Yearendyearend1140x150

ក្រសួងព័ត៌មានបើកវគ្គបណ្តោះបណ្តាលជូនអ្នកព័ត៌មានស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ក្រសួងព័ត៌មាន នៅថ្ងៃទី ២៩ មីនានេះ បានបើកវគ្គបណ្តោះបណ្តាលជូនអ្នកសារព័ត៌មាន ក្រោមប្រធានបទ “ទន្លេតែមួយ អនាគតតែមួយ”។កម្មវិធីនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមអធិបតីពី ឯកឧត្តម គឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និង មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អ្នកសារព័ត៌មានជាតិ និង អន្តរជាតិ មកពីប្រទេសតាមទន្លេមេគង្គ។

វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមចំនួនសរុបប្រមាណ ១៣៥នាក់ ភាគច្រើនជាមន្ត្រីព័ត៌មាន និង អ្នកសារព័ត៌មានវ័យក្មេងមកពីបណ្តាប្រទេសមេគង្គ-ឡានឆាង មានដូចជា ឡាវ ភូមា ថៃ វៀតណាម និង ចិន ចូលរួមតាមប្រព័ន្ធវីដេអូ ដើម្បីចែករំលែកបទពិសោធន៍ ស្វែងយល់ពីបច្ចេកវិទ្យានៃឌីជីថលូបនីយកម្ម លើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងដើម្បីសម្រេចបានតាមវត្ថុបំណង “ ទន្លេតែមួយ អនាគតតែមួយ ” របស់រដ្ឋាភិបាល និងប្រជាជន នៃបណ្តាប្រទេសទន្លេមេគង្គ។

វាគ្មិនកិត្តិយស ទាំង ០៣រូប ដែលមានវត្តមានក្នុងវគ្គបណ្តុះបណ្តាលគឺ លោកជំទាវ ម៉ម ដាត្ថាលីណែត ទីប្រឹក្សាក្រសួងព័ត៌មាន បានធ្វើបទបង្ហាញស្តីពី “ ការផ្សាភ្ជាប់ទំនាក់ទំនងរវាងអ្នកសារព័ត៌មាន ក្នុងតំបន់មេគង្គ ដែលជាទន្លេរួមគ្នា និងដើម្បីអនាគតរួមគ្នា ”។ លោកជំទាវ ឆន ណាវី ទីប្រឹក្សាក្រសួង និងជាអគ្គនាយិការង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានធ្វើបទបង្ហាញស្តីពី “ ព័ត៌មានមិនពិត ៖ វិធានការ និងយន្តការដោះស្រាយរបស់អ្នកសារព័ត៌មាន និងរដ្ឋាភិបាល ” និង លោក ZHANG BAO ប្រធានអ្នកឆ្លើយឆ្លងព័ត៌មាននៃសារព័ត៌មាន Economic Daily ការិយាល័យនៅកម្ពុជា បានធ្វើបទបង្ហាញស្តីពី “ បទពិសោធន៍សារព័ត៌មាន Economic Daily ស្តីពីតួនាទីរបស់អ្នកសារព័ត៌មាន ក្នុងការលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃប្រទេសមេគង្គ-ឡានឆាង ”។

វាគ្មិនកិត្តិយស ទាំង ០៣រូប បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់មេគង្គ-ឡានឆាង ព្រោះវាបានចូលរួមចំណែកជាគ្រឹះ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គមនៃប្រទេសអនុតំបន់ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ហើយគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងដំណើរការសមាហរណកម្មក្នុងតំបន់ និងស្នើសុំឱ្យអ្នកសារព័ត៌មានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីផ្សព្វផ្សាយទាញយកប្រយោជន៍ពីកិច្ចសហប្រតិបត្តិការនេះសម្រាប់អភិវឌ្ឍប្រទេសកម្ពុជា៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង