Cc time
Cct850x100 1
Itt 0  web banner

កម្ពុជា-ជប៉ុន កំពុងពិនិត្យលទ្ធភាពនៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងពាណិជ្ជកម្ម

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៣កុម្ភៈ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Fumiaki TAKAHASHI ប្រធានសមាគមជប៉ុន-កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើឡើង។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមប្រធានសមាគម និងសហការី ហើយចាប់ផ្ដើមពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងពិភាក្សាការងារលើការសិក្សាពីលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា និងជប៉ុន ផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ជាមួយនឹងភាពជាដៃគូជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការនេះ ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់នូវកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគលើវិស័យច្រើនទៀត។ លើសពីនេះវិនិយោគិនជប៉ុនបានមកវិនិយោគនៅកម្ពុជា ដោយនាំមកនូវ លំហូរបច្ចេកវិទ្យា ចំណេះដឹង និងជំនាញ ពីការវិនិយោគផ្ទាល់ពីប្រទេសជប៉ុន (FDI) និងជំនួយអភិវឌ្ឍន៍ផ្លូវការ(ODA)។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន (AJCEP) បានពន្លឿនការឆ្លើយតបនឹងការអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុន តាមរយៈការផ្តល់សិទ្ធិសេរីភាពនៃពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ។ ជាក់ស្ដែង តាមស្ថិតិពាណិជ្ជកម្មពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (DGCE) ការនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសជប៉ុនបានឈានដល់ប្រមាណ ១,៥ ពាន់លានដុល្លារ គិតត្រឹម ខែសីហា ឆ្នាំ២០២១។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវឱ្យពាណិជ្ជករជប៉ុន សហគ្រិន និងអ្នកវិនិយោគពិចារណាជ្រើសរើសកម្ពុជា ជាដៃគូអាជីវកម្ម និងទិសដៅវិនិយោគ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានធានានូវស្ថិរភាពសន្តិភាព និងនយោបាយ ព្រមទាំងការវិនិយោគ និងបរិយាកាសអាជីវកម្ម ដែលអំណាយផលសម្រាប់វិនិយោគិនជប៉ុន។

ជាមួយគ្នានេះ ឯកឧត្តមប្រធានសមាគម បង្ហាញនូវការគាំទ្រលើចំណុចដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង ក្នុងនោះរួមមាន៖ ១)សមាគមជប៉ុន-កម្ពុជានឹងពិនិត្យលទ្ធភាពក្នុងការពាំនាំសំណើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន ទៅរាជរដ្ឋាភិបាលជប៉ុន ២)អភិវឌ្ឍន៍ការវិនិយោគខ្សែរច្រវ៉ាក់តម្លៃសូត្រនៅតាមខេត្តគោលដៅ និង៣) បន្តគាំទ្រការវិនិយោគរបស់សហគ្រិនជប៉ុនក្នុងប្រទេសកម្ពុជា។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តីបានកត់សម្គាល់ថា កិច្ចជំនួបពិភាក្សាការងារនេះ គឺជាជំហានមួយរបស់កម្ពុជា ក្នុងការកសាងផែនទីចង្អុលបង្ហាញផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ហើយនឹងក្លាយជាសូចនាករគោលដៅរបស់ក្រសួងពាណិជ្ជកម្ម និងសមាគមកម្ពុជា-ជប៉ុន ក្នុងការសម្រេចគោលដៅជំរុញផលិតកម្ម និងការនាំចេញរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ព្រមទាំងអ្នកផលិត នៅពេលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងប្រទេសទាំងពីរ៕

Khcct banner

អត្ថបទទាក់ទង