Yearendyearend1140x150

មេដឹកនាំកម្ពុជា-វៀតណាមប្តេជ្ញាចិត្ត«មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង»គ្នា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក ង្វៀន សួនហ៊្វុក។

ភ្នំពេញ៖ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក ង្វៀន សួនហ៊្វុក នៅថ្ងៃទី ២១ ធ្នូនេះ បានចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី​២១​ដល់​២២ ​ខែ​ធ្នូ​ ឆ្នាំ​២០២១នេះ។ភាគីទាំងពីរបានចេញនូវសេចក្តីថ្លែងការណ៍រួមដោយបានប្តេជ្ញាចិត្តរួមគ្នាថា «មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង»គ្នា។

ដូចការគ្រោងទុកដំណើរទស្សនកិច្ចរបស់លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបិទបញ្ចប់ជាផ្លូវការហើយនៅថ្ងៃនេះ។ជាដំណើរទស្សនកិច្ច ក្នុងគោលបំណងបន្តពង្រឹង និងធ្វើឱ្យកាន់តែឲ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជាក្នុងស្មារតីជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសន្តិភាព-ស្ថិរភាពយូរអង្វែងដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា២ថ្ងៃនេះលោក ង្វៀន សួនហ្វ៊ុក បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រី អញ្ជើញជួបជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមទាំងចូលថ្វាយបង្គំ សម្តេច ទេព វង្ស និងសម្តេច បួរ គ្រីជាដើម។

ជាមួយគ្នានោះលោក ង្វៀន សួនហ៊្វុក ក៏បានអញ្ជើញចូលរួមជាមួយសម្តេច ហេង សំរិន ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាអំណោយពីបក្សកុម្មុយនីស្ត រដ្ឋ និងប្រជាជនវៀតណាម ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍រួមក្រោយដំណើរទស្សនកិច្ច មេដឹកនាំកម្ពុជា-វៀតណាម បានសម្តែងការពេញចិត្តចំពោះការរីកចម្រើនប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ជិតស្និទ្ធ កាន់តែរឹងមាំ និង មានប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម ក្នុងរយៈពេល ៥៥ ឆ្នាំកន្លងមក។

បើតាមសេចក្តីថ្លែងការណ៍រួម មេដឹកនាំកម្ពុជា-វៀតណាម បានប្តេជ្ញាចិត្តបន្តគោរពយ៉ាងពេញលេញនូវគោលការណ៍ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមរវាង កម្ពុជា-វៀតណាម ដើម្បីគោរពឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសរៀងខ្លួន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា និង ដោះស្រាយបញ្ហាដែលកើតឡើងរវាងប្រទេសទាំងពីរដោយសន្តិវិធី។

គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​វៀតណាម​រូប​នេះ ធ្វើ​ឡើងមុនជាង១​សប្តាហ៌មុន​ពេល​ដែល​ប្រទេស​កម្ពុជា ធ្វើ​ជា​ប្រធាន​ប្តូរ​វេន​សមាគម​អាស៊ាន​នៅ​ដើម​ឆ្នាំ​២០២២។ប្រទេស​វៀតណាម មានព្រំដែនជាប់ជាមួយប្រទេសចិន និង ជា​ភាគី​ជម្លោះ​ទាមទារ​អធិបតេយ្យ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។

ក្នុង​នាម​ជា​ប្រធាន​ប្តូរវេន​អាស៊ាន សម្តេច ហ៊ុន សែន បានប្រកាសនឹង​ខិតខំ​សម្របសម្រួល​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ជាមួយ​ប្រទេស​ចិន​ក្នុង​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដើម្បី​សម្រេច​ឲ្យ​បាន​ក្រមប្រតិបត្តិ​មួយ​សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង ​ឬ​ហៅ​កាត់​ថា ​COC​ (Code of Conduct for the South China Sea)។ម្យ៉ាងវិញទៀត ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាមនៅកម្ពុជាលើកនេះ អាចនឹងជជែកពីបញ្ហាមួយចំនួនដូចជាបញ្ហាភូមាផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង