Yearendyearend1140x150
Img 0571

វៀតណាមចាប់បានគ្រឿងញៀន៥០គីឡូក្រាមនាំចេញពីកម្ពុជា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ VN Express 

ហូជីមិញ៖ កម្លាំងសមត្ថកិច្ចក្រុងហូជីមិញ PT Functional របស់វៀតណាម កាលពីថ្ងៃទី២០ធ្នូ រឹបអូសបានគ្រឿងញៀនចំនួន ៥០គីឡូក្រាម ពីរថយន្តដែលក្លែងធ្វើជារថយន្តដឹកជញ្ជូនអន្ទង់ពីប្រទេសកម្ពុជាទៅកាន់ទីក្រុងហូជីមិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។

ការចុះផ្សាយដដែលបានបញ្ជាក់ថា កាលពីព្រឹកថ្ងៃចន្ទ ទី២០ធ្នូ រថយន្តដែលដឹកគ្រឿងញៀនបានចូលផ្សារ Binh Dien ក្នុងសង្កាត់ ៨ នៃទីក្រុងហូជីមិញ ហើយរថយន្តនេះបានឈប់ដើម្បីធ្វើការត្រួតពិនិត្យដោយកម្លាំងពិសេសដែលរួមមានសមត្ថកិច្ចក្រុង ឆ្មាំព្រំដែនភាគខាងត្បូង និងមន្ត្រីមកពីក្រុមប្រឆាំងការរត់ពន្ធ និងត្រួតពិនិត្យគ្រឿងញៀនក្រោមនាយកដ្ឋានគយវៀតណាម។

សមត្ថកិច្ចក្រុងហូជីមិញ បានត្រួតពិនិត្យ នៅក្រោមប្រអប់ដែកដែលមានសត្វអន្ទង់រស់ ក្រុមការងារបានរកឃើញបាវជាច្រើនដែលមានថង់តែនៅខាងក្នុង។ បន្ទាប់មកទើបពិនិត្យរកឃើញថា ថង់តែទាំងនោះ មានផ្ទុកថ្នាំញៀនសំយោគ សរុប៥០គីឡូក្រាម។ គិតមកដល់ពេលនេះ សមត្ថកិច្ចកំពុងស៊ើបអង្កេតលើករណីនេះបន្ថែម ដើម្បីស្វែករកមេក្លោងនិងអ្នកពាក់ព័ន្ធផ្សេងទៀត។

ទីក្រុងហូជីមិញ គឺជាទីតាំងញឹកញាប់សម្រាប់ឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀន ដោយសារស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងចំនួនប្រជាជនខ្ពស់។ គ្រឿងញៀនភាគច្រើនបានមកដល់ទីក្រុងតាមរយៈត្រីកោណមាស ដែលជាចំណុចប្រសព្វនៃប្រទេសចិន ឡាវ ថៃ និងមីយ៉ាន់ម៉ា និងជាតំបន់ផលិតគ្រឿងញៀនធំជាងគេទីពីររបស់ពិភពលោកនៅពីក្រោយអឌ្ឍចន្ទមាសនៅអាស៊ីខាងត្បូង។

គួរបញ្ជាក់ថា ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតែបន្តកើតមាននៅក្នុងប្រទេសវៀតណាម ទោះបីជាប្រទេសនេះមានច្បាប់តឹងតែងក៏ដោយ។ ចំពោះអ្នកដែលត្រូវបានផ្តន្ទាទោសពីបទកាន់កាប់ ឬរត់ពន្ធហេរ៉ូអ៊ីនលើសពី ៦០០ ក្រាម ឬថ្នាំញៀនជាង ២,៥ គីឡូក្រាម គឺត្រូវប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង