Cc time
Cct850x100 1
Itt 0  web banner

កម្ពុជានឹងមានកំណើនការនាំចេញជាង៧ភាគរយនៅពេលអនុវត្តកិច្ចព្រមព្រៀងអាសិប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងសិក្ខាសាលាស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

ភ្នំពេញ៖ យោងតាមការសិក្សារបស់វិទ្យាស្ថាន ERIA បានបង្ហាញថា ការនាំចេញរបស់កម្ពុជានឹងកើនឡើង ៧.៣% ការវិនិយោគនឹងកើនឡើង២៣.៤% និងផលិតផលក្នុងស្រុកសរុបនឹងកើនឡើង ២% នៅពេលកម្ពុជាអនុវត្តកិច្ចព្រមព្រៀងអាសិប ក្រោយការចូលជាធរមានកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ កន្លងទៅ។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ឯកឧត្ដម ប៉ាន សូរស័ក្តិ នៅក្នុងសិក្ខាសាលាស្តីពី “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់៖ ផលបច្ច័យ បញ្ហាប្រឈម និងកំណើនសេដ្ឋកិច្ចនាពេលអនាគតសម្រាប់តំបន់អាស៊ីបូព៌ា និងអាស៊ាន” នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងអាសិបនេះមានសារសំខាន់យ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច និងបរិវត្តកម្មផ្នែករចនាសម្ព័ន្ធរបស់កម្ពុជានៅក្នុងនិម្មាបនកម្មសេដ្ឋកិច្ចតំបន់ និងសកល។

ឯកឧត្តមបន្តថា លើសពីនេះ កិច្ចព្រមព្រៀងនេះ នឹងបង្កើតទីផ្សារបន្ថែមទៀតសម្រាប់មនុស្ស ២,២ ពាន់លាននាក់ ដែលមានផលិតផលក្នុងស្រុកសរុបប្រមាណ ២៦,២ ទ្រីលានដុល្លារអាម៉េរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំណែកប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក និង៣២.៥% នៃការវិនិយោគសកល។

ឯកឧត្តមសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះនឹងរួមចំណែកយ៉ាងចាំបាច់ដល់ការស្តារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា និងប្រទេសសមាជិកពាក់ព័ន្ធ ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ព្រមទាំងជះឥទ្ធិពលវិជ្ជមានផ្សេងទៀតដល់ការអភិវឌ្ឍ តាមយៈការបង្កើតការងារ ការជំរុញការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ការទទួលបានផលប្រយោជន៍ប្រកបដោយបរិយាប័ន្នខ្ពស់។

ក្រៅពីនេះ កិច្ចព្រមព្រៀងអាសិប បង្កើតជាក្របខណ្ឌគតិយុត្តទំនើបថ្មី ដែលជំរុញការធ្វើកំណែទម្រង់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ច្បាប់-គតិយុត្ត និងស្ថាប័ន ដើម្បីធានាស្តង់ដារខ្ពស់របស់កម្ពុជានាពេលខាងមុខ ស្របពេលដែលកម្ពុជាអាចនឹងចាកចេញពីឋានៈប្រទេសអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៨ និងគ្រោងប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ប្រកបដោយប្រសិទ្ធភាព។ នេះបើតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៕

Khcct banner

អត្ថបទទាក់ទង