Yearendyearend1140x150

សិស្សទី១២ត្រៀមខ្លួនរួចជាស្រេចសម្រាប់សម័យប្រឡងថ្ងៃទី២៧ធ្នូ

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សិស្សថ្នាក់ទី១២បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រឡងបាក់ឌុបដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។ សិស្សមួយចំនួនបានលើកឡើងយ៉ាងដូច្នេះថា ចំពោះការប្រឡងបាក់ឌុបនៅចុងឆ្នាំ២០២១ ពួកគេមានទំនុកចិត្ត និងសង្ឃឹមច្រើន ព្រោះរយៈពេលនៃការរៀនត្រៀមសម្រាប់ប្រឡងរបស់ពួកគេបានគ្រប់គ្រាន់នៅសាលារៀន និងការរៀនបន្ថែមដោយខ្លួនឯង និងការរៀនជាក្រុម។

យុវជន សុខ ច័ន្ទដារ៉ា ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យជាស៊ីមសន្ធរម៉ុក បាននិយាយថា សម្រាប់ការប្រឡងបាក់ឌុបខាងមុននេះ ហាក់ដូចជាមានទំនុកចិត្តខ្ពស់ព្រោះខ្លួនបានរៀនត្រៀមច្រើនសម្រាប់ការប្រឡងមួយនេះ ពោលតាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំ។ តាំងពីបានមករៀននៅក្នុងថ្នាក់មក ការសិក្សារបស់ដារ៉ាបានប្រសើរឡើងជាងមុន និងមិនមានភាពរអាក់រអួលដូចកាលរៀនតាមអនឡាញទេ។ យុវជន សុខ ច័ន្ទដារ៉ា បានបន្តថា ចំពោះកាលវិភាគរៀនត្រៀមប្រឡង មានដូចជា ពេលថ្ងៃដារ៉ា ចំណាយពេលសម្រាប់ធ្វើលំហាត់វិញ្ញាសាចាស់ៗ ហើយចំណែកពេលយប់និងពេលព្រឹក ចំណាយពេលសម្រាប់មុខវិជ្ជាមេរៀន។

យុវតី សុវណ្ណ ចរិយា ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យជាស៊ីមសន្ធរម៉ុក បានថ្លែងថា រូបគេមានសង្ឃឹមជាប់ច្រើនដែរ សម្រាប់ការប្រឡងបាក់ឌុបខាងមុននេះ ព្រោះបានរៀនត្រៀមច្រើនសម្រាប់ការប្រឡងមួយនេះពេញមួយឆ្នាំ។ យុវតី សុវណ្ណ ចរិយា បានលើកឡើងថា«សម្រាប់ខ្ញុំផ្ទាល់ គិតថាការប្រឡងនឹងសំខាន់ខ្លាំង តែខ្ញុំគ្រាន់ប្រាប់ខ្លួនឯងថាការប្រឡងនេះប្រៀបដូចជាស្ថានភាពប្រលងប្រចាំខែឬឆមាស ទើបមិនសូវឲ្យយើងមានសំពាធ។ ហើយការសិក្សារបស់ខ្ញុំនៅសាលាមានភាពរលូន ខ្ញុំរៀនបានគ្រប់គ្រាន់ និងយល់ច្បាស់ពីមេរៀនដែលគ្រូបង្រៀន។

ចំណែក យុវតី គង់ កញ្ញា ជាសិស្សថ្នាក់ទី១២នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក បាននិយាយថា សម្រាប់ការប្រឡងបាក់ឌុបខាងមុននេះ ខ្លួនហាក់ដូចជាមិនមានការភ័យព្រួយខ្លាំងទេ ព្រោះខ្លួនជឿជាក់លើសមត្ថភាពរបស់ខ្លួនឯងតាមរយៈការខិតខំរៀន និងការខំស្វ័យសិក្សារបស់ខ្លួនកន្លងមក។ យុវតី គង់ កញ្ញា បាននិយាយថា « ខ្ញុំតែងតែខិតខំរៀនជារៀងរាល់ថ្ងៃ មិនថាទាំងមុខវិជ្ជាលំហាត់និងមេរៀន»។ ចំពោះកាលវិភាគសម្រាប់រៀនត្រៀមប្រឡងបាក់ឌុបរបស់យុវតី គង់ កញ្ញា ក៏មិនខុសពីសិស្សដទៃទៀតដែរ គឺជារៀងរាល់ថ្ងៃ យុវតីរូបនេះតែងតែរៀនធ្វើលំហាត់លើវិញ្ញាសាចាស់ៗដែលធ្លាប់ចេញកន្លងមក ហើយក្រៅពីនេះក៏ចំណាយពេលមើលសៀវភៅនិងទន្ទេសមេរៀនលើមុខវិជ្ជាដូចជា ភាសាខ្មែរ ជីវវិទ្យា ប្រវត្តិវិទ្យា ជាដើម។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបនៅឆ្នាំនេះនឹងត្រូវកិលកាលបរិច្ឆេទពីថ្ងៃទី៦ធ្នូទៅធ្វើនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១វិញតាមទម្រង់ដូចឆ្នាំកន្លងមក ដើម្បីទុកពេលវេលាឱ្យសិស្សរៀនបានច្រើនដើម្បីត្រៀមប្រឡង។

បើតាមលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ សម្រាប់ថាសម្រាប់ការប្រឡងបាក់ឌុបនៅឆ្នាំនេះមានបេក្ខជនដាក់ពាក្យប្រឡងចំនួន១១៥១៤៩នាក់ បេក្ខនារី៦០៦៨២នាក់, បេក្ខជនស្វៃរិន៤៣៣៤នាក់(នារី១៧៦២នាក់), បេក្ខជនបំពេញវិជ្ជា៣៤៦១នាក់ (នារី១០៥៣នាក់),បេក្ខជនស្វៃរិន-បំពេញវិជ្ជា ២០៤៣នាក់(នារី៤៦៨នាក់)ចែកជា២០៤មណ្ឌលស្មើនឹង៤៦៥២បន្ទប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង