Cc time
Cct850x100 1
Itt 0  web banner

បារាំងជ្រើសរើសកម្ពុជាធ្វើគំរូនាំមុខគេក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក លោក ពើឡេត៍ ហ្សាគ ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញនាដំណាក់កាលក្នុងនិងក្រោយវិបត្តិកូវីដ១៩ បារាំងមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងក្របខណ្ឌអឺរ៉ុប-អាស៊ាន និងបារាំង-អាស៊ាន ហើយបានជ្រើសរើសកម្ពុជាជាដៃគូនាំមុខគេក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនេះ ពីព្រោះកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២។ នេះជាការបញ្ជាក់របស់លោក ពើឡេត៍ ហ្សាគ (Pellet Jacques) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ពើឡេត៍ ហ្សាគ បានលើកឡើងអំពីគោលបំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋបារាំង ដែលចង់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយអាស៊ាន ពោលទាំងក្នុងក្របខណ្ឌអឺរ៉ុប-អាស៊ាន និងក្របខណ្ឌបារាំង-អាស៊ាន ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញនាដំណាក់កាលក្នុងនិងក្រោយវិបត្តិកូវីដ១៩។

ក្នុងនាមតំណាងរដ្ឋាភិបាលបារាំង លោក ហ្សាគ ថែមទាំងបានគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជានាំមុខគេក្នុងការរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះ ដើម្បីធ្វើជាគំរូដល់ប្រទេសសមាជិកដទៃ ដែលនេះជាការចូលរួមដើម្បីផលប្រយោជន៍ ភាពរីកចម្រើនទាំងអស់គ្នា ពិសេសក្នុងនាមកម្ពុជាជាប្រធានអាស៊ានផងដែរ។

លោកក៏នឹងបន្តផ្សព្វផ្សាយអំពីព័ត៌មានទាំងនេះទៅកាន់ប្រជាជនបារាំង ដើម្បីឱ្យពួកគេជ្រើសរើសគោលដៅទេសចរណ៍កម្ពុជាជាគោលដៅអាទិភាពមួយ នៅពេលសភាពការណ៍កូវីដ១៩មានការថមថយ ឬអាចធ្វើដំណើរបានស្រួល។

ទន្ទឹមនឹងនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើឱ្យមានការជំរុញតភ្ជាប់ជើងហោះហើរត្រង់ពីបារាំងទៅមកកម្ពុជា ដើម្បីជំរុញកំណើនភ្ញៀវទេសចរទៅមក។

នៅក្នុងជំនួបនោះផងដែរ តាមសំណើរបស់លោករដ្ឋមន្ត្រី ថោង ខុន ភាគីបារាំងសន្យាជួយគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ភាគីទាំងពីរចង់ឱ្យមានក្រុមការងារមួយចុះមកសិក្សាជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនោះលោក ពើឡេត៍ ហ្សាគ បានបញ្ជាក់ថា បារាំងមានមូលនិធិ៦០ម៉ឺនដុល្លារ ដើម្បីជួយចូលរួមរៀបចំស៊ីហ្គេមនៅកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង