Yearendyearend1140x150

លោក ច្រឹក សុខនីម៖«វិស័យខុនដូ»នៅកម្ពុជាផ្តើមមានទីផ្សារឡើងវិញសម្រាប់វិនិយោគគិនក្នុងស្រុក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យបើកប្រទេសឡើងវិញលើគ្រប់វិស័យ ដើម្បីធ្វើជំនួញឡើងវិញក៏ដោយក៏ភាគច្រើនមានតែវិនិយោគគិនក្នុងស្រុកតែប៉ុណ្ណោះដែលបានចាប់ផ្តើមធ្វើការវិនិយោគឡើងវិញទៅលើវិស័យខុនដូនៅក្នុងប្រទេសកម្ពុជា។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា បច្ចុប្បន្ននេះ ស្ថានភាពនៃការទិញ-លក់អចលនទ្រព្យ ជាពិសេសការវិនិយោគលើវិស័យខុនដូនៅក្នុងប្រទេសកម្ពុជា គឺមានដំណើរការតាមធម្មតា ក៏ប៉ុន្តែពុំសូវមានជនជាតិបរទេសជួល ទិញខុនដូ ឬមានគម្រោងវិនិយោគនៅក្នុងវិស័យនេះ បានច្រើននៅឡើយទេ។

លោកបន្តថា ជនជាតិបរទេសពុំសូវមានការធ្វើដំណើរមកវិនិយោគ ឬផ្ដល់ឱកាស ដើម្បីធ្វើការវិនិយោគលើវិស័យខុនដូនក្នុងប្រទេសកម្ពុជា ព្រោះមូលហេតុផ្ទាល់ខ្លួន ជាពិសេសបណ្ដាប្រទេសសាមីដើមមិនអាចមានលទ្ធភាពធ្វើដំណើរពេញលេញ ឬភាពមិនច្បាស់លាស់នៃការធ្វើដំណើរមកកម្ពុជា ដែលជាកត្តារាំងស្ទះនៅក្នុងការអភិវឌ្ឍន៍ និង ការទិញវិស័យអចលនទ្រព្យនៅកម្ពុជា។

លោកបន្ថែមថា បើទោះបីជាពុំសូវមានជនបរទេសវិនិយោគលើវិស័យខុនដូនៅកម្ពុជា ក៏វិស័យនេះនៅតែដំណើរការបានបន្តិចម្តងៗដោយការវិនិយោគពីវិនិយោគគិនក្នុងស្រុក និងអ្នកវិនិយោគបរទេសដែលស្នាក់នៅកម្ពុជាជាយូរមកហើយ។

លោកបញ្ជាក់ថា គម្រោងថ្មីៗនៅក្នុងវិស័យនេះក៏កំពុងមានឡើងវិញជាបណ្ដើរៗ ហើយភាគច្រើនមាននៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តសក្តានុពលមួយចំនួនផងដែរ។ រីឯតម្លៃខុនដូក៏មិនមានការឡើងថ្លៃ ឬធ្លាក់ចុះខ្លាំងនោះទេ ជារួមគឺនៅតែរក្សាតម្លៃបានតាមធម្មតា។

លោករំពឹងថា ការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ជាពិសេសការទិញ-លក់ខុនដូនៅកម្ពុជានឹងមានសន្ទុះឡើងវិញនៅឆ្នាំក្រោយៗ ព្រោះភ្ញៀវបរទេសអាចមានពេលគ្រប់គ្រាន់ក្នុងការទទួលបានដំណឹងថាកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ ជាពិសេសការបើកទទួលទេសចរណ៍វ៉ាក់សាំង ដែលជាកត្តាមួយក្នុងការទាក់ទាញអ្នកវិនិយោគបរទេសមកកម្ពុជាកាន់តែច្រើន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង