Yearendyearend1140x150

ចិនបានពិនិត្យរួចរាល់លើនីតិវិធីនៃការនាំចេញត្រីប្រា និងផ្លែមៀនប៉ៃលិនកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ការចិញ្ចឹមត្រីប្រានៅកម្ពុជា (រូបភាព៖ AMS Economy)

ភ្នំពេញ៖ ការប្រជុំពិនិត្យពីនីតិវិធីស្តីពីលក្ខខណ្ឌបច្ចេកទេសនៃការនាំចេញ«ត្រីប្រា» និងមៀនប៉ៃលិនកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន បានចាប់ផ្តើមកាលពីថ្ងៃទី ២១មករា ហើយអាចនឹងបញ្ចប់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី្កកម្ពុជា បានមានប្រសាសន៍ថា ចិនបានពិនិត្យរួចហើយលើនីតិវិធីភូតគាមអនាម័យលើត្រីប្រា និងផ្លែមៀនប៉ៃលិនរបស់កម្ពុជាសម្រាប់នាំចេញទៅទីផ្សារចិន។

បើតាមលោក អ៊ឹង ទ្រី អនុប្រធានរដ្ឋបាលជលផល បានប្រាប់ស៊ីស៊ីថាមស៍ថា ការប្រជុំពិនិត្យពីនីតិវិធីស្តីពីលក្ខខណ្ឌបច្ចេកទេសនៃការនាំចេញ«ត្រីប្រា» និងមៀនប៉ៃលិនរបស់កម្ពុជាទៅកាន់ទីផ្សារនៃប្រទេសចិន បានចាប់ផ្តើមកាលពីថ្ងៃទី ២១ មករា ដោយមានការចូលរួមពីតំណាងប្រទេសកម្ពុជា និងភាគីចិន។

លោកបន្តថា នៅក្នុងដំណើរការនាំចេញនេះ ក្រសួងកសិកម្ម និងរដ្ឋបាលជលផល ក៏កំពុងពិនិត្យលទ្ធភាពផលិត និងលក្ខខណ្ឌចាំបាច់មួយចំនួនដូចជា គុណភាព សុវត្ថិភាព និងអនាម័យជាដើម ខណៈកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចេញត្រីប្រាទៅចិន។

ទន្ទឹមនឹងនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី្កកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ក្នុងខេត្តក្រចេះនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បានមានប្រសាសន៍ថា ចិនបានពិនិត្យរួចហើយលើនីតិវិធីភូតគាមអនាម័យលើត្រីប្រា និងផ្លែមៀនប៉ៃលិនរបស់កម្ពុជា ដែលត្រូវនាំចេញទៅកាន់ទីផ្សាររបស់ប្រទេសចិន ដែលជាការបើកទីផ្សារកាន់តែធំមួយនាពេលខាងមុខនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា ភាគីចិនកំពុងសិក្សាអំពីលទ្ធភាពនៃការនាំចេញត្រីប្រា និងមៀនទៅកាន់ទីផ្សារប្រទេសចិននាពេលឆាប់ៗខាងមុខនេះ។

តែយ៉ាងណាក៏ដោយ ក្រៅពីប្រទេសចិន កម្ពុជានៅតែបន្តការស្វាគមន៍ជានិច្ច ចំពោះបណ្តាប្រទេសនានាដែលមានបំណងចង់ទិញត្រីប្រាពីកម្ពុជា ហើយកម្ពុជានឹងពង្រឹងការចិញ្ចឹមត្រីប្រាឱ្យកាន់តែមានស្តង់ដារ និង បង្កើនទិន្នផលឱ្យគ្រប់តាមតម្រូវក្នុងស្រុក និងក្រៅស្រុក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង