Cc time
Cct850x100 1
Itt 0  web banner

កម្ពុជានឹងផ្តល់«រថយន្តដឹកវ៉ាក់សាំង»ចំនួន១០គ្រឿងដល់ប្រទេសឡាវ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាពឯកសារ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន១០គ្រឿង ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេសលើកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជនឡាវឱ្យកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់។

យោងតាមសេចក្តីជូនដំណឹងរបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីនរដ្ឋលេខាធិការនិងជាប្រធាន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.ជ.ក-១៩) តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងនាំយកជំនួយរថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿង របស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

លោកជំទាវបន្ថែមថា ការសម្រេចផ្តល់រថយន្តដឹកវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវិនាពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះសុខភាពនិងសុខុមាលភាពរបស់ប្រជាជនឡាវ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាកាយវិការមនុស្សធម៌ប្រកបដោយបេះដូងដ៏ល្អប្រពៃពិតប្រាកដរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។

លោកជំទាវបញ្ជាក់ថា អំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់កម្ពុជានាពេលនេះ នឹងរួមចំណែកបន្ថែមទៀតជូនដល់ប្រទេសឡាវ នៅក្នុងការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ ជាពិសេសលើកិច្ចការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាជនឡាវឱ្យកាន់តែមានភាពល្អប្រសើរឡើងជាលំដាប់។

ការផ្តល់ជំនួយដល់ប្រទេសឡាវនេះ បន្ទាប់ពីកម្ពុជាបានទទួលជោគជ័យក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនចាប់ពីកុមារអាយុ៣ឆ្នាំឡើង រហូតដល់មនុស្សចាស់បានស្ទើតែគ្រប់គ្នាទៅហើយក្នុងចំណោមប្រជាជនកម្ពុជាទាំអស់អស់។

ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ សម្រេចបានក្រុមមនុស្សអាយុ ១៨ឆ្នាំ ឡើងទៅ បានជាង102ភាគរយ អាយុ ១២-១៧ឆ្នាំ បាន100ភាគរយ អាយុ ០៦-១១ឆ្នាំ បានជាង១០៧ភាគរយ និងកុមារអាយុ ០៥ឆ្នាំ ជិត១២០ភាគរយ។

ពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងកូវីដ-១៩នៅកម្ពុជានេះ ត្រូវបានគេមើលឃើញថា ប្រទេសចិនជាប្រទេសទីមួយ ដែលបានផ្ដល់សម្ភារៈបច្ចេកទេស បរិក្ខាពេទ្យ ថ្នាំពេទ្យ និងវ៉ាក់សាំងការពារកូវីដ-១៩ដល់កម្ពុជាច្រើនជាងគេ ពោលគឺជាង១ឆ្នាំកន្លងមកនេះ ទាំងការបញ្ជាទិញ និងការផ្ដល់ជំនួយរបស់មិត្តចិន វ៉ាក់សាំងការពារកូវីដ-១៩ របស់ចិនប្រមាណជាង៣០ លានដូសបានផ្ដល់ជូនដល់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង