Yearendyearend1140x150

តើខណ្ឌជ្រោយចង្វារអាចក្លាយជាតំបន់ពាណិជ្ជកម្ម (CBD) នៃក្រុងភ្នំពេញដែរឬទេ?

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខណ្ឌជ្រោយចង្វារមានទីតាំងស្ថិតនៅភាគខាងជើងនៃទីក្រុងភ្នំពេញ ដែលមានប្រជាជនសរុបជាង១៥៩,០០០នាក់។ ខណ្ឌនេះមានផ្ទៃដីសរុបជាង៨៥គីឡូម៉ែត្រការ៉េ ហើយចែកចេញជា៥សង្កាត់គឺ៖ សង្កាត់ជ្រោយចង្វារ បាក់ខែង ព្រែកលៀប កោះដាច់ និងព្រែកតាសេក

ក្នុងចំណោមតំបន់ជាយក្រុងទាំងអស់ក្នុងរាជធានីភ្នំពេញ ជ្រោយចង្វារត្រូវបានចាត់ទុកថាជាខណ្ឌដែលមានការអភិវឌ្ឍន៍លឿនជាងគេខាងវិស័យអចលនទ្រព្យ។ ទន្ទឹមនឹងនេះ ខណ្ឌមួយនេះបានទាក់ទាញនូវគម្រោងវិនិយោគជាច្រើនរួមមាន៖ ទីក្រុងរណប Garden City ទីក្រុងរណបជ្រោយចង្វារ គម្រោងខុនដូ បុរី និងដីឡូតិ៍ជាដើម។

ជ្រោយចង្វារអាចក្លាយជាតំបន់ពាណិជ្ជកម្ម (CBD) បន្ទាប់របស់រាជធានីភ្នំពេញ

អ្នកស្រី តាំង ហួរ អគ្គនាយិការក្រុមហ៊ុន Amatak Property Service Co.,Ltd. មានប្រសាសន៍ថា៖ ជ្រោយចង្វារជាខណ្ឌអំណោយផលដល់គម្រោងលំនៅឋាន ដែលអមដោយទន្លេពីរគឺទន្លេសាប និងទន្លេមេគង្គ។ ដោយផ្អែកលើសក្ដានុពលនៃគម្រោងអភិវឌ្ឍន៍ ខណ្ឌនេះអាចនឹងក្លាយជាតំបន់ពាណិជ្ជកម្មថ្មី (CBD) នៃរាជធានីភ្នំពេញនាពេលខាងមុខ បន្ទាប់ពីខណ្ឌចំការមន បឹងកេងកង ដូនពេញ ៧មករា និងខណ្ឌទួលគោក

អ្នកស្រីបានបន្តថា៖ បើនិយាយអំពីការអភិវឌ្ឍន៍អចលនទ្រព្យ ខណ្ឌជ្រោយចង្វារបានទាក់ទាញគម្រោងខុនដូប្រណិតៗជាច្រើនដូចជា គម្រោង MORGAN ENMAISON ដែលមានអគារសរុបចំនួនប្រាំ៖ ពីរអគារមានកម្ពស់៤៨ជាន់ និង៣ផ្សេងទៀតមាន៥៤ជាន់ ខុនដូ WEALTH MANSION កម្ពស់៤៥ជាន់ ខុនដូ LA VISTA ONE កម្ពស់៤១ជាន់ និងគម្រោងខុនដូ The Peninsular Private Residence មានកម្ពស់២៥ជាន់។

ក្រៅពីខុនដូ ជ្រោយចង្វារមានគម្រោងលំនៅឋានកម្រិតមធ្យមដល់កម្រិតខ្ពស់ជាច្រើនរួមមាន បុរីដឹមេគង្គរ៉ូយ៉ាល់ បុរីប៉េងហួត ផាកលែន៦A ដោយក្រុមហ៊ុមជីប ម៉ុងលែន បុរីភ្នំពេញផាក បុរីម័រហ្គែនផាកវីឡា បុរីណាឌី បុរីឌឹផ្លរ៉ា និងមានគម្រោងលំនៅឋានជាច្រើនទៀត។ ចំណែកគម្រោងលំនៅឋានតម្លៃសមរម្យ បុរី ឡេង ណាវ៉ាត្រា ក៏បានបើកដំណើរការគម្រោងដ៏ធំបំផុតនៅក្នុងខណ្ឌនេះផងដែរ ជាមួយនឹងតម្លៃទាបបំផុតដោយចាប់ផ្ដើមត្រឹម ៣ម៉ឺនដុល្លារក្នុងមួយយូនីត។

