Yearendyearend1140x150

ទូតបារាំងថ្មីប្តេជ្ញាប្រឹងប្រែងពង្រឹងទំនាក់ទំនងជាមួយកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ខាងឆ្វេង៖លោកហ្សាក់ ប៉ឺឡេត (Jacques Pellet)  ស្តាំ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបធ្វើសវនាការ។ក្នុងជំនួបនោះ ទូតបារាំងថ្មីបានប្តេជ្ញាខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

ឯកឧត្តម ហ្សាក់ ប៉ឺឡេត បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជា មានការផ្លាស់ប្តូរ និងរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ហើយទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរនឹងកានតែរីកចម្រើនថែមទៀត។លោកថា នាពេលខាងមុខឯកឧត្តមអគ្គលេខាធិការនៃប្រទេសប្រើភាសាបារាំងនឹងអញ្ជើញមកបំពេញទស្សនិច្ចនៅប្រទេសកម្ពុជា នៅខែមីនា ឆ្នាំ២០២២ ដោយអមមកជាមួយអ្នវិនិយោគិនជាច្រើន ដើម្បីឈ្វេងយល់អំពីសក្តានុពលសេដ្ឋកិច្ចនៅប្រទេស កម្ពុជា។ 

បើតាមឯកឧត្តម ហ្សាក់ ប៉ឺឡេត តាមរយៈបេកសកកម្មការទូតរបស់លោកនៅកម្ពុជា លោកត្រៀមខ្លួនជាស្រេច ដើម្បីសម្របសម្រួលកិច្ចការទាំងអស់នេះ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងនូវការអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចមានជំនឿជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ឯកឧត្តមនឹងខិតខំប្រឹងប្រែងបន្តលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាជាងនេះទៅទៀត។

សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវសេចក្តីសប្បាយរីករាយដោយបានមើលឃើញថា ទំនាក់ទំនងរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនឥតឈប់ឈរ។ ទំនាក់ទំនងដ៏ល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមករវាងថ្នាកដឹកនាំជាតិកំពូលៗ មន្រ្តីជាន់ខ្ពស់គ្រប់ លំដាប់ថ្នាក់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ទន្ទឹមនេះ ប្រទេសទាំងពីរបានបន្តគាំទ្រគ្នាជាបន្តបន្ទាប់ នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។

សម្តេចបានថ្លែងអរគុណដល់រដ្ឋាភិបាលបារាំង ដែលបានជួយអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសបារាំងជាច្រើននាក់ និងបណ្តុះបណ្តាលភាសាបារាំងនៅវិទ្យាស្ថានភាសាបារាំងនៅកម្ពុជា។ ដោយឡែកសម្រាប់ឆ្នាំសិក្សា២០២១-២០២២ បារាំងបានផ្តល់អាហារូបករណ៍ចំនួន ៥០ កន្លែងបន្ថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ ជិតស្និទជាមួយនឹងឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតបារាំងប្រចាំកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង