Cc time
Cct850x100 1
Itt 0  web banner

អឺរ៉ុបអនុម័តផែនការជំនួយយោធាសម្រាប់អ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី​ ម៉ាលីង
/
អឺរ៉ុបអនុម័តផែនការជំនួយយោធាសម្រាប់អ៊ុយក្រែន ប្រភពរូប៖ ស៊ីស៊ីធីវី

អឺរ៉ុប៖ សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសពីការយល់ព្រមលើផែនការជំនួយយោធាសម្រាប់អ៊ុយក្រែន និងការអនុម័តវិធានការជាបន្តបន្ទាប់ប្រឆាំងនឹងរុស្ស៊ីជាមួយនឹងការដាក់ "ទណ្ឌកម្មធ្ងន់ធ្ងរលើរុស្ស៊ី"។

យោងតាមសេចក្តីថ្លែងការណ៍ សហភាពអឺរ៉ុបបានអនុម័តវិធានការផ្តល់ជំនួយចំនួនពីរ សម្រាប់ការផ្តល់ឧបករណ៍ និងការផ្គត់ផ្គង់ដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន រួមទាំងអាវុធដ៍សាហាវ ដែលមានតម្លៃ ៥០០ លានអឺរ៉ូ (៥៦០ លានដុល្លារអាមេរិក)។

លើសពីនេះ ប្រទេសជាសមាជិកសហភាពអឺរ៉ុបនឹងបិទដែនអាកាសរបស់ពួកគេ ទៅកាន់ប្រទេសរុស្ស៊ី និងហាមឃាត់ប្រតិបត្តិការរបស់ពួកគេជាមួយធនាគារកណ្តាលរុស្ស៊ី។ សហភាពអឺរ៉ុប ទាមទារឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធា ហើយដកទ័ព និងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីអ៊ុយក្រែនទាំងមូលដោយគ្មានលក្ខខណ្ឌ។

លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខបាននិយាយកាលពីថ្ងៃចន្ទថា EU នឹងផ្តល់ឱ្យអ៊ុយក្រែននូវទិន្នន័យស៊ើបការណ៍អវកាសតាមរយៈមជ្ឈមណ្ឌលផ្កាយរណប EU នៅទីក្រុងម៉ាឌ្រីត។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយនៅថ្ងៃតែមួយថា ណាតូកំពុងផ្តល់មីស៊ីលប្រឆាំងយន្តហោះ អាវុធប្រឆាំងរថក្រោះ និងជំនួយផ្សេងទៀតដល់អ៊ុយក្រែន។ ទន្ទឹមនឹងនេះ អង្គការណាតូក៏បានពង្រឹងការការពាររបស់ខ្លួននៅក្នុងតំបន់បាល់ទិក និងត្រៀមខ្លួនជាស្រេចក្នុងការវិនិយោគបន្ថែមទៀត។

រុស្ស៊ី និងអ៊ុយក្រែនបានបញ្ចប់ការចរចាជុំដំបូងរបស់ពួកគេកាលពីថ្ងៃចន្ទ នៅប្រទេសបេឡារុស្ស ហើយបានសម្រេចចិត្តថា នឹងមានជុំមួយទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រុមអ្នកវិភាគបាននិយាយថា តាមរយៈការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនៃជំនួយយោធានឹងធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញនៅចំណុចនេះ៕

Khcct banner

អត្ថបទទាក់ទង