Yearendyearend1140x150
Img 0571

អ្នកឧកញ៉ា គិត ម៉េង៖សេដ្ឋកិច្ចនៃប្រទេសសមាជិក RCEP នឹងក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចសាកល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា (រូបភាព៖ សភាពាណិជ្ជកម្មកម្ពុជា) 

ភ្នំពេញ៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ បានចូលជាធរមានកាលពីថ្ងៃទី ០១ មករា ឆ្នាំ ២០២២ កន្លងទៅ។អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចាត់ទុកការចូលជាធរមាននេះនឹងជំរុញឱ្យសេដ្ឋកិច្ចនៃប្រទេសសមាជិកកិច្ចព្រមព្រៀង ក្លាយទៅជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចសាកល និងការអភិវឌ្ឍសង្គម។

ឱកាសចូលរួមបើកវេទិកាថ្នាក់ដឹកនាំធុរកិច្ចនៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ តាមប្រព័ន្ធអនឡាញ អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា សេដ្ឋកិច្ចនៃប្រទេសសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ នឹងក្លាយទៅជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចសាកល និងដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ប្រកបដោយចីរភាព និងបរិយាបន្ន។

បើតាមអ្នកឧកញ៉ា បានសង្កត់ធ្ងន់ពីតួនាទីរបស់សហគមន៍ធុរកិច្ច ដែលត្រូវពិភាក្សាអំពីសារៈសំខាន់ និង អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ទៅលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ក្នុងតំបន់។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលមានកម្ពុជាជាសមាជិកដែរនោះ បានចូលជាធរមាន នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីចរចាជិត១០ឆ្នាំ។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានទំហំសរុបប្រមាណ ២៦.២ទ្រីលានដុល្លារនេះ នឹងអនុញ្ញាតឲ្យកម្ពុជារួចពន្ធលើទំនិញជាច្រើនពិសេសទំនិញកសិកម្ម ទំនិញកសិកម្មកែច្នៃ ទំនិញឧស្សាហកម្មជាដើម។

កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន១៥ប្រទេស រួមមានប្រទេសអាស៊ានទាំង១០ និងប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង