាននាក់។ ជាមួយគ្នានេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបញ្ជាក់ថា បើទោះបីជាភ្ញៀវទេសចរផ្តើមចេញដើរកម្សាន្តច្រើនជាងមុនក៏ដោយ ក៏វិស័យទេសចរណ៍កម្ពុជានៅតែមិនទាន់ងើបឡើងវិញពេញលេញនៅឡើយទេបើធៀបនឹងឆ្នាំ២០១៩ គឺត្រូវការពេលចន្លោះពី៣ឆ្នាំទៅ៤ឆ្នាំទៀត។

លោកជំទាវ ឆាយ ស៊ីវលីន បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា បច្ចុប្បន្ននេះ វិស័យទេសចរណ៍កម្ពុជាមិនទាន់មានភាពល្អប្រសើរបានពេញលេញក៏ពិតមែន ប៉ុន្តែក៏មិនមែនបានន័យថាវិស័យទេសចរណ៍កម្ពុជាមិនមានការរីកចម្រើននោះដែរ។ ជារួម មកទល់ពេលនេះវិស័យទេសចរណ៍កម្ពុជាកំពុងមានភាពរីកចម្រើន និងមានពន្លឺវិជ្ជមានបន្តិចម្ដងៗ ដោយសារតែការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការស្ដារឡើងវិញនូវទេសចរណ៍កម្ពុជា ដោយបានបន្ធូរបន្ថយ ឬលុបចោលលក្ខខណ្ឌកូវីដមួយចំនួនធំ ដើម្បីសម្រួលដល់ការចេញចូលរបស់ភ្ញៀវបរទេសមកកាន់កម្ពុជា។

លោកជំទាវបន្តថា កម្ពុជាប្រហែលជាត្រូវចំណាយពេលចន្លោះពី៣-៤ឆ្នាំទៀត ទើបវិស័យទេសចរណ៍អាចងើបឡើងវិញពេញលេញបានដូចកាលពីកូវីដមិនទាន់មានវត្តមាននៅកម្ពុជា។ លោកជំទាវបន្ថែមថា ចំពោះការចេញដើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងឱកាសចូលឆ្នាំខ្មែរកន្លងទៅនេះ ខាងសមាគមទីភ្នាក់ងារទេសចរណ៍គឺមិនសូវទួលបានអត្ថប្រយោជន៍ច្រើនទេនៅអំឡុងពេលនោះ ព្រោះភ្ញៀវភាគច្រើនគឺធ្វើដំណើរកម្សាន្តដោយខ្លួនឯង ហើយភ្ញៀវមួយចំនួនតូចប៉ុណ្ណោះដែលបានប្រើប្រាស់សេវារៀបចំកញ្ចប់ទស្សនៈកិច្ចដោយទីភ្នាក់ងារទេសចរណ៍។

លោកជំទាវបញ្ជាក់ថា បើទោះបីជាទីភ្នាក់ងារមិនសូវទទួលបានអត្ថប្រយោជន៍ក៏ដោយ ក៏អាជីវករទេសចរណ៍ដូចជាអ្នកលក់ដូរចំណីអាហារ ភេសជ្ជៈ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងផ្សេងៗទៀត ផ្តើមទទួលបានអត្ថប្រយោជន៍ និងចំណូលខ្លះៗឡើងវិញពីចេញដើរកម្សាន្តរបស់ភ្ញៀវជាតិ និងអន្តរជាតិនៅក្នុងឱកាសនេះ។

នៅក្នុងឱកាសចូលឆ្នាំខ្មែរកម្លងទៅនេះ លោកជំទាវសង្កេតឃើញថា ជុំវិញអាជីវកម្មទេសចរណ៍នៅតាមបណ្ដាខេត្តគោលដៅទេសចរណ៍ដែលបានបើកនៅក្នុងឱកាសនេះ គឺបានបើកដំណើរការស្ទើរតែទាំងអស់(ប្រហែល៩០ភាគរយ)។ ដោយឡែកអាជីវកម្មទេសចរណ៍នៅខេត្តសៀមរាប គឺបានបើកដំណើរការបានតែជាងជាង៦០ភាគរយទៅ៧០ភាគរយតែប៉ុណ្ណោះ ព្រោះដោយសារតែបញ្ហាកូវីដជាង២ឆ្នាំកន្លងទៅនេះ បានធ្វើឱ្យបុគ្គលិក កម្មករ នៅខេត្តសៀមរាបបានបោះបង់ចោលវិជ្ជាជីវៈរបស់ខ្លួនទៅធ្វើការងារឬប្រកបរបរផ្សេងៗដើម្បីដោះស្រាយជីវភារហូតមកដល់បច្ចុប្បន្ននេះ។

ក្រៅពីនេះ លំហូរទេសចរអន្តរជាតិមកកម្ពុជាក៏នៅពុំទាន់មានភាពពេញលេញដែរ គឺស្ថិតក្នុងកម្រិតមធ្យមនៅឡើយ ហើយមានការកើនឡើងបន្តិចម្តងៗ ដូចនេះវាជាកត្តាមួយសម្រាប់ទុកពេលឱ្យកម្ពុជារៀបចំលក្ខណៈទទួលទេសចរអន្តរជាតិបានកាន់តែល្អ ហើយបុគ្គលិកទេសចរណ៍ក៏អាចនឹងមានពេលវេលាវិលមកចាប់យករបរតាមវិជ្ជាជីវៈរបស់ខ្លួនឡើងវិញ។ ចំណែកចរន្តទេសចរណ៍ក្នុងស្រុកវិញ គឺមានភាពកាន់តែល្អប្រសើរឡើងវិញបន្តិចម្ដងៗ។ នេះជាការលើកឡើងរបស់លោកជំទាវ ឆាយ ស៊ីវលីន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង