Yearendyearend1140x150

ប្រេងឥន្ធនៈបន្តឡើងថ្លៃជាង៥០០០រៀលសម្រាប់សាំងស៊ុបពែររំខានដល់ជីវភាពប្រជាពលរដ្ឋ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖ សហការី

ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ធនៈដែលកើនឡើងជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កំពុងបង្កឱ្យអ្នកប្រើប្រាស់ ជាពិសេសអ្នកមានប្រាក់ចំណូលទាបសម្តែងការត្អូញត្អែរយ៉ាងខ្លាំង ខណៈពួកគេកំពុងប្រឈមការលំបាកក្នុងការរកប្រាក់ប្រចាំថ្ងៃដែលបណ្តាលពីឥទ្ធិពលនៃជំងឺកូវីដ ១៩ និងទំនិញដទៃផ្សេងទៀតក៏ឡើងថ្លៃដូចគ្នា។

តម្លៃប្រេងសាំងលក់រាយនៅកម្ពុជាបានកើន ២០០ រៀល ក្នុង ១ លីត្រកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសាំងធម្មតាត្រូវលក់តម្លៃ៤,៧០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,៤៥០រៀល ក្នុង១លីត្រ ខណៈតម្លៃប្រេងសាំងស៊ុបពែរតម្លៃ៥,២៥០រៀល។

លោក សំ រ៉ាឌី អាជីវកផ្សារច្បារអំពៅ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ចំពោះតម្លៃប្រេងសាំងឡើងថ្លៃជាបន្តបន្ទាប់នេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ ព្រោះចំណូលបានមកគ្រាន់តែចាក់សាំងទៅវិញស្ទើរមិនគ្រប់ផង ខណៈទំនិញផ្សេងក៏ឡើងថ្លៃដូចគ្នា។លោករ៉ាឌី បានសម្តែងក្តីបារម្ភតែលោកសង្ឃឹមថា រាជរដ្ឋាភិបាលនឹងដោះស្រាយជូនប្រជាពលរដ្ឋ។

លោក ហេង បញ្ជា អ្នកលក់មាត់បំពង បាននិយាយថា បច្ចុប្បន្ននេះហ្គាសក៏ឡើងថ្លៃ ហើយសាំងក៏ឡើងថ្លៃទៀត បូករួមជាមួយប្រឈមការលំបាកក្នុងការរកប្រាក់ប្រចាំថ្ងៃដែលបណ្តាលពីឥទ្ធិពលនៃជំងឺកូវីដ ១៩ ធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់លោកកាន់តែធ្លាក់។លោកថា ក្រៅពីសាំងឡើងថ្លៃក៏មានការាស់សាំងមួយចំនួនលួចកឹបកេងសាំងចាក់សាំងមិនគ្រប់លីតជាដើម។

ចំណែកលោកកេត គៀន អ្នកបើកបររថយន្តតាក់ស៊ី មកពីខេត្តព្រៃវែង បាននិយាយថា តម្លៃប្រេងសាំងឡើងថ្លៃជាបន្តបន្ទាប់នេះបានធ្វើឱ្យប៉ះពាល់ដល់អ្នករកស៊ីគ្រប់ប្រភេទពិសេសអ្នកបើកតាក់ស៊ី ព្រោះចំណូលបានមកគ្រាន់តែចាក់សាំងទៅវិញស្ទើរមិនគ្រប់ផង។លោកថា លោករត់តាក់ស៊ីមួយជើងចំណាយប្រេង១កាន ហើយប្រសិនលោកកតំឡើងថ្លៃជិះគ្មានអ្នកជិះជាដើម។

ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈបន្តការឡើងថ្លៃគឺអាចបណ្តាលមកពីភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន និងក្រុមហ៊ុនផលិតប្រេងអូប៉ិជាដើម។លោកបានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ប្រេងឆៅ នៅទីផ្សារអន្តរជាតិ គឺមានការឡើងថ្លៃរហូតដល់៩៩ដុល្លារក្នុងមួយបារ៉ែល ហើយប្រេងដែលចម្រាញ់រួចក៏មានការឡើងថ្លៃដូចគ្នា។

គួរបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និង ដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៤ សេនដុល្លារ ក្នុង ១ លីត្រ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈ ចុះមក៤.៧០០ រៀល/លីត្រ (ឡើង២០០៛) សម្រាប់សាំងធម្មតា EA92 និង ៤.៤៥០រៀល/លីត្រ (ឡើង២០០៛) សម្រាប់ប្រេងម៉ាស៊ូត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង