Cct850x100 1
1800px x h300px kh

ថ្នាំព្យាបាលជំងឺកូវីដ១៩«ម៉ូលណាទ្រីស»នឹងមានចែកចាយនៅកម្ពុជាចាប់ពីថ្ងៃស្អែក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​១៩ ឈ្មោះ «ម៉ូលណាទ្រីស» ឬ ម៉ូលនូពីរ៉ាវា នឹង​មាន​ចែក​ចាយនៅ​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣​ខែធ្នូ ស្អែកនេះត​ទៅ ក្នុង​តម្លៃ​៥៥​ដុល្លារ ក្នុង​មួយ​កំប៉ុង ដែល​មាន​ចំនួន​៤០​គ្រាប់​។ការ​ចែកចាយ​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​១៩​នេះ បើក​ទូលាយ​សម្រាប់​មន្ទីរ​ពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថ​ស្ថាន​រង និង​សាធារណជន។

ឱសថព្យាបាលជំងឺកូវីដ-១៩ «ម៉ូលណាទ្រីស» នេះសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ។ឱសថ​នេះ ត្រូវ​លេប១​ថ្ងៃ​២​ដង ម្ដង​៤​គ្រាប់ ​ក្រោយពេល​​ទទួល​ទាន​អាហារ​រួច ឬ​ពេល​ពោះ​ទទេរ និង​គួរ​លេប​ទាំង​មូល​ជាមួយ​ទឹក​មួយ​កែវ ដោយមិន​ត្រូវ​បើក​គ្រាប់ កិន​បំបែក ឬ​ទំពារ​ឡើយ​។ នេះ​បើ​តាម​ការ​ពន្យល់​របស់​​ក្រុម​ការងារ​ចំពោះ​កិច្ច គ្រប់គ្រង បែង​ចែក និង​ផ្គត់ផ្គង់​ឱសថ​យុទ្ធសាស្ត្រ សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​។

បើតាមសេចក្តីជូនដំណឹង ក្នុង​នោះ​បុគ្គល​ម្នាក់ មាន​សិទ្ធិ​បញ្ជា​ទិញពី​៥​ដល់​១០​កំប៉ុង​។ ចំណែក មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី១០ ដល់២០០កំប៉ុង ហើយអាចលក់បន្ត ក្នុង​តម្លៃ​មិនលើសពី ៦៥ ដុល្លារ អាមេរិក ក្នុង១កំប៉ុង​។-មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញសារជាថ្មីយ៉ាងតិច ២សប្តាហ៍ ក្រោយបញ្ជាទិញលើកចុងក្រោយ។

មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជា ទិញឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) ដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ទាក់ទងទូរសព្ទលេខ ១២៣/ ០៧៧ ៨៦៧ ៩៥៧/០៩៦ ៤៦៦ ៤៦៤៦ ជារៀងរាល់ម៉ោងធ្វើការ៕


Khcct banner

អត្ថបទទាក់ទង