តម្លៃដីនៅខណ្ឌជ្រោយចង្វារ

ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃខណ្ឌជ្រោយចង្វារបានជំរុញឱ្យតម្លៃដីធ្លីកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បើទោះបីជាមានផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ-១៩យ៉ាងណាក្ដី។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានក្នុងស្រុក លោក ម៉ែន វិជ្ជាកា នាយកសាខាក្រុមហ៊ុន Century 21 Zillion Holding មានប្រសាសន៍ថា តម្លៃដីនៅខណ្ឌជ្រោយចង្វារបានបន្តកើនឡើង ដោយសារតែមានលំហូរនៃការអភិវឌ្ឍន៍អចលនទ្រព្យក្នុងតំបន់នេះ ជាពិសេសគម្រោងបុរី និងខុនដូ។

ក្នុងខណ្ឌជ្រោយចង្វារមានសង្កាត់ចំនួនពីរ ដែលតម្លៃដីទាបជាងសង្កាត់ចំនួនបីផ្សេងទៀតគឺសង្កាត់បាក់ខែង និងកោះដាច់។ តម្លៃដីនៅបាក់ខែងអាចរកបានពី ២០០ ទៅ ៨០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនៅតាមដងផ្លូវធំៗ និងពី៨០ ទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េនៅតាមផ្លូវលំតូចៗ ខណៈតម្លៃដីនៅកោះដាច់មានតម្លៃចាប់ពី ៥០ ទៅ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េអាស្រ័យលើទីតាំង។ លោកបានបន្ថែមថា តម្លៃដីក្នុងសង្កាត់ទាំងពីរនេះមានអត្រាក្នុងការឡើងថ្លៃខ្ពស់ប្រចាំឆ្នាំ។

សង្កាត់ចំនួនបីផ្សេងទៀតដូចជាសង្កាត់ជ្រោយចង្វារមានតម្លៃដីចាប់ពី ៨០០ ទៅ ៣.៥០០ដុល្លារ ព្រែកលៀប ២០០ ទៅ ២.៥០០ដុល្លារ និងព្រែកតាសេក ៨០ ទៅ ៨០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅលើទីតាំងសក្តានុពលរបស់សង្កាត់នីមួយៗ។

ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខណ្ឌជ្រោយចង្វារ

គម្រោងហេដ្ឋារចនាសម្ព័ន្ធត្រូវបានសាងសង់ និងគ្រោងសាងសង់ដើម្បីឆ្លើយតបទៅនឹងល្បឿននៃការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅក្នុងខណ្ឌជ្រោយចង្វារ។ ជាក់ស្ដែង រោងចក្រប្រព្រឹត្តិកម្មទឹកកង្វក់ក្នុងសង្កាត់បាក់ខែងបានចាប់ផ្ដើមសាងសង់នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១មកម្លេះ ដោយចំណាយថវិកាប្រមាណ១៩០លានដុល្លារអាមេរិក។

គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកង្វក់ដ៏ធំមិនធ្លាប់មានក្នុងប្រទេសកម្ពុជា នឹងត្រូវអនុវត្តជាពីរដំណាក់កាល៖ ដំណាក់កាលទីមួយអាចផលិតទឹកស្អាតបានរហូតដល់ ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃនៅត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ និងដំណាក់កាលទីពីរ ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃនៅត្រឹមត្រីមាសទីមួយនៃឆ្នាំ២០២៤។

 

ទន្ទឹមនឹងនេះ ផ្លូវថ្មីចំនួន២ខ្សែក្នុងខណ្ឌនេះក៏មានក្នុងគម្រោងរបស់រដ្ឋាភិបាលដែរ។ នៅក្នុងកិច្ចប្រជុំតាមប្រពន្ធវីដេអូ zoom នៅខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងសាងសង់ផ្លូវចំនួនពីរបន្ថែមទៀត ក្នុងសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ដោយតភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅមហាវិថីឈ្នះ-ឈ្នះ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មានប្រសាសន៍ថា ផ្លូវទាំងពីរខ្សែនេះ នឹងសម្រួលចរាចរណ៍ក្នុងខណ្ឌជ្រោយចង្វារ ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ៦A ហើយនឹងប្រើប្រាស់សម្រាប់សម្រួលការធ្វើដំណើរទៅកាន់ពហុកីឡាដ្ឋានមរតកតេជោ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣។

សម្រាប់ព័ត៌មានអភិវឌ្ឍន៍អចលនទ្រព្យ ឬស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួល សូមចូលទៅកាន់គេហទំព័រ ឬទាញយកកម្មវិធីទូរសព្ទដៃរបស់ Harbor Property ៕

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗ សូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633

WeChat: HB066886633

ប្រភព៖  Harbor Property

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង