Yearendyearend1140x150

លោក ប៉ាន់ ខែមម៉ានូ រំភើបក្រោយក្លាយជាតួឯកសម្តែងបង្ហាញពីខ្សែជីវិតពិតសម្តេចហ៊ុន សែន

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ តួឯកប្រុសក្នុងរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គឺលោក ប៉ាន់ ខែមម៉ានូ អាយុ២៩ឆ្នាំ មានស្រុកកំណើនមកពីខេត្តតាកែវ។ កាលពីពេលថ្មីៗនេះ លោកត្រូវបានជ្រើសរើសឲ្យសម្តែងជាតួអង្គសំខាន់តំណាងសម្តេច ហ៊ុន សែន ក្នុងរឿងដែលឆ្លុះបញ្ចាំងពីខ្សែជីវិតពិតរបស់ថ្នាក់ដឹកនាំប្រទេសដ៏ល្បីគឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងសម័យសង្រ្គាម។

យ៉ាងណាមិញ ងាកមកមើលពីប្រវត្តិការងារសិល្បៈរបស់លោក ប៉ាន់ ខែមម៉ានូ គឺមិនធម្មតានោះទេ គឺលោកមាននិស្ស័យខាងសិល្បៈតាំងពីនៅវ័យកុមារមកម្ល៉េះ។ ឪពុករបស់លោកមានឈ្មោះ ប៉ាន់ សេរីវុឌ្ឍ ជាអតីតប្រធានការិយាល័យសិល្បៈទស្សនីយភាព នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ។ លោកឪពុកបានបង្ហាត់បង្រៀនលោកតាំងពីតូចមកនូវការសម្តែងល្ខោនយីកេ និងល្ខោនបាសាក់ ហើយលោកក៏ធ្លាប់បានសម្តែងជាតួឯកក្នុងល្ខោនយីកេ«រឿងសុវណ្ណសាម»ថតនៅឆ្នាំ២០០៧ នៅទូរទស្សន៍ជាតិកម្ពុជា។ នៅឆ្នាំ២០១០ លោកបានចូលប្រឡងចម្រៀងនៅស្ថានីយទូរទស្សន៍បាយ័ន ផ្នែកយីកេ ទទួលបានជ័យលាភីកិត្តិយស។

ថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ លោក ប៉ាន់ ខែមម៉ានូ បានឲ្យដឹងថា មុននឹងឈានដល់ការសម្តែងរឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គឺលោកធ្លាប់ថតបទចម្រៀងជីវិតពិតរបស់សម្តេច ហ៊ុន សែន គឺបទចម្រៀងដែលមានចំណងជើងថា«កម្សត់កូនពុក»។ លោកបន្តថា តាមរយៈបទពិសោធន៍ការងារសិល្បៈដែលលោកបានប្រឡូកកន្លងមកនេះ គឺជាដើមទុនក្នុងការសម្តែងរឿង។ អ្វីដែលសំខាន់គឺលោកទទួលបានដើមទុននៃការសម្តែងសិល្បៈពីបងប្រុសរបស់លោកពីរនាក់ដែលមានឈ្មោះ ប៉ាន់ ខែមប៊ុនថន និង ប៉ាន់ ខែមវឌ្ឍនា ដែលជាអ្នកជួយណែនាំបង្ហាត់លោកឲ្យដើរលើវិស័យសិល្បៈនេះ។

លោក ប៉ាន់ ខែមម៉ានូ បានបញ្ជាក់ថា រឿង«កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នេះចាប់ផ្តើមដំណើរការថតកាលពីថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២១។ ចំពោះរយៈពេលនៃការថតរឿងនេះ នឹងចំណាយពេលជាបណ្តោះអាសន្នយ៉ាងលឿនបំផុតគឺរយៈពេល១២ខែកន្លះ។ លោកបន្តថា ក្នុងការសម្តែងតួអង្គក៏មានការហ្វឹកហាត់ជាច្រើន ព្រោះរឿងនេះគឺជាប្រទេសរឿងឆ្លុះបញ្ចាំងការពិតការធ្វើសឹកសង្រ្គាម ទាក់ទងនឹងការយកជីវិតធ្វើជាដើមទុន និងការឆ្លងកាត់គ្រោះថ្នាក់ ឧបសគ្គជាច្រើន ឆ្លងកាត់ព្រៃ ទឹក ជាដើម។ ដូច្នេះតួសម្តែងត្រូវហ្វឹកហាត់ខ្លួនសម្របសម្រួលឲ្យត្រូវទៅនឹងអត្ថន័យនៃសាច់រឿង ជាពិសេសត្រូវសម្តែងតាមចរិតលក្ខណៈផ្ទាល់របស់សម្តេចតេជោ។

បើតាមលោក ប៉ាន់ ខែមម៉ានូ បានថ្លែងថា ការផ្លាស់ប្តូរអាជីពជាអ្នកចម្រៀង និងសម្តែងបែបបុរាណ មកថតខ្សែភាពយន្តគឺជាការងារថ្មីសម្រាប់លោក ក៏ប៉ុន្តែដោយសារលោកមាននិស្ស័យខាងសិល្បៈនៃការសម្តែងតាំងពីវ័យក្មេង ហើយងាកមកសម្តែងសម័យ អាចថានេះក៏វាជារឿងលំបាកផង និងជារឿងងាយស្រួលផង ក៏ប៉ុន្តែលោកត្រូវសម្របខ្លួនឲ្យត្រូវទៅតាមរឿងសម័យ។ ហើយអ្វីដែលសំខាន់គឺរឿងសម័យបែបប្រវត្តិសាស្ត្រឆ្លុះបញ្ចាំងការពិត ដូច្នេះវាក៏ជារឿងមួយដែលទាមទាឲ្យលោកមានការហ្វឹកហាត់បន្ថែមទៀត។

ជាមួយគ្នានេះ លោក ប៉ាន់ ខែមម៉ានូ បានសម្តែងនូវចំណាប់អារម្មណ៍សប្បាយរីករាយ និងជាមហាកិត្តិយសដ៏ធំធេងដែលសម្តេចលោកបានពេញចិត្តដោយផ្ទាល់ដោយឲ្យលោកបានដើរតួតំណាងសម្តេច សម្តែងបង្ហាញពីខ្សែជីវិតពិតរបស់សម្តេច ហើយក៏ជារឿងកុនបែបប្រវត្តិសាស្ត្រដ៏ធំមួយ ដែលជាលើកទីមួយសម្រាប់ប្រវត្តិសាស្ត្រប្រទេសកម្ពុជា ឆ្លុះបញ្ជាំងពីខ្សែជីវិតពិតរបស់ថ្នាក់ដឹកនាំប្រទេសដ៏ល្បីគឺសម្តេចតេជោ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង