Yearendyearend1140x150

ប្រទេសលើពិភពលោកជំរុញចាក់វ៉ាក់សាំងដូសទី៤ ដើម្បីបន្ថយអត្រាឆ្លង«អូមីក្រុង»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រទេសលើពិភពលោកជំរុញចាក់វ៉ាក់សាំងដូសទី៤ ដើម្បីបន្ថយអត្រាឆ្លង«អូមីក្រុង»   ប្រភពរូប៖ RT

ព្រឹត្តិការណ៍អន្តរជាតិ៖ ចាប់តាំងអាហ្រ្វិកខាងត្បូងបានប្រកាសជាផ្លូវការនូវការរកឃើញកូវីដ១៩បំលែងថ្មី«អូមីក្រុង»កាលពីចុងខែវិច្ឆិកា ឆ្នាំ ២០២១មក ករណីឆ្លងនៅប្រទេសជាច្រើនបានងើបឡើងវិញយ៉ាងរហ័ស បើទោះបីជាកូវីដបំលែងថ្មីប្រភេទនេះមានលក្ខណៈស្រាលជាងក៏ដោយ តែវាមានសមត្ថភាពឆ្លងលឿនជាងកូវីដបំលែងមុនៗរាប់ដង។ កត្តានេះហើយធ្វើឲ្យប្រទសជាច្រើននៅជុំវិញពិភពកំពុងពិចារណាចាក់វ៉ាក់សាំងដូសទី៤ ខណៈប្រទេសមួយចំនួនបានប្រកាសចាក់វ៉ាក់សាំងដូសទី៤រួចទៅហើយ ដោយសង្ឃឹមថា នឹងអាចជួយបន្ថូរបន្ថយអត្រាឆ្លងនៃ«អូមីក្រុង»។

ត្រឹមតែ ២សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីបុណ្យចូលឆ្នាំសាកល ករណីឆ្លងកូវីដ១៩បំលែងថ្មី អូមីក្រុង នៅតាមបណ្ដាប្រទេសនៅលើពិភពលោកដូចជា អង់គ្លេស បារាំង អូស្រ្តាលី ឥណ្ឌា សហរដ្ឋអាមេរិក កាណដា និងបណ្ដាប្រទេសអឺរ៉ុបផ្សេងទៀត កំពុងឋិតនៅក្នុងហានិភ័យនៃអត្រាឆ្លងរាប់ម៉ឺនជារៀងរាល់ថ្ងៃ។

ប្រទេសអ៊ីស្រាអែល ជាប្រទេសដំបូងគេលើពិភពលោក ដែលបានប្រកាសចាក់វ៉ាក់សាំងដូសទី៤ ដោយ លោក Naftali Bennett នាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ បានប្រកាសប្រើប្រាស់វ៉ាក់សាំងPfizer បានបង្កើនអង់ទីគ័រការពារ។លោកបានលើកឡើង ពីលទ្ធផលសាកល្បងបឋមក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ការចាក់វ៉ាក់សាំងដូសទី៤ ទំនងជាអាចបង្កើនអង់ទីគ័រដើម្បីការពារកូវីដ១៩បំលែងថ្មីបាន និងកាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអាការៈធ្ងន់ធ្ងរ។

ចំណែកបណ្ដាប្រទេសនៅសហភាពអឺរ៉ុបវិញ ចាប់តាំងពីដើមឆ្នាំថ្មីមក ករណីឆ្លងអូមីក្រុងកាន់តែឡើងគួរឲ្យកត់សម្គាល់។ នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អឺរ៉ុប បានព្យាករណ៍ថា មនុស្សជាងពាក់កណ្តាលនៅក្នុងតំបន់អឺរ៉ុបទាំងមូល នឹងឆ្លងអូមីក្រុងក្នុងរយៈពេលពីរខែ ប្រសិនបើអត្រានៃការឆ្លងបច្ចុប្បន្ននៅតែបន្ត។ ខណៈការឆ្លងអូមីក្រុង កំពុងគ្របដណ្ដប់ប្រទេសយ៉ាងតិច ៥០ នៅតំបន់អឺរ៉ុប។

តាមរយៈអត្រាឆ្លងដ៏ខ្ពស់នាពេលបច្ចុប្បន្ន ធ្វើឲ្យប្រទេសដាណឺម៉ាក បានក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប បានប្រកាសចាក់វ៉ាក់សាំងដូសទី៤ ដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត ដោយសារការឆ្លងការរីករាលដាលកាន់តែខ្លាំងនៅក្នុងប្រទេស ធ្វើឲ្យហានិភ័យនៃការឆ្លងនឹងឈានដល់ភាពងាយរងគ្រោះខ្លាំងបំផុត។

នៅដើមសប្ដាហ៍នេះ ប្រទេសឈីលី ក៏បានសម្រេចប្រកាសចាក់វ៉ាក់សាំងដូសទី៤ ដែរ ដោយរំពឹងថា នឹងជួយកាត់បន្ថយករណីឆ្លងនាពេលបច្ចុប្បន្ននេះ។ ខណៈប្រទេសហុងគ្រី ក៏កំពុងពិចារណាដែរថាតើត្រូវធ្វើដូចគ្នាដែរឬទេ ដោយសារអ្នកជំនាញក្នុងប្រទេសអូទ្រីសបានស្នើការចាក់ដូសទី៤នេះដូចគ្នាផងដែរ។

ងាកមកកាន់ប្រទេសនៅអាស៊ីវិញ ប្រទេសកម្ពុជាកាលពីពេលថ្មីនេះក៏បានប្រកាសចាក់វ៉ាក់សាំងដូសទី៤ ដោយប្រើប្រាស់វ៉ាក់សាំងPfizer សម្រាប់ទីក្រុងភ្នំពេញ ដើម្បីចាក់ដាក់ដល់មន្រ្តីរាជការ ហើយការចាក់វ៉ាក់សាំងនេះគឺត្រូវមានគម្លាតពីដូសទី៣ចាប់ពី៤ខែឡើង។

ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) ថ្មីៗនេះ បានព្រមានថា មិនមានទិន្នន័យគ្រប់គ្រាន់នៅឡើយ ដើម្បីដឹងថាតើ ការចាក់វ៉ាក់សាំងលើកទី ៤ នឹងមានប្រយោជន៍ឬទេ? ខណៈប្រធានផ្នែកវ៉ាក់សាំង Marco Cavaleri ក៏បានចោទសួរថាតើការចាក់វ៉ាក់សាំងម្តងទៀតក្នុងរយៈពេលខ្លី គឺជា យុទ្ធសាស្ត្ររយៈពេលវែងប្រកបដោយនិរន្តរភាពដែរទេ?

ទោះជាយ៉ាងណាក៏ដោយ ដោយសារករណីឆ្លងដ៏លើសលប់នៅលើពិភពលោក បានបង្ខំឲ្យប្រទេសជាច្រើនសម្រេចចាក់វ៉ាក់សាំងដូសទី៤ ទោះបីជាមិនមានទិន្នន័យគ្រប់គ្រាន់ក៏ដោយ ដោយពួកគេសង្ឃឹមថា ការចាក់វ៉ាក់សាំងដូសទី៤នេះ អាចនឹងជួយបន្ថូរបន្ថយភាពតានតឹងនៃការកើនឡើងនៃករណីឆ្លង និង ការខិតខំដើម្បីសេដ្ឋកិច្ចងើបឡើងវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង