Yearendyearend1140x150
Img 0571

«ជាងគំនូរកូនខ្មែរ»អំពាវនាវដល់ពលរដ្ឋជួយគាំទ្រគំនូរបុរាណ ដើម្បីជាកម្លាំងចិត្តបង្កើតស្នាដៃបន្ត

បទយកការណ៍
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោក អ៊ូច វណ្ណៈ ជាងគំនូរកូនខ្មែរ។ 

ភ្នំពេញ៖ នៅរយៈពេលចុងក្រោយនេះ ក្នុងអំឡុងវិបត្តិកូវីដ-១៩ ចំណូលពីការលក់«គំនូរបុរាណ»ធ្លាក់ចុះ ដោយមិនសូវមានការគាំទ្រច្រើនដូចមុន។ បើតាមលោក អ៊ូច វណ្ណៈ ជាងគំនូរកូនខ្មែរ បានឲ្យដឹងថា កាលពីមុនមិនទាន់មានកូវីដ លោករកបានប្រាក់ចំណូលពីលក់គំនូរបុរាណរបស់លោកបានគួរសម ព្រោះមានការគាំទ្រ កម្ម៉ុងជាវពីសំណាក់ពលរដ្ឋខ្មែរ យុវជន និងជាពិសេសភ្ញៀវបរទេសភាគច្រើន។

លោក អ៊ូច វណ្ណៈ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ពីមុនមកប្រាក់ចំណូលរកបានគួរសម ដោយសារអ្នកគាំទ្រមានលុយដែរ គាត់មិនខ្លាចក្នុងការចំណាយ។ ដល់ពេលវិបត្តិកូវីដនេះ ឃើញថាពលរដ្ឋខ្មែរមិនហ៊ានចំណាយ ពោលចំណាយទៅលើរបស់ចាំបាច់ រីឯភ្ញៀវបរទេសក៏មិនសូវមកដើរលេងកម្សាន្តនៅកម្ពុជាច្រើន។ ដូច្នេះប្រាក់ចំណូលពីរបរគំនូរធ្លាក់ចុះ ធ្វើឲ្យជីវភាពគ្រួសារលោកយ៉ាប់យ៉ឺន ដោយខ្វះខាតការចំណាយលើកូនរៀន និងការជំពាក់ធនាគារ ជាដើម។

លោក អ៊ូច វណ្ណៈ បានឲ្យដឹងថា ទោះបីជាការលក់គំនូរបុរាណក្នុងអំឡុងពេលកូវីដ-១៩មានការធ្លាក់ចុះក្តី ប៉ុន្តែការគាំទ្រពីភ្ញៀវខ្មែរ ជាពិសេសយុវជនតែងតែជួយគាំទ្រនូវការជាវគំនូរបែបបុរាណ ធ្វើជាគ្រឿងលម្អដាក់ក្នុងផ្ទះ ឬជាកាដូជូនទៅមនុស្សជាទីស្រឡាញ់របស់ខ្លួន។ វាហាក់ដូចជាខុសប្លែកពីមុនដែលមិនសូវមានការគាំទ្រពីយុវជននោះទេ។

លោក អ៊ូច វណ្ណៈ បានថ្លែងថា ចំពោះរបរជាជាងគំនូរនេះអាចផ្គត់ផ្គង់ជីវភាពគ្រួសាររបស់លោកបាន ប៉ុន្តែមិនសូវកាក់កបប៉ុន្មាននោះទេ។ ក្នុងការគំនូរមួយផ្ទាំងៗគឺត្រូវការអត់ធ្មត់និងចំណាយពេលគួរសមដែរ។ លោកវណ្ណៈ ថាអ្នកគំនូរបុរាណត្រូវមានភាពអត់ធ្មត់ និងត្រូវដាក់ខ្លួនយើងថានៅខ្សោយ ត្រូវមានការអភិវឌ្ឍខ្លួនរហូត និងឧស្សាហ៍មើលតិចនិចបរទេស កែច្នៃមកបែបខ្មែរ។

