Cctimesw1140xh150cm copy

ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនឹងកើតមាននៅថ្ងៃទី២១មីនានេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថាបាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី» ន័យសាមញ្ញ គឺរយៈពេលថ្ងៃនិងយប់ស្មើគ្នាត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគុកតារាជនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ខាងមុខ។

បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា លោក អ៉ឹម សុខរិទ្ធី ឱ្យដឹងថា សម្រាប់ឆ្នាំ២០២២ គឺថ្ងៃរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្តនៃសមរាត្រីខែមីនានេះ នឹងត្រូវចំថ្ងៃទី២១ ខែមីនា នៅវេលាប្រហែលជាចាប់ពីម៉ោង៦:៣០នាទីព្រឹក ដែលជាព្រឹត្តិការណ៍យ៉ាងពិសេសមួយ។

អ្នកបុរាណវិទូដដែល បញ្ជាក់ទៀតថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តសម្រាប់ឆ្នាំ២០២២នេះ អាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត។

អ្នកជំនាញពន្យល់ថា សមរាត្រី គឺជាពេលវេលាដែលរវាងពេលថ្ងៃនិងពេលយប់ឱ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃវែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក។ ក៏ប៉ុន្តែ សម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឱ្យ ប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង។

លោក អ៉ឹម សុខរិទ្ធី ឱ្យដឹងថា ការរៀបចំរបស់បុព្វបុរសខ្មែរ តម្រូវតាមបាតុភូតធម្មជាតិឱ្យព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះទៅបាន គឺត្រូវគិតគូរតាំងពីរឿងស្ថាបត្យកម្ម ការរៀបចំដីធ្លី ការគន់គូរ តាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្រ្ត ព្រមទាំងរួមផ្សំជាមួយជំនឿផង។ អាចនិយាយបាន ថាព្រឹត្តិការណ៍ពិសេសថ្ងៃ រះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្ត ប្រហែលជាអច្ឆរិយនេះកើតមានតែនៅលើ ប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះចំណែកឯសំណង់បុរាណជាច្រើននៅប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ។

ថ្វីត្បិតតែក្នុង១ឆ្នាំៗ ព្រឹត្តិការណ៍ពិសេសសមរាត្រី នឹងថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តអាចកើតឡើងក្នុង១ឆ្នាំ២ដងក្តី ក៏ប៉ុន្តែ បាតុភូតនោះកើតឡើងមិនដូចគ្នាទេ។ កាលពីឆ្នាំ២០១៩កន្លងទៅ(សមរាត្រី)ព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តបានកើត ឡើងនៅថ្ងៃទី២០ ខែមីនា ចាប់ពីព្រឹកព្រលឹមស្រាងៗ ដោយគេអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ(ខ្លោងទ្វារធំប៉ែកខាងលិច) អំឡុងពេលចាប់ពីម៉ោង៥និង៥០នាទីដល់ម៉ោងប្រហែល៧ព្រឹក៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង