Yearendyearend1140x150

បណ្ឌិតគិន ភា៖អាម៉េរិក​ប្រើប្រាស់​«​កិច្ចប្រជុំ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​»ដើម្បី​ហែក​ភូមិសាស្ត្រ​នយោបាយជាថ្មី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។រូបភាព៖ RAC

ភ្នំពេញ៖ សហរដ្ឋអាម៉េរិក បានរៀបចំកិច្ចប្រជុំមួយ ដែលគេហៅថា «កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ» ដែលបានអញ្ជើញប្រទេសជាង១០០ប្រទេសចូលរួម។ប៉ុន្តែឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុក«​កិច្ចប្រជុំ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​» ដើម្បី​បែងចែក​ភូមិសាស្ត្រ​នយោបាយជាថ្មី។

ឯកឧត្តមបណ្ឌិត គិន ភា បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះត្រូវបានគេមើលឃើញថា ត្រូវបានប្រើប្រាស់ដើម្បីធ្វើឱ្យការបែងចែកភូមិសាស្ត្រនយោបាយកាន់តែធ្ងន់ធ្ងរ និង ប៉ុនប៉ងបំបែកពិភពលោកទៅជាប្លុកជាថ្មីម្តងទៀត។ លទ្ធិប្រជាធិបតេយ្យកំពុងត្រូវបានគេប្រើប្រាស់ ដើម្បីក្លែងបន្លំពិភពលោកទាំងមូលលើ «ការព្រួយបារម្ភអំពីលទ្ធិប្រជាធិបតេយ្យ» និង បង្កើតផ្នត់គំនិតនៃសង្រ្គាមត្រជាក់ជាថ្មី។

បើតាមលោកបណ្ឌិត គិន ភា លទ្ធិប្រជាធិបតេយ្យមិនមែនជាគ្រឿងអលង្ការ ដែលត្រូវប្រើដើម្បីតុបតែងលម្អទេ ប៉ុន្តែ វាត្រូវប្រើដើម្បីដោះស្រាយបញ្ហា ដែលប្រជាពលរដ្ឋចង់ដោះស្រាយ។ ប្រទេសមួយមានលទ្ធិប្រជាធិបតេយ្យឬអត់ អាស្រ័យលើថាតើប្រជាជនរបស់ខ្លួនពិតជាម្ចាស់ប្រទេសឬទេ, តើប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតដែរទេ ហើយសំខាន់ជាងនេះទៅទៀត គឺសិទ្ធិចូលរួមយ៉ាងទូលំទូលាយក្នុងនយោបាយ។ ប្រជាជនមិនមែនគ្រាន់បានទទួលត្រឹមកាសន្យាដោយពាក្យសំដីដ៏ពិរោះនៅក្នុងការបោះឆ្នោតនោះទេ ប្រការសំខាន់គឺថា តើការសន្យាទាំងប៉ុន្មានត្រូវបានបំពេញដែរឬយ៉ាងណាបន្ទាប់ពីការបោះឆ្នោតរួច។ តើមានការកំណត់នីតិវិធីនិងវិធាននយោបាយនៅក្នុងប្រព័ន្ធនយោបាយនិងច្បាប់របស់រដ្ឋបែបណា ហើយប្រព័ន្ធនយោបាយនិងច្បាប់ទាំងនោះត្រូវបានអនុវត្តយ៉ាងពិតប្រាកដដែរឬទេ។ តើវិធាននិងនីតិវិធីសម្រាប់ការអនុវត្តអំណាចមានលក្ខណៈប្រជាធិបតេយ្យដែរឬទេ ហើយសំខាន់ជាងនេះទៅទៀត ថាតើការអនុវត្តអំណាចពិតជាស្ថិតក្រោមការត្រួតពិនិត្យនិងការកម្រិតរបស់ប្រជាជនដែរឬទេ។

ឯកឧត្តមបណ្ឌិត គិន ភា ថ្លែងថា "ប្រទេសលោកខាងលិចមួយចំនួនកំពុងបន្លឺសំឡេងនៃ «លទ្ធិប្រជាធិបតេយ្យ» និង «សិទ្ធិមនុស្ស» ម្តងហើយម្តងទៀត ហើយបានចំណាយថាមពលទាំងអស់របស់ខ្លួនលើការទប់ស្កាត់ប្រទេសណាដែលមិនធ្វើតាមគំរូរបស់ពួកគេ។ ពួកគេតែងតែព្យាយាមបិទបាំងការបរាជ័យនិងភាពរញ៉េរញ៉ៃផ្ទៃក្នុងរបស់ខ្លួន ដោយបង្វែរការស្តីបន្ទោសទាំងអស់ទៅកាន់ប្រទេសផ្សេងទៀត ដូចជា ប្រទេសចិននិងកម្ពុជាជាដើម។"

ទោះជាយ៉ាងណាក៏ដោយ ប្រទេសលោកខាងលិចមិនអាចប្រឆាំងនឹងការណ៍ពិត ដែលថា ប្រទេសនានាប្រកាន់យកគំរូនៃការអភិវឌ្ឍខុសៗគ្នានោះ គឺធ្វើបានល្អជាងអ្វីដែលហៅថា គំរូប្រជាធិបតេយ្យរបស់ពួកគេ។ ប្រទេសលោកខាងលិចមួយចំនួនកំពុងចាប់ផ្តើមយុទ្ធនាការនៃ «ការធ្វើពហិការការទូតនៃកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំង» ដោយមានគោលបំណងញុះញង់ឱ្យមានបះបោរ និងបង្កឱ្យមានភាពចលាចលនៅក្នុងទីក្រុងស៊ីនជាំង ដើម្បីកាត់បន្ថយឥទ្ធិពលនៃ «គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» នៅទីនោះ។នេះបើយោងតាមឯកឧត្តមបណ្ឌិត គិន ភា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង