Yearendyearend1140x150

ក្រុមហ៊ុនបរទេសដែលវិនិយោគនៅកម្ពុជាមានសន្ទុះកើនឡើងនៅដើមឆ្នាំ២០២២

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ក្រុមហ៊ុនបរទេសវិនិយោគលើវិស័យនានានៅកម្ពុជានាពេលកន្លងទៅ (រូបភាព៖ Construction & Property News) 

ភ្នំពេញ៖ បច្ចុប្បន្ននេះ បើទោះបីកម្ពុជានៅតែមិនទាន់គេចផុតពីការរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ទាំងស្រុងក៏ដោយ ក៏អ្នកជំនាញយល់ឃើញថា លំហូរនៃការវិនិយោគលើគម្រោងថ្មីៗនៅកម្ពុជាសម្រាប់ឆ្នាំ២០២២ គឺមានសន្ទុះកើនឡើងច្រើនជាងឆ្នាំ២០២១។ ដូចនេះវាជាសញ្ញាមួយដែលបានបង្ហាញថាកំណើនសេដ្ឋកិច្ចកម្ពុជាគឺមិនមានភាពថមថយឡើយ។ នេះបើតាមប្រសាសន៍ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍។

ឧកញ៉ា លឹម ហេង បានលើកឡើងថា ក្នុងរយៈប៉ុន្មានខែនៃឆ្នាំ២០២២នេះ សញ្ញានៃការវិនិយោគគឺមានភាពល្អប្រសើរ តាមការចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានអនុម័តគម្រោងជាច្រើន ហើយបើប្រៀបធៀបនឹងឆ្នាំ២០២១គឺមានការកើនឡើងច្រើន លើសពីនេះ ក៏មានការចុះបញ្ជីក្រសួងពាណិជ្ជកម្មជាច្រើនទៀតផងដែរ។

ឧកញ៉ាបន្តថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានលើកលែងការរឹតត្បិតលក្ខខណ្ឌកូវីដ-១៩ មួយចំនួនធំសម្រាប់ជនបរទេសដែលមានបំណងចង់មកកម្ពុជា លើកលែងតែអ្នកមិនទាន់ចាក់វ៉ាក់សាំងតែប៉ុណ្ណោះដែលតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ។ កត្តានេះជាសញ្ញាល្អមួយទៀតសម្រាប់ទាក់ទាញអ្នកវិនិយោគ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីដែលកម្ពុជាមាន ក៏ជាផ្នែកមួយដែលនឹងជួយស្រូបទាញវិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជាកាន់តែច្រើនផងដែរ។

មួយវិញទៀត ទន្ទឹមនឹងពេលដែលប្រទេសនៅតំបន់មួយចំនួន បានជួបបញ្ហាអស្ថិរភាពនយោបាយ ក៏ដូចជាបញ្ហាកូវីដ-១៩ ធ្វើឱ្យការបញ្ជាទិញពីបណ្តាប្រទេសទាំងអស់នោះងាកមកប្រទេសកម្ពុជាវិញ ដូច្នេះ វាជាឱកាសសម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគ។ នេះជាប្រសសន៍ឧកញ៉ា លឹម ហេង។

អនុប្រធានសភាពាណិជ្ជកម្មរូបនេះបានបញ្ជាក់ថា ចំពោះក្រុមហ៊ុនដែលបានចុះបញ្ជីវិនិយោគនៅកម្ពុជាហើយឈរលំដាប់លេខ១គឺក្រុមហ៊ុនចិន បន្ទាប់មកមានក្រុមហ៊ុនកូរ៉េ ជប៉ុន និងបណ្តាប្រទេសក្នុងតំបន់អាស៊ានមួយចំនួនទៀត។ ក្រុមហ៊ុនទាំងនេះ បានវិនិយោគលើវិស័យជាច្រើននៅកម្ពុជាដូចជា វិស័យកាត់ដេរ រោងចក្រផលិតកង់រថយន្ត រោងចក្រតម្លើងរថយន្ត កសិ-ឧស្សាហកម្ម និងផ្សេងៗទៀត ហើយវិស័យទាំងនេះជាជន្ទល់ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង