សៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ១៤ ធ្នូនេះ បានចាប់ផ្តើមធ្វើពិធីបួងសួងនៅមុខប្រាសាទអង្គរវត្ត សម្រាប់បើកព្រឹត្តិការណ៍រំលឹកគុណអង្គរ។ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ។
ព្រឹត្តិការណ៍«រំលឹកគុណអង្គរ»រៀបចំនៅមុខ ប្រាសាទអង្គរវត្ត បរិវេណខាងមុខប្រាសាទភ្នំបាខែង និងព្រះលានជល់ដំរីដោយរៀបចំឱ្យមានទស្សនីយភាពជាច្រើនដូចជា កម្មវិធីបែបសាសនាសំខាន់ៗ ការតាំងពិព័រណ៍ បង្ហាញសមិទ្ធផលការងាររយ:ពេល២៩ឆ្នាំកន្លងមករបស់អាជ្ញាធរជាតិអប្សរា និង ស្នាដៃសិល្បៈផ្សេងៗដែលជាទំនៀមទម្លាប់ប្រពៃណី កម្មវីធីសម្តែងសិល្បៈ ដូចជា ការសម្តែងល្ខោនស្បែកធំ ល្ខោនបាសាក់ដែលសុទ្ធតែមានសារសំខាន់សម្រាប់បង្ហាញជូនសាធារណជនទស្សនា និងកម្មវិធីរាប់បាតព្រះសង្ឃ។
ក្រៅពីពិធីបួងសួងដែលជាពិធីសាសនាដ៏ធំមួយនៅបរិវេណមុខប្រាសាទអង្គរវត្ត ក៏មានពិធីរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គ ក្នុងគោលបំណងរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និង បុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ។
សូមជម្រាបថា ពិធី«រំលឹកគុណអង្គរ»មានរយៈពេល៥ថ្ងៃ ហើយចាប់បើកជាផ្លូវការនៅថ្ងៃទី៤ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២១។មុនព្រឹត្តិការណ៍«រំលឹកគុណអង្គរ»ចាប់ផ្តើម អាជ្ញាធរជាតិអប្សរា សហការជាមួយលោកជំទាវ សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍ រៀបចំពិធីក្រុងពាលី ប្រារព្ធពិធីបុណ្យដឹងគុណមហាវីរៈដូនតា ដែលធ្វើឡើងនៅបរិវណខាងមុខប្រាសាទភ្នំបាខែងផងដែរ៕
រូបភាព៖អាជ្ញាធរជាតិអប្សរា


