Cct850x100 1
1800px x h300px kh

ស្ថាប័នតុលាការ៖«មេសហជីពបុគ្គលិកណាហ្គាវើលទទួលជំនួយពីក្រៅប្រទេសរាប់ម៉ឺនដុល្លាររៀបចំការតវ៉ា»

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ការឃាត់ខ្លួនអ្នកនាំធ្វើចលនាបាតុកម្មដោយខុសច្បាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៩នាក់» នៅថ្ងៃទី៤ មករានេះ ស្ថាប័នតុលាការ បានបង្ហាញព័ត៌មានបឋមថា មេសហជីពនៃក្រុមតវ៉ានោះ បានទទួលម្ដង៥ពាន់ដុល្លារ ហើយមានចំនួនច្រើនដល់រាប់ម៉ឺនដុល្លារ ដើម្បីរៀបចំការតវ៉ា។ ស្ថាប័នតុលាការ បានសាកសួរជនសង្ស័យទាំង៦រូប ហើយតាមចម្លើយពួកគេសារភាពទទួលស្គាល់ថា ក្រុមខ្លួនពិតជាទទួលលុយ ពីក្រៅប្រទេសពិតមែន។

លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យទាំង៦នាក់នោះ បាន ឆ្លើយសារភាពទទួលស្គាល់ថា ពិតជាមានការផ្ដល់ និងការឧបត្ថម្ភនូវថវិកា ដោយខុសច្បាប់ មកចិញ្ចឹមចលនា ជាពិសេសតាមរយៈ ឈឹម ស៊ីថរ។ នេះបើតាមការលើកឡើងរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបន្ថែមថា នៅមានសំឡេងសារ និងសំឡេងប្រជុំ ដែលជាភស្តុតាងជាច្រើនទៀត។

ជាមួយគ្នានេះ ស្នងការរាជធានីភ្នំពេញ បានបង្ហាញភស្តុតាងពីសំឡេង និងគម្រោងរៀបចំធ្វើការតវ៉ា។ លោក ហ៊ុន សុធី ស្នងការរងរាជធានភ្នំពេញ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថា ការតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ គឺមានការផ្ដល់ថវិកាគាំទ្រពីខាងក្រោយ ដោយអង្គការចំនួនបី ក្នុងនោះមានអង្គការចំនួន២នៅក្នុងស្រុក និងមួយទៀតនៅក្រៅស្រុក។ លោកក៏បានបង្ហាញសារជាសំឡេង ក្នុងការរៀបចំគម្រោងប្រមូលផ្ដុំគ្នាតវ៉ា និងញុះញង់ឲ្យបុគ្គលិកចេញតវ៉ាផងដែរ។

យ៉ាងណាមិញ បើតាមលោក អំ សំអាត នាយករងអង្គការសិទ្ធិមនុស្សលីកាដូ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា សម្រាប់ វិវាទមួយនេះ គឺភាគីពាក់ព័ន្ធត្រូវវិលចូលតុចរចាសារជាថ្មី។ ទាក់ទងនឹងការចាប់ឃាត់ខ្លួនអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលនេះ មិនមែនជាដំណោះស្រាយទេ។ ទន្ទឹមនេះខាងអង្គការសិទ្ធិមនុស្សលីកាដូក៏បានរៀបចំក្រុមមេធាវី ដើម្បីការពារក្តីដល់សហជីព និងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដែលជាប់ឃាត់ខ្លួន។

លោកបន្តថា សហជីពអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលនៅថ្ងៃទី៣១ធ្នូ មាន៩នាក់។ គិតមកដល់ពេលនេះ មានការដោះលែង៣នាក់ ចំណែក៦នាក់ទៀតត្រូវតុលាការចោទប្រកាន់ពីបទញុះញង់ហើយត្រូវបញ្ចូនទៅកាន់ពន្ធនាគារព្រៃស។ នៅថ្ងៃទី៣មករា កម្លាំងសមត្ថកិច្ចបានបន្តចាប់ខ្លួនអ្នកតវ៉ា១៧នាក់ ប៉ុន្តែមានការដោះលែង ស្ត្រីមានផ្ទៃពោះម្នាក់ ហើយ១៦នាក់ទៀតកំពុងជាប់ឃាត់ខ្លួនបញ្ចូនទៅស្នងការរាជធានីភ្នំពេញ៕

Khcct banner

អត្ថបទទាក់ទង