លោក អ៊ូច វណ្ណៈ មានអាយុ៤៥ឆ្នាំ ជាជាងគំនូរបុរាណ«ជាងគំនូរកូនខ្មែរ» ដោយលោកបានចូលប្រឡូកអាជីពជាជាងគំនូរអស់រយៈពេលជាង២០ឆ្នាំមកហើយ។ នាពេលបច្ចុប្បន្ននេះ ការលក់គំនូរបុរាណ លក់ដាច់គួរសម អ្នកទិញគំនូរជាភ្ញៀវខ្មែរ ហើយភាគច្រើនជាយុវជនក្មេងៗតែងតែជួយគាំទ្រដល់គំនូរបែបបុរាណដែលជាស្នាដៃបង្កើតឡើងតាមរយៈការគូរដោយដៃផ្ទាល់។

ដើម្បីបានជារូបរាងគំនូរមួយផ្ទាំងៗ លោក អ៊ូច វណ្ណៈ ប្រាប់ថា គឺត្រូវការសម្ភារៈទឹកថ្នាំពណ៌ទីប ទឹកខ្លាញ់ត្រី ក្រណាត់គគីរ និងសម្ភារៈបច្ចេកទេសផ្សេងទៀត។ ចំណែកសម្ភារៈសម្រាប់គូរមិនថ្លៃនោះទេ សំខាន់លើទឹកដៃគូររូបនោះ ឲ្យមានភាពរស់រវើក ស្រស់ស្អាតដូចរូបពិត និងមានភាពច្នៃប្រឌិត នោះទើបអាចឲ្យមហាជនទទួលស្គាល់ស្នាដៃគំនូររបស់យើងបាន។

ដោយសារលោក អ៊ូច វណ្ណៈ មានដុងពីកំណើត ទើបលោកអាចគូរគំនូរបានយ៉ាងងាយ ពោលមិនសូវមានការលំបាកក្នុងការគូរប៉ុន្មានទេ។ លោកបន្តថា ចំពោះតម្លៃគំនូររបស់លោកខ្លះមានតម្លៃ៥០០ដុល្លារ និងខ្លះទៀតដែលមានតម្លៃថ្លៃរហូតដល់ជាង២០០០ដុល្លារក្នុងមួយផ្ទាំងក៏មាន ពោលតម្លៃគឺអាស្រ័យទៅតាមរូបគំនូរនិមួយៗ។

ក្នុងការប្រកបរបរជាជាងគំនូរអស់រយៈពេលជាង២០ឆ្នាំមកនេះ លោក អ៊ូច វណ្ណៈ បានជួបការលំបាកដូចជាមានភ្ញៀវខ្លះត្អូញត្អែរថារូបគំនូររបស់លោកគូរមិនដូចរូបពិត ហើយត្រូវឲ្យលោកកែកុនបន្ថែមទៀត។ លោកបញ្ជាក់ថា មុននឹងលោកទទួលគូរគំនូរឲ្យភ្ញៀវលោកបានជម្រាបថាតើលោកអាចមានសមត្ថភាពគូរឲ្យដូចរូបដើមបានកម្រិតណា ជាទូទៅរូបគំនូរគូរបានដូចត្រឹម៩០ភាគរយប៉ុណ្ណោះ ពោលមិនអាចឲ្យដូច១០០ភាគរយនោះទេ។

សូមជម្រាបថា លោក អ៊ូច វណ្ណៈធ្លាប់បានចូលរៀនជំនាញគំនូរបុរាណនៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ក្នុងឆ្នាំ១៩៩០ជាង។ ប៉ុន្តែដោយសារលោកមានដុងខាងគូររូបស្រាប់ លោករៀនត្រឹមតែ៣-៤ឆ្នាំ ហើយលោកក៏បានចូលប្រឡូកក្នុងអាជីវជាជាងគំនូររហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលមានរយៈពេលប្រមាណជាង២០ឆ្នាំ។

ជាចុងក្រោយ លោក អ៊ូច វណ្ណៈ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋខ្មែរឲ្យជួយគាំទ្រស្នាដៃគំនូររបស់ខ្មែរ ជាពិសេសផលិតផលផ្សេងៗដែលផលិតដោយដៃ សូមជួយគាំទ្រនិងផ្តល់កម្លាំងចិត្តដល់ពួកគាត់ ព្រោះការបង្កើតស្នាដៃនិមួយៗគឺជាការធ្វើឡើងដោយឧត្តមគតិ ទឹកចិត្តស្រឡាញ់ ចង់ថែរក្សា អភិរក្ស សម្បត្តិវប្បធម៌ដូនតាខ្មែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង