Yearendyearend1140x150

សម្តេច ស ខេង អរគុណភាគីពាក់ព័ន្ធចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២១

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ភ្នំពេញ៖ យោងតាមរបាយការណ៍ នៅឆ្នាំ២០២១កន្លងទៅគ្រោះថ្នាក់ចរាចរណ៍បានថយចុះធៀបនឹងឆ្នាំ២០២០ ទាំងចំនួនករណីគ្រោះថ្នាក់ ករណីស្លាប់ និងរបួស ហើយសមត្ថកិច្ចបានត្រួតពិនិត្យយានយន្តសរុបជាង២លានគ្រឿង ក្នុងនោះម៉ូតូជាង៦០ភាគរយ, រកឃើញយានយន្តល្មើសនិងពិន័យជាង២២៣ពាន់គ្រឿង ក្នុងនោះម៉ូតូជាង៧០ភាគរយ និងពិន័យបានថវិកាសរុបជាង១៩ប៊ីលានរៀល។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ប្រារព្ធនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន សម្តេច ស ខេង បានយកឱកាសនេះថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋដែលបានខិតខំបំពេញភារកិច្ច និងចូលរួមគាំទ្រ ធ្វើឱ្យការងារទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២១មានភាពល្អប្រសើរ។

យោងតាមរបាយការណ៍ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា មានគ្រោះថ្នាក់ចរាចរណ៍ ចំនួន២៦៧០ករណី ស្លាប់១៤៩៧នាក់ របួស៣៦១៥ ក្នុងនោះរបួសធ្ងន់មាន២២៤៦នាក់។ ចំពោះអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២១ ភាគច្រើននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ចាម។

បើតាមរបាយការណ៍បានឲ្យដឹងថា មូលហេតុបណ្ដាលឱ្យមានគ្រោះថ្នាក់សរុប រួមមានបើកបរលើសល្បឿនកំណត់៣៨ភាគរយ មិនគោរពសិទ្ធិ២៤ភាគរយ មិនប្រកាន់ស្ដាំ១៤ភាគរយ វ៉ាជែង៨ភាគរយ បត់៨ភាគរយ ស្រវឹង៤ភាគរយ យានយន្ត៣ភាគរយ និងងងុយ១ភាគរយ។ អត្រាគ្រោះថ្នាក់សរុបនេះ បើធៀបនឹងឆ្នាំ២០២០ គឺថយចុះ៥០៩លើក ស្លាប់ថយចុះ១៤៩នាក់ និងរបួសថយចុះ១០៧១នាក់។

សម្ដេច ស ខេង បានបន្តកត់សម្គាល់អំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកាលពីឆ្នាំ២០២១ដែលមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ទោះបីជាតួលេខគ្រោះថ្នាក់នៅរាជធានីខេត្តមួយចំនួននៅតែស្ថិតក្នុងអត្រាខ្ពស់ និងមានកំណើនគ្រោះថ្នាក់នាថ្ងៃបុណ្យឈប់សំរាកក៏ដោយ។

សម្ដេច ក៏បានសម្ដែងការកោតសរសើរក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងពាក់ព័ន្ធ និងរដ្ឋបាលរាជធានីខេត្ត ដែលបើទោះបីជាត្រូវរែកពន្ធការដោះស្រាយបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ ប៉ុន្តែនៅតែបន្តខិតខំយកចិត្តទុកដាក់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន និងដឹកនាំអនុវត្តការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។

សម្ដេចបានសម្ដែងការកោតសរសើរចំពោះការរៀបចំប្រព័ន្ធផាកពិន័យទំនើប ពិសេសការររៀបចំប្រព័ន្ធដកពិន្ទុចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍។ ទន្ទឹមនេះ សម្ដេចក៏បានសម្ដែងការកោតសរសើរ និងលើកទឹកចិត្តខ្ពស់ចំពោះមន្រ្តីអនុវត្តច្បាប់ដែលបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងមានភាពបត់បែន